ចាប់ពីថ្ងៃនេះ ដល់ថ្ងៃ៨ ខែកក្កដា កម្ពុជា នឹងភ្លៀងធ្លាក់ពីបង្គួរ ទៅច្រើន ដោយសារមានកូនព្យុះនេះ
ភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្ដីជូនដំណឹងបន្ថែមស្ដីពី ស្ថានភាពធាតុអាកាសនៅក្នុងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី៥ រហូតដល់ថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២១។
ក្នុងនោះដែរ ក្រសួងបានបញ្ជាក់ថា បន្ទាប់ពីបានធ្វើការពិនិត្យ និងតាមដានជាប្រចាំ លើស្ថានភាពអាកាសធាតុ រួចមកឃើញថា នៅវេលាម៉ោង ០៧ៈ០០ ព្រឹកថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២១នេះ មានសម្ពាធទាបសកម្មមួយដែលបានស្ថិតក្នុងសមុទ្រចិន ខាងលិចប្រទេសហ្វីលីពីន និងបង្កើនឥទ្ធិពលទៅជាវិសម្ពាធ TD នឹងធ្វើដំណើរឆ្ពោះមកទិស ពាយ័ព្យ។ នៅវេលាម៉ោង ០៤ៈ០០ ល្ងាច ថ្ងៃដដែលនេះ វិសម្ពាធ បានបង្កើនឥទ្ធិពលជាកូនព្យុះទី៦ ឈ្មោះ អ៊ីន-ហ្វា TS IN-FA 2106 នៅលើសមុទ្រចិនខាងត្បូង ចំណុចខ្សែវណ្ឌទី ១៤អង្សារ៤ នៃរយៈទទឹងខាងជើង និងខ្សែស្របទី ១១៤អង្សារ ១ នៃរយៈបណ្តោយខាងកើត។
យោងតាមការព្យាករនៅថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២១ កូនព្យុះនេះ និងធ្វើដំណើរចូលទៅកោះហៃណាំ ប្រទេសចិន។ នៅថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២១ កូនព្យុះ និងថមថយឥទ្ធិពលរបស់ខ្លួនទៅជាវិសម្ពាធ TD រួចចូលទៅ ប្រទេសវៀតណាមខាងជើង។
ដោយឡែក ជ្រលងនៃកូនព្យុះ លើកទី៦ អ៊ីន-ហ្វា TS IN-FA 2106នេះ និងខ្យល់មូសុងនិរតី នឹងមានឥទ្ធិពលមកលើព្រះរាជាណាចក្រកម្ពុជាយើងចាប់ពីថ្ងៃទី ៥, ៦, ៧ និងទី ៨ ខែកក្កដា ឆ្នាំ ២០២១។
លក្ខណៈបែបនេះ ធ្វើឲ្យអាកាសធាតុ នៅព្រះរាជាណាចក្រកម្ពុជាមានស្ថានភាពដូចខាងក្រោម៖
១- បណ្តាខេត្តនៅតំបន់វាលទំនាបជាប់ជុំវិញ ទន្លេសាប និងបឹងទន្លេសាប មានភ្លៀងធ្លាក់ពីបង្គួរទៅច្រើន និងមានខ្យល់កន្ត្រាក់ក្នុងកម្រិតបង្គួរ។
២- បណ្តាខេត្តនៅតំបន់ជួរភ្នំដងរែកំ និងតាមដងទន្លេមេគង្គ មានភ្លៀងធ្លាក់ ពីបង្គួរទៅច្រើន និងមានខ្យល់កន្ត្រាក់ក្នុងកម្រិតបង្គួរ។
៣- តំបន់មាត់សមុទ្រ មានភ្លៀងធ្លាក់ ពីបង្គួរទៅច្រើន និងមានខ្យល់កន្ត្រាក់ក្នុងកម្រិតបង្គួរ ជាមួយរលកសមុទ្រ មានកម្ពស់ជាមធ្យម។
៤- ស្ថានភាពនៃទន្លេមេគង្គ ចាប់ផ្តើមឡើងបន្តិចជាបន្តបន្ទាប់ ។
ក្រសួងធនធានទឹក អំពាវនាវសូមឲ្យសាធារណជន និងបងប្អូនប្រជានេសាទ និងអ្នកធ្វើដំណើរតាមសមុទ្រទាំងអស់ បង្កើនការយកចិត្តទុកដាក់ប្រុងប្រយ័ត្នខ្ពស់ ដើម្បីជៀសវាងរាល់គ្រោះថ្នាក់ផ្សេងៗ ដែលអាចកើតមានជាយថាហេតុ៕
Comments are closed, but trackbacks and pingbacks are open.