សូមលើកឧទាហរណ៍ជាក់ស្ដែងមកនិយាយ មានក្រុមបាល់ទាត់មួយក្រុមនៅក្នុងភូមិ ហើយក្នុងនោះមានសមាជិកវ័យចំណាស់ម្នាក់ដែរ។ ប្រហែលជាកន្លះខែ ឬមួយខែម្ដង ហើយក៏បានបបួលគ្នាទៅលើនៅភូមិផ្សេងទៀត ជួនឆ្ងាយ ជួនជិត។ ចន្លោះពេលទំនេរ យើងតែងតែលេងជាមួយគ្នានៅក្នុងភូមិ។ ជម្លោះទាស់ទែងបានកើតមានឡើងជារឿយៗ តែគ្មានបញ្ហាធំធេង ឲ្យយើងបែកបាក់គ្នាទេ។
ពេលលេងនៅក្នុងភូមិ យើងបានកត់សំគាល់ឃើញមនុស្សច្រើនប្រភេទក្នុងក្រុម តែមានពីរប្រភេទចម្លែកជាងគេ។ ប្រភេទទីមួយ គឺអ្នកក្អេងក្អេង អួតខ្លាំងក្លា បង្កជំលោះ មិនខ្លាចអ្នកណា និងមួយទៀត គឺចេះសម្របសម្រួល អធ្យាស្រ័យ និងលេងដោយស្លូតបូត។ តែនៅពេលលេងនៅក្នុងភូមិគេ មនុស្សប្រភេទទីមួយ ប្រែជាញាប់ញ័រ បាត់ភាពម្ចាស់ការទៅវីញ ឯប្រភេទទីពីរ មានភាពហ្នឹងន ម្ចាស់ការ និងការប្រឹងប្រែងខ្លាំងជាងមុនទៅទៀត។ ហេតុអ្វីបានដូច្នេះ? ក្នុងជីវិតគ្រួសារ ក្រុមការងារ សហគមន៍ រហូតដល់សង្គម យើងសង្កេតឃើញដំណើរវាបែបនេះ។ មនុស្សក្អេងក្អាងក្នុងគ្រួសារ ទៅជួបគេដទៃ បែបជាញាប់ញ័រ។ ក្មេងទំនើងដែលបង្ករឿងតែក្នុងភូមិ ក៏មិនក្លៀវក្លាពេលចេញទៅក្រៅ។
ផ្ទុយទៅវិញ អ្នកសុភាពរាបសានៅខាងក្នុងផ្ទះ ពេលចេញទៅក្រៅតែងតែក្លៀវក្លា ទល់នឹងអ្នកខាងក្រៅជានិច្ច។ តួយ៉ាងលោក បារ៉ាក់ អូបាម៉ា នៅក្នុងទឹកដីអាមេរិចហាក់ដូចជាគ្មានអំណាចអ្វីសោះ ដូចជាខ្លាចប្រជាជនខ្លាំងណាស់ តែនៅពេលចេញទៅក្រៅប្រទេសម្ដងៗ ដូចជាខ្លាអញ្ចឹង។ អ្នកដែលចូលចិត្តធ្វើទុកទៅម្នេញ ជិះជាន់ មើលងាយមនសុ្ស ដែលតូចទាប ទន់ខ្សោយជាងខ្លួន ប្រាកដណស់ នឹងត្រូវខ្លាចញញើតចុះញ៉ម គោរពហួសហេតុ ចំពោះអ្នកដែលខ្លាំង មានអំណាចជាងខ្លួន។ នេះប្រហែលជាដើម្បីថ្លឹងតុល្យភាពផ្លូវចិត្ត កុំឲ្យបាក់តែម្ខាង។ ត្រូវចុះញ៉ម មនុស្សម្នាក់ដូច្នេះត្រូវឲ្យមនុស្សម្នាក់ទៀតចុះញ៉មវិញ។ ឯមនុស្សមិនចេះខ្លាច ញញើត ចូលចិត្តស្មើភាពជាមួយអ្នកដទៃ ក៏មិនចូលចិត្តជិះជាន់ ដាក់សម្ពាធលើអ្នកណាដែរ។ គេមានតែជួយឲ្យអ្នកទន់ខ្សោយជាងខ្លួន ឲ្យបានរឹងមាំជាងមុនទៀតផង។ នេះមកពីចិត្តគេមានតុល្យភាពស្រេចហើយ មិនត្រូវការបន្ថែមទម្ងន់ឲ្យស្មើទេ។
ដំរីជើងបួន គង់មានភ្លាត់ ដំបូងឡើយគេប្រើដើម្បីលើកទឹកចិត្តមនុស្ស ឲ្យមានការប្រឹងប្រែងជាថ្មី កុំឲ្យលិចលង់ទោក្នុងកំហុសឆ្គង ឬបរាជ័យដំបូងៗ។ ព្រោះបរាជ័យជាស្ពានចម្លងទៅរកជ័យជម្នះ។ តែក្រោយមកគេប្រើវាជាលេស ជាការសំអាង ដើម្បីការពារកំហុសឆ្គង ការធ្វេសប្រហែស កុំថាឡើយវាកើតឡើងដោយអចេតនា រហូតដល់ដោយមានចេតនាទៅទៀត។ សព្វថ្ងៃនេះ មានលេចពាក្យថ្មីស្រដៀងគ្នាដែរគឺ គ្មានអ្នកណាដែលល្អឥតខ្ចោះទេ។ មិនត្រឹមតែប៉ុណ្ណឹង គេបន្ថែមទឡ្ហីករណ៍ដូចជា៖ គេក៏អីចឹងដែ មនុស្សតែអីចឹងឯង គេនោះអាក្រក់ជាយើងទៀត….ជាដើម។
Comments are closed.