បាយមួយគ្រាប់

មាន​គ្រួសារ​មួយ​នៅ​ក្បែ​ជាយក្រុង​តូច​មួយ​។​ រាល់​ពេលញ៉ាំបាយ​ជីដូនចាស់​រាល់​ពេលដែល​ឃើញ​ចៅប្រុស​ខ្លួន​ហូប​បាយ​គ្មាន​របៀប​ សល់​បាយ​នោះ​ គាត់​តែង​តែ​ប្រាប់​ក្មេងតូចឲ្យ​ញ៉ាំ​ឲ្យ​មានរបៀប​​ និង​ កុំឲ្យសល់​។​ ក្មេងប្រុស​តែង​យល់ថា​​ជីដូន​ចាស់​ កាន់តែ​ចាស់​កាន់តែពូកែរអ៊ូ ហើយ​ក៏មិនសូវយកចិត្ត​ទុកដាក់​ធ្វើ​តាមទេ។​

១០ ឆ្នាំ​ក្រោយ ក្មេងប្រុសក៏ធំ ​ប្រទេស​ជាតិ​ក៏កើត​កលយុគ ជីដូនចាស់​ក៏លាចាកលោកទៅ​ ក្មេងប្រុស​និង​គ្រួសារ​ត្រូវ​រង​ទុក​វេទនា​ដោយសារ​ការអត់ឃ្លាន​ គ្មាន​ស្បៀង​អាហារឡើយ​ ព្រោះ​គ្មាន​ការលក់​ដូរនៅទីផ្សារដូច​មុន។​ ​ ពួកគេ​មានតែខំប្រឹង​ដើ​រស្វែង​រកអាហារ​ដោយខ្លួនឯង​យ៉ាងលំបាកលំបិន។

សង្គ្រាម​បានបន្លាយពេលយ៉ាងយូរ​ ទើបបញ្ចប់។​​ ប្រទេសជាតិ​មិនទាន់​​​ស្តារ​សេដកិច្ច​បាន​ ​ ក្មេងប្រុស​នោះត្រូវ​ចូលរួម​ធ្វើស្រែ​ចំការ​ដើម្បីផលិត​ស្បៀង។ គេធ្វើស្រែ​រហូតបានផល​ ហើយ​បានយក​ជាអង្ករយកមកដាំបាយ​ហូបដោយខ្លួនឯង។​

ពេលញ៉ាំបាយ​ដែលបានអង្ករដែលខ្លួនដាំ​លើក​ទីមួយ​ ក្មេងប្រុស​នោះ​បានស្រក់ទឹកភ្នែក​ពីរបីតក់​។ ក្មេងប្រុស​នោះ​បាន​ដឹកឃើញ​ដល់​ពាក្យ​ទូន្មាន​របស់​ជីដូន​កាល​ពី​ជាង១០​ឆ្នាំ​មុន​ ហើ​យ​នឹកឃើញ​កាល​ខ្លួន​នៅ​ក្មេង​មិន​បាន​យកចិត្ត​ទុក​ដាក់​លើគាត់​។​ គេ​ច្បាស់​ខ្លួនឯង​ថា​ បាយមួយគ្រាប់ៗ​ពិតជាមានតម្លៃ​ខ្លាំងណាស់ ព្រោះខ្លួន​ត្រូវ​ធ្វើ​ហាល​ថ្ងៃ​ភ្លៀង​បែកញើស​​​ ក្នុងរយៈពេល​យ៉ាង​យូរ និង ឆ្លងកាត់​របៀបធ្វើ​យ៉ាង​យកចិត្តទុក​ទើបសំរេច​បានអង្ករ​មួយគ្រាប់ៗ​មក​នេះ។ អំណេះតទៅ​ក្មេងប្រុស​ក៏​តែង​ប្រៀន​ប្រដៅ​កូន​ចៅ​ខ្លួន​ដូច​ជីដូន​ធ្វើ​ជាមួយ​ខ្លួន​។

Comments are closed.