ការវាយសម្រុក និងដកថយ

អ្នកជំនាញក្នុងយុទ្ធសាស្រ្តសង្រ្គាម គេឃើញយ៉ាងច្បាស់ ត្រង់ផលសម្រេចនៃការងារដោយមានផលប្រយោជន៍ដ៏យ៉ាងមហាធំធេង សម្រាប់មនុស្សជាតិ និងប្រទេសជាតិទាំងមូលរបស់ខ្លួន។ ក៏មិនខុសអ្វីអំពីគ្រូពេទ្យដ៏ខ្លាំងពូកែអស្ចារ្យ ដែលមានជំនាញដ៏យ៉ាងច្បាស់លាស់នៅក្នុងវិជ្ជាជីវៈរបស់ខ្លួន ក៏គឺគេឃើញយ៉ាងច្បាស់ ត្រង់អាចព្យាបាលរោគដ៏កាចសាហាវរបស់អ្នកជំងឺឲ្យជាសះស្បើយបាន ដោយមិនមានអ្វីជាការលំបាក ក៏យ៉ាងដូច្នោះដែរ។

អ្នកដែលមានការយល់ដឹងអំពីសិល្បៈនាំសង្គ្រាម រមែងជាអ្នកចេះល្បិចកលដោយគ្រប់ទម្រង់។ ដូច្នេះបុគ្គលរូបនោះ មិនដែលទុកស្នាមដានរបស់ខ្លួនឲ្យសត្រូវមើលដឹងនោះឡើយ។ ដោយព្រោះហេតុនោះ ប្រសិនបើសត្រូវចង់ស្ទាបស្ទង់ ឬចង់ដឹងទម្រង់នៃយុទ្ធសាស្រ្តរបស់គេ នោះក៏សត្រូវមិនអាចនឹងគិតយល់បាន។ បុគ្គលរូបនោះ មានខ្លួនដ៏ប្រកបដោយអាថ៌កំបាំងដូចទេវតាដ៏មានឫទ្ធិអាចបំបាំងព្រះកាយរបស់ខ្លួនបានយ៉ាងដូច្នោះឯង។ ម៉្យាងវិញទៀត សូម្បីបុគ្គលរូបនោះបញ្ចេញសំឡេង នោះក៏សត្រូវមិនអាចនឹងស្ដាប់ឮ គឺតាមទម្រង់នៃយុទ្ធសាស្រ្តដ៏ស៊ីជម្រៅយ៉ាងនេះហើយ ទើបបុគ្គលរូបនោះអាចធ្វើជាអធិរាជនៃសត្រូវរបស់គេបាន។ យើងត្រូវវាយប្រហារទៅលើសត្រូវឲ្យដូចព្យុះភ្លៀង ហើយត្រូវដកថយដោយជ័យជម្នះទៅវិញ ឲ្យដូចជាផ្លេកបន្តោរ។

ហើយប្រសិនបើយើងចង់បើកការវាយប្រយុទ្ធទៅលើសត្រូវ នោះសត្រូវត្រូវតែចេញមកវាយប្រយុទ្ធតទល់ បើទោះបីជាសត្រូវនោះមានកំពែងខ្ពស់ និងអន្ទាក់ជ្រៅ នៅការពារពួកគេយ៉ាងណាក៏ដោយ ព្រោះទីតាំងដែលយើងវាយប្រហារនោះគឺជាទីតាំងដែលសត្រូវត្រូវតែចេញមកវាយប្រយុទ្ធទល់ហ្នឹងឯង។ ព្រោះការវាយប្រហាររបស់យើងគឺស្ថិតនៅចំទីតាំងដែលសត្រូវត្រៀមទុកសម្រាប់ជាការជួយសង្គ្រោះ។

Comments are closed.