កាលនោះ មានស្រមោចមួយក្បាល បានធ្លាក់ចូលក្នុងទឹក ត្រូវទឹកគួចហូរនាំយកទៅ។ វាខំប្រឹងហែល មករកច្រាំងវិញ តែមិនអាចមកដល់បាន ក៏ស្រែកហៅឲ្យគេជួយ។ ចៃដន្យមានដំរីមួយក្បាល នៅក្បែរនោះ វាអាណិតអាសូរស្រមោចណស់ ក៏កាច់កំណាត់ឈើបោះឲ្យស្រមោចតោងជាប់រស់រួចជីវិតទៅ។ នៅពេលក្រោយមកទៀត ដំរីនោះកំពុងស៊ីស្លឹកឈើយ៉ាងរីករាយ មានព្រានព្រៃម្នាក់កំពុងទាញកាំភ្លើង តម្រង់បម្រុងបាញ់ដំរី។ ស្រមោចឃើញ វារមកខាំព្រាននោះភ្លាម។
ព្រានភ្ញាក់ព្រើតភ្លាម គ្រាប់កាំភ្លើងបាញ់ចេញទៅ មិនបានត្រូវដំរីទេ វាផ្អើលរត់ចូលព្រៃជ្រៅបាត់ទៅ។ ឯស្រមោចក៏បានរត់គេចខ្លួនបាត់ដែរ។ ចាប់តាំងពីពេលនោះមក សត្វទាំងពីរបានរាប់អានគ្នាជាមិត្តសម្លាញ់រៀងរហូតមក។ ការរស់នៅក្នុងសង្គម ទោះតូច ឬធំក្ដី តែងមានការពឹងពាក់ និងជួយសង្គ្រោះគ្នាទៅវិញទៅមក ព្រោះមនុស្សម្នាក់ៗមិនអាចមានសំណាងល្អគ្រប់ពេលវេលាបានទេ ហើយមិនអាចធ្វើអ្វីៗបានតែម្នាក់ឯងដែរ។ ពេលខ្លះយើងបានធ្វើល្អដាក់មនុស្សម្នាក់ រួចក៏ភ្លេចគេបាត់ទៅ។ តែថ្ងៃណាមួយ យើងមានបញ្ហាអ្វីមួយកើតឡើង គឺមនុស្សនោះឯងដែលបានជួយយើងវិញ។ មិនចង់បានន័យថា ធ្វើល្អដើម្បីឲ្យគេសង់គុណ តែនៅពេលគេមានគុណមកលើយើង យើងមិនគួរភ្លេចទេ។
នេះប្រហែលជាច្បាប់ធម្មជាតិ ហើយដែលមនុស្សតែងធ្វើល្អដាក់គ្នាទៅវិញទៅមក។ រឿងមួយទៀត គឺមនុស្សដែលចូលចិត្តជួយគេតែងមានដទៃជួយដរាប។ មនុស្សដែលតែងតែឲ្យគេ ក៏តែងតែទទួលបានជាដរាបដែរ។ ហើយអ្នកជួយ ឬក៏អ្នកឥ្យនេះ មិនមែនជាមនុស្សដែលគេបានជួយ ឬបានឲ្យទេ។ អ្នកខ្លាំងជាងយើង យើងចយអ្នកទន់ខ្សោយជាងយើង អ្នកទន់ខ្សោយជាងយើងជួយអ្នកខ្សោយមន្តៗគ្នាទៀត តាមលទ្ធភាព សមត្ថភាព និងកាលៈទេសៈផ្សេងៗ។ ដំណើរបែបនេះ នឹងក្លាយជាកង់ជាវដ្តនៃការជួយគ្នាមិនចេះសាបរលត់។ នេះជាច្បាប់ធម្មជាតិស្ដី អំពីការប្រព្រឹត្តទៅនៃសេចក្ដីល្អ។
Comments are closed.