ក្ដៅ !! អង្គការ Unicef ថាការបើកសាលារៀនឡើងវិញ មិនអាចពន្យាពេលបន្តទៀតទេ ព្រោះបណ្តាលឲ្យ….
លោកតាកេហ្ស៊ី កាសៃ នាយកអង្គការសុខភាពពិភពលោកប្រចាំតំបន់អាស៊ីភាគខាងលិច និង អ្នកស្រី ការីន ហ៊ុលហ្សហ្វ នាយិកាយូនីសេហ្វ ប្រចាំតំបន់អាស៊ីខាងកើត និងប៉ាស៊ីហ្វិក៖ ការបើកសាលារៀនឡើងវិញ មិនអាចពន្យាពេលបន្តទៀតទេ។
ក្នុងពេលដែលការរាតត្បាតជាសកលនៃជំងឺកូវីដ-១៩ បានចូលមកដល់ឆ្នំាទីពីរ ការបើកដំណើរការសាលារៀនឡើងវិញប្រកបដោយសុវត្ថិភាព បានក្លាយជាអាទិភាពបន្ទាន់មួយ។ ការរៀននៅក្នុងសាលា មានសារៈសំខាន់យ៉ាងខ្លាំងសម្រាប់ការអប់រំរបស់កុមារ និងសក្តានុពលសម្រាប់ជីវិតពួកគេ។ ការខាតបង់រយៈពេលវែងចេញពីការបិទទ្វារសាលារៀន មានទំហំធំធេងក្រៃលែង ទាំងសម្រាប់កុមារម្នាក់ៗ និងសម្រាប់សង្គមទាំងមូល ដែលពិបាកនឹងលើកហេតុផលណាមួយសម្រាប់ការបន្តបិទទ្វារសាលារៀនទៀត។
ចាប់តាំងពីពេលមានជំងឺរាតត្បាតកូវីដ-១៩នេះ ភស្តុតាងបានបង្ហាញថាជំងឺនេះ ពុំបានបង្កហានិភ័យខ្ពស់ដល់កុមារនោះឡើយ ហើយសាលារៀនមិនមែនជាកត្តានាំឲ្យមានការចម្លងក្នុងសហគមន៍ជុំវិញផងដែរ។ យើងក៏បានប្រមូលផ្តុំនូវចំណេះដឹងជាច្រើនអំពីរបៀបកាត់បន្ថយហានិយភ័យចំពោះកុមារ គ្រូបង្រៀន និងគ្រួសាររបស់ពួកគេ។ តាមរយៈការប្រើប្រាស់ចំណេះដឹងនេះ យើងទាំងអស់គ្នាចាំបាច់ត្រូវធ្វើការងារជាបន្ទាន់ ដើម្បីឈានទៅបើកសាលារៀនឡើងវិញប្រកបដោយសុវត្ថិភាព ដើម្បីការពារអនាគតកូនៗរបស់យើង។
ការបិទទ្វារសាលារៀនអូសបន្លាយរយៈពេលយូរ បង្កផលប៉ះពាល់យ៉ាងច្រើន មិនត្រឹមតែមកលើការទទួលបានជំនាញរបស់កុមារ និងសក្តានុពលរបស់ពួកគេក្នុងការរកចំណូលប៉ុណ្ណោះទេ ថែមទាំងលើសុខភាពផ្លូវកាយ និងសុខភាពផ្លូវចិត្តរបស់ពួកគេផងដែរ។ ខណៈពេលដែលការបង្រៀនតាមប្រព័ន្ធអនឡាញអាចជួយឲ្យកុមារមួយចំនួននៅតែបន្តការរៀនសូត្របាន សេវាទាំងនេះមិនអាចជំនួសឲ្យការរៀនផ្ទាល់បានឡើយ។ លើសពីនេះ លទ្ធភាពរៀនតាមប្រព័ន្ធអនឡាញនៅពុំទាន់មានសម្រាប់គ្រប់គ្នា ដោយកុមារជួបការលំបាក រួមទាំងកុមារមានពិការភាព កុមាររងផលប៉ះពាល់ពីការធ្វើចំណាកស្រុក និងក្រុមកុមារភាគតិចដែលពុំសូវទទួលបានការគាំទ្រ ត្រូវទទួលរងការខាតបង់ការសិក្សា ព្រោះពួកគេពុំមានលទ្ធភាពទទួលបានការអប់រំតាមប្រព័ន្ធឌីជីថល។
ភស្តុតាង បង្ហាញពីការកើនឡើងនូវការថប់បារម្ភក្នុងចិត្ត ការធ្លាក់ទឹកចិត្ត និងការបង្កគ្រោះថ្នាក់ដល់ខ្លួនឯង ក្នុងចំណោមកុមារដែលដល់វ័យចូលរៀន ចាប់តាំងពីពេលជំងឺរាតត្បាតជាសកលនេះកើតឡើង។ កុមារដែលមិនបានទៅរៀនក្នុងថ្នាក់ផ្ទាល់ ក៏ជួបប្រទះនឹងភាពឯកាកាន់តែច្រើនជាងមុន ពិបាកផ្ចង់អារម្មណ៍ និងមានអារម្មណ៍ថប់បារម្ភពាក់ព័ន្ធនឹងការរៀនសូត្រក្នុងកម្រិតខ្ពស់ផងដែរ។ បញ្ហាទំាងនេះនឹងរឹតតែធ្ងន់ធ្ងរទៅៗ នៅពេលសាលារៀនត្រូវបន្តបិទទ្វារកាន់តែយូរ។
ការបិទទ្វារសាលារៀនក៏នាំឲ្យមានការថយចុះនូវសកម្មភាពការសិក្សា បង្កើតទម្លាប់ញ៉ាំអាហារមិនល្អ និងបង្កការរំខានដល់ដំណេក។ សម្រាប់កុមារមួយចំនួន ការចំណាយពេលនៅផ្ទះនាំឲ្យហានិភ័យប្រឈមនឹងអំពើហិង្សាមានការកើនឡើង ហើយការចំណាយពេលកាន់តែយូរជាមួយនឹងអេក្រង់នាំឲ្យហានិភ័យទទួលរងការរំលោភបំពានតាមប្រព័ន្ធអនឡាញកាន់តែកើនឡើង។ ជាមួយនឹងការបិទទ្វារសាលារៀន ច្រកផ្លូវសំខាន់ៗដើម្បីកំណត់ និងរាយការណ៍ពីករណីរំលោភបំពាន និងបញ្ហាសុខភាពផ្លូវចិត្ត ក៏ត្រូវបិទជិតផងដែរ។
ក្នុងប្រទេសកំពុងអភិវឌ្ឍន៍នៅអាស៊ីជិតពាក់កណ្តាល សាលារៀនបានបិទទ្វារជាង ២០០ ថ្ងៃហើយ ក្នុងអំឡុងពេលនៃការរាតត្បាតជាសកលនៃជំងឺនេះ។ តំបន់នេះគួរត្រៀមខ្លួនទប់ទល់នឹងការថយចុះនូវជំនាញអំណាន និងគណិតវិទ្យារបស់កុមារ ទាំងនៅកម្រិតមត្តេយ្យសិក្សា និងបឋមសិក្សា ក៏ដូចជាគម្លាតលទ្ធផលសិក្សាកាន់តែធំរវាងកុមារជួបការលំបាក និងកុមារមានលទ្ធភាព។
ធនាគារអភិវឌ្ឍន៍អាស៊ីបានព្រមានថា ការខាតបង់ការរៀនសូត្រ ដែលបង្កឡើងដោយសារការបិទទ្វារសាលាអូសបន្លាយពេលយូរ នឹងនាំឲ្យផលិតភាព ព្រមទាំងលទ្ធភាពរកចំណូលពេញមួយជីវិតរបស់សិស្សដែលរងផលប៉ះពាល់នៅក្នុងតំបន់នេះ ក្នុងកម្រិតមួយគួរឲ្យកត់សម្គាល់នាពេលអនាគត។ ធនាគារអភិវឌ្ឍន៍អាស៊ីបានប៉ាន់ប្រមាណថា តម្លៃបច្ចុប្បន្ននៃការខាតបង់នេះគឺស្មើនឹង ១,២៥ ទ្រីលានដុល្លារ ឬ ៥,៤% នៃផសស ឆ្នាំ ២០២០ របស់តំបន់នេះ។ គោលដៅអភិវឌ្ឍន៍ចីរភាពឆ្នាំ២០៣០ សម្រាប់ការអប់រំ កំពុងតែជួបការលំបាករួចទៅហើយ មុនពេលដែលមានជំងឺរាតត្បាតជាសកលនេះ។ ឥឡូវនេះ យូនីសេហ្វ និងយូណេស្កូ ប៉ាន់ប្រមាណថាថវិកាអប់រំនៅក្នុងតំបន់នេះចាំបាច់ត្រូវកើនឡើងយ៉ាងហោចណាស់ ៧% ទើបអាចភ្ជាប់គម្លាតនេះ ដើម្បីសម្រេចតាមចំណុចដៅទាំងនេះ។
បើទោះជាការបិទទ្វារសាលារៀននាំឲ្យមានការខាតបង់យ៉ាងច្បាស់ក៏ដោយ ប្រទេសជាច្រើននៅតែអល់អែកក្នុងការបើកសាលារៀនឡើងវិញ ដោយភ័យខ្លាចមានការកើនឡើងនូវករណីឆ្លងជំងឺនេះ។ ប៉ុន្តែនៅពេលនេះ យើងគួរផ្តោតការយកចិត្តទុកដាក់លើការប្រើប្រាស់ចំណេះដឹងដែលយើងដឹងអំពីជំងឺកូវីដ-១៩ និងកុមារ ដើម្បីខិតខំរិះរកវិធីបើកដំណើរការសាលារៀនឡើងវិញប្រកបដោយសុវត្ថិភាព។
នៅទូទាំងសកលលោក ករណីឆ្លងលើកុមារមាននៃជំងឺកូវីដ-១៩ ដែលត្រូវបានបញ្ជាក់ថាមានចំនួន ភាគរយតិចតួចបំផុត។ កុមារដែលស្ថិតនៅក្នុងវ័យរៀននៅបឋមសិក្សា និងកុមារតូចៗជាងនេះស្ថិតនៅក្នុងចំណោមក្រុមកុមារ ដែលទំនងជាអាចឆ្លងជំងឺនេះក្នុងកម្រិតតិចតួចបំផុត។ ហើយសូម្បីតែនៅពេលដែលពួកគេឆ្លងជំងឺកូវីដ-១៩ ក៏ដោយ ពួកគេច្រើនតែមានរោគសញ្ញាស្រាលជាងមនុស្សពេញវ័យ(ដូច្នេះហើយទើបកុមារទាំងនេះពុំបានរួមចំណែកធំដុំដល់ភាគរយនៃករណីសម្រាកព្យាបាលនៅមន្ទីរពេទ្យ ឬករណីបាត់បង់ជីវិតដែលត្រូវបានរាយការណ៍)។ ការសិក្សាលើកុមារមកពីសាធារណៈរដ្ឋកូរ៉េ បានបង្ហាញថាកុមារដែលឆ្លងជំងឺនេះ មាន លទ្ធភាពតិចតួចក្នុងការចម្លងមេរោគនេះទៅកាន់មនុស្សដទៃ។
ជារួម សាលាបឋមសិក្សា សាលាមត្តេយ្យសិក្សា និងមជ្ឈមណ្ឌលអភិវឌ្ឍន៍កុមារតូច មិនមែនជាទីកន្លែងដែលមានហានិភ័យខ្ពស់នាំឲ្យមានការឆ្លងជំងឺនេះឡើយ ជាពិសេសប្រសិនបើមានការអនុវត្តតាមវិធានការសុវត្ថិភាពឲ្យបានសមស្រប។ កម្រិតនៃការឆ្លងជំងឺនៅទីកន្លែងទាំងនេះ ត្រូវបានរកឃើញថាឆ្លុះបញ្ចាំងនឹងកម្រិតចម្លងនៅក្នុងសហគមន៍ជុំវិញផងដែរ។
ករណីលើកលែងដែលអាចមានគឺ សាលាមធ្យមសិក្សា (វិទ្យាល័យ) ដែលកន្លងមកករណីផ្ទុះជំងឺមានច្រើនជាងនៅសាលាបឋមសិក្សា។ ដោយសារតែក្មេងជំទង់ហាក់បីដូចជាអាចចម្លងមេរោគនេះដូចគ្នានឹងមនុស្សពេញវ័យដែរ ការបិទផ្នែកខ្លះនៃសាលាមធ្យមសិក្សាគួរនៅតែជាជម្រើស ប៉ុន្តែគួរតែជាវិធានការចុងក្រោយ និងបិទតែរយៈពេលមួយមានកំណត់នៅពេលករណីឆ្លងនៅក្នុងសហគមន៍កំពុងកើនឡើង។ នៅពេលដែលសាលារៀនត្រូវបានបង្ខំឲ្យបិទទ្វារជាបណ្តោះអាសន្ន វិធានការបិទនេះត្រូវអនុវត្តស្របគ្នា និងវិធានការសុខភាពសាធារណៈ និងវិធានការសង្គមដទៃទៀតដែលអនុវត្តនៅកម្រិតសហគមន៍។
ប៉ុន្តែជារួម ភស្តុតាងបង្ហាញយ៉ាងលើសលុប ពីភាពចាំបាច់ដែលសាលារៀន ជាពិសេស សាលាមត្តេយ្យសិក្សា និងបឋមសិក្សា ត្រូវបើកដំណើរការឡើងវិញ។ ភាពចាំបាច់បែបនេះក៏មានចំពោះមជ្ឈមណ្ឌលអភិវឌ្ឍន៍កុមារតូចផងដែរ។ និយាយបែបនេះ មិនមែនមានន័យថាគ្មានហានិភ័យទាល់តែសោះនោះទេ។ ប៉ុន្តែហានិភ័យទាំងនេះ គឺជាអ្វីដែលគេអាចគ្រប់គ្រងបាន នៅពេលដែលមានការដាក់ឲ្យអនុវត្តនូវយុទ្ធសាស្ត្រកាត់បន្ថយហានិភ័យច្បាស់លាស់។ សេចក្តីណែនាំស្តីពីកាបើកសាលារៀនក្នុងអំឡុងពេលដែលមានការរាតត្បាតជាសកល របស់អង្គការសុខភាពពិភពលោក មានបញ្ចូលវិធានការជាច្រើន ដើម្បីកាត់បន្ថយការប្រឈមនឹងការចម្លងជំងឺកូវីដ-១៩។ វិធានការទាំងនេះ រួមមាន ការអនុវត្តអនាម័យផ្ទាល់ខ្លួន ការពាក់ម៉ាស់ឲ្យបានត្រឹមត្រូវ ការរក្សាគម្លាតសុវត្ថិភាព ការប្រាស្រ័យទាក់ទងដោយបានច្បាស់លាស់និងមានសង្គត្តិភាព ជាមួយនឹងមាតាបិតា និងកុមារ ដើម្បីធានាឲ្យមានការគោរពតាមវិធានការទាំងនេះ ទំាងនៅក្នុងថ្នាក់រៀន ទាំងនៅក្នុងអំឡុងពេលធ្វើសកម្មភាពក្រៅម៉ោងសិក្សា ក៏មានសារៈសំខាន់ដូចគ្នាផងដែរ។
អ្នកតាក់តែងគោលនយោបាយត្រូវពិចារណាពីបរិបទនៅតាមមូលដ្ឋាននីមួយៗនៅពេលបើកដំណើរការការរៀនសូត្រនៅក្នុងសាលាឡើងវិញ ដូចជាកត្តានៃកម្រិតការឆ្លងក្នុងសហគមន៍ និងសមត្ថភាពឆ្លើយតបចំពោះការកើនឡើងនៅករណីឆ្លងជាដើម។ នៅតាមទីកន្លែងមួយចំនួន សេវាសុខភាព និងសេវាអប់រំ ត្រូវការធនធានបន្ថែម ដើម្បីអនុវត្តវិធានការសុវត្ថិភាពដែលចំាបាច់ទាំងនេះ។
ការបន្តប្រុងប្រយ័ត្ន និងគោរពតាមវិធានការទាំងនេះ សុទ្ធតែមានសារៈសំខាន់មិនត្រឹមតែសម្រាប់សាលារៀនប៉ុណ្ណោះទេ ថែមទាំងសម្រាប់កិច្ចខិតខំប្រឹងប្រែងជារួមរបស់យើង ដើម្បីទប់ស្កាត់ជំងឺកូវីដ-១៩ ផងដែរ រួមទាំងបង្ការការកកើត និងឆ្លងសាយភាយនៃពពួកមេរោគបំប្លែងខ្លួនថ្មីផងដែរ។
ដណឹងល្អ គឺការបើកសាលារៀនឡើងវិញ មិនអាស្រ័យលើការមានវ៉ាក់សាំងនោះឡើយ។ ពេលនេះ យើងចាំបាច់ត្រូវធ្វើការងារ ដើម្បីឈានទៅចាប់យក “គន្លងថ្មី” ប្រកបដោយចីរភាព ។ ខណៈពេលដែល ហានិភ័យទាបពេលដែលកុមារស្ថិតនៅក្នុងសាលារៀន គឺជាស្ថានភាពដែលងាយស្រួលគ្រប់គ្រង ផលវិបាកដែលកើតឡើងដោយសារតែពួកគេនៅក្រៅសាលា គឺមានកម្រិតធ្ងន់ធ្ងរ និងនៅដិតដាមយូរអង្វែង។ នេះគឺជាពេលវេលា ដែលខ្លោងទ្វារសាលារៀនត្រូវបើកឡើងវិញហើយ។
Comments are closed, but trackbacks and pingbacks are open.