រនាំងនៃគំនិត

ថ្ងៃមួយមានមនុស្សមួយក្រុមបានធ្វើការពិសោធន៏មួយ​ទៅ​លើសត្វ​ស្វា​ចំនួន​៤​ក្បាល​​ ដោយ​គេ​ពួកវា​នៅកន្លែងជាមួយ​គ្នា​។​ កន្លែង​នោះ​មានបង្គោលខ្ពស់​មួយដែលដាក់​ចេក​នៅលើនោះ​ សត្វ​ស្វា​មួយ​បានឡើងបង្គោលដើម្បី​យកចេក​ តែ​ពេលស្វាឡើងមកដល់ចេក​គេបាញ់​ទឹក​លើ​វា​ មិនឲ្យ​វាយកបាន​ ស្វានីមួយៗ​សុទ្ឋ​តែបាន​ទទួល​បទពិសោធន៏នេះ​ដូចៗគ្នា​។​ ក្រោយមក​គេយក​ស្វាមួយចេញ​ហើយ​ដាក់ស្វា​ថ្មីចូល​។ ស្វា​ថ្មីក៏ចង់​ឡើង​យក​ផ្លែ​ចេក​ដែរ​ តែត្រូវ​ស្វា​មុនៗ​ទាញ​មកវិញ​ជារឿយៗ​។​ គេ​បន្តដូរស្វាថ្មីៗចូលម្តងមួយៗ​ រហូតអស់ស្វាចាស់ៗ។ បន្ទាប់មកគេ​នៅតែ​ឃើញ​ស្វាដែលនៅសល់​នៅតែបន្តទាញ​ស្វាដែល​ចូលថ្មីៗ​ នោះមិនឲ្យឡើង​ជានិច្ច​។​ ដោយ​ស្វា​ថ្មី​មិនយល់​ថាហេតុអ្វី​បានជាស្វា​ចាស់ៗ​ចេះ​តែ​ទាញ​ខ្លួន ហើយ​ខ្លួនមិន​​ទាន់សាកល្បងផង​ តែ​ក៏មិនបាន​សាក​ល្បង​​។ យូៗទៅ​គ្មានស្វាណាមួយ​ដែលអាច យកចេកបាន​ទេ ហើយក៏​គ្មានស្វាណាធ្លាប់ត្រូវទទឹកខ្លួន និង បានឡើងបង្គោល​ទេ​ ក្រៅពី​ស្វាចាស់ៗ៣ ៤ ក្បាល​ដំបូងនោះ​ តែពួកវានៅ​បន្តរារាំងស្វាដទៃ​ថ្មី​មិនឲ្យឡើងទៅវីញ។​

ការពិសោធន៏នេះអាចឆ្លុះបញ្ជាំងអំ​សត្វ​មានបញ្ញា​ដូចស្វា​ឬមនុស្ស​​​ដែល​មានគំនិត​ថ្មីៗ​ និង ចង់ធ្វើអ្វី​មួយ​ដែលប្លែកៗ ឬ​កិច្ចធំណាមួយ​ត្រូវបាន​រារាំង​ដោយក្រុមមនុស្ស​ដទៃ​ទៀត​ដែល​មាន​បទ​ពីសោធន៏​បរាជ័យ​ជា​ដើម​។​ ការរារាំងនេះ​អាច​ថា​ព្រោះ​តែ​មិនចង់ឲ្យអ្នកនោះ​ខកចិត្ត​ តែ​ពេល​ខ្លះក៏​ជា​ការ​បង្អាក់​​ភាព​ច្នៃប្រឌិត​ឬ​ការសំរេច​កិច្ចការ​ដែរ។​ មូលហេតុ​ដែលអាចនិយាយ​ដូចនេះ​​ព្រោះអ្នក​មុនៗ​​អាច​នឹង​មិន​​ទាន់​បាន​ព្យាយាម​​ឲ្យអស់​លទ្ឋភាព​ឬ​បានប្រើវិធីសាស្រ្ត​ត្រឹម​ត្រូវក្នុង​ការ​ធ្វើកិច្ចការ​នោះ​នៅឡើយ​ដែល​ជាហេតុ​បណ្តាយ​ឲ្យ​បរាជ័យ​។​

ដូចនេះ​ហើយ​​បាន​​ជា​គំនិត​ជា​ច្រើនថ្មីៗ​ ល្អៗ​ ប្លែកៗ មិន​ត្រូវបាន​​បញ្ចេញ​​ព្រោះ​ដោយសារតែ​រនាំងគំនិត​របស់មនុស្ស​ជុំវិញ​ខ្លួន​នេះ​ឯង​។​

អ្វិដែល​យើងជាម្ចាស់គំនិត​គួរ​ធ្វើ​គឺ​ស្វែង​យល់​ពី​រនាំង​គំនិត​នោះ ហើយព្យាយាម​ទម្លុះ​ជៀស​ជាង​ដើរ​ថយ​ក្រោយ​ដោយ​មិនដឹង​ហេតុផល​។

Comments are closed.