ល្បីពលរដ្ឋអស់លុយម្នាក់ ៦ ម៉ឺនរៀលធ្វើតេស្តកូវីដ ពេលនេះក្រុមការងារបានចុះ
ថ្មីៗនេះ មានគេហទំព័រហ្វេសបុកមួយឈ្មោះ Fun Moments បានបង្ហោះជាវីដេអូ រួមជាមួយខ្លឹមសារថា «យកសំណាកអស់ចំនួន ៦០០០០៛ សូម្បីតែកូនក្មេងក៏យកដែរ» ដែលក្នុងវីដេអូនោះ បានបង្ហាញពីការសោកស្ដាយរបស់ប្រជាពលរដ្ឋ ដែលត្រូវចំណាយលុយដើម្បីធ្វើតេស្តរកមេរោគកូវីដ-១៩ ក្នុងម្នាក់ចំនួន ៦ ម៉ឺនរៀល ។
ជុំវិញរឿងនេះ នៅថ្ងៃទី ២៤ ខែមិថុនា ឆ្នាំ ២០២១ នេះ ក្រុមការងារព័ត៌មាន និង ប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល ក្រោយបានទទួលដំណឹង បានចុះស្រាវជ្រាវករណីខាងលើភ្លាមៗ នៅភូមិត្រពាំងធ្នង់ ឃុំម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្តាល ដោយសាកសួរព័ត៌មានពលរដ្ឋ ជុំវិញករណីខាងលើនេះ ទើបដឹងថា ៖
-មានប្រជាពលរដ្ឋ បានពាក់ព័ន្ធជំងឺកូវីដ-១៩ ហើយបានដាក់ឱ្យធ្វើចត្តាឡីស័ក នៅតាមផ្ទះ ចំនួន ២០ គ្រួសារ មានមនុស្ស ៨៩ នាក់ ស្រី ៤២ នាក់ ក្នុងនោះបានទៅមន្ទីរពេទ្យបង្អែកអង្គស្នួល យកសំណាក ចំណាយលុយ ៦០,០០០ រៀលក្នុងម្នាក់ៗ សរុប ៣៩ នាក់ = ២,៣៤០,០០០ រៀល ។
ក្រោយមានហេតុការណ៍បែបនេះ នៅថ្ងៃទី ២៤ ខែមិថុនា ឆ្នាំ ២០២១ ឯកឧត្តម សុខចិន្តា សោភា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និង ជាប្រធានក្រុមការងារថ្នាក់ជាតិចុះស្រុកអង្គស្នួល បានដឹកនាំក្រុមការងារ ចុះសួរសុខទុក្ខ ប្រជាពលរដ្ឋ ពាក់ព័ន្ធដោយប្រយោលអ្នកជំងឺកូវីដ-១៩ នៅធ្វើចត្តាឡីស័កតាមផ្ទះ ចំនួន ២០ គ្រួសារនោះ និង បានសម្របសម្រួល ឧបត្ថម្ភជួយចេញថវិកាដល់អ្នកដែលបានទៅយកសំណាកបង់លុយ ក្នុងម្នាក់ៗ ចំនួន ៦០,០០០ រៀល វិញផងដែរ ៕
ប្រភព ៖ ស្នងការដ្ឋាននគរបាលខេត្តកណ្ដាល
Comments are closed, but trackbacks and pingbacks are open.