ដំរីជើងបួន គង់មានភ្លាត់

មានសត្វដំរីមេហ្វូងមួយក្បាល មាឌធំសម្បើមណាស់ សូម្បីតែខ្លាក៏ខ្លាចញញើតជាមួយនឹងវាដែរ។ តែចំពោះសត្វឯទៀត ដំរីជាសត្វគួរឲ្យគោរពរាប់អាន ព្រោះវាស្លូតបូត សុភាពរាបសា ទោះបីខ្លួនមានកម្លាំងខ្លាំងយ៉ាងណាក៏ដោយ។ នៅថ្ងៃមួយនោះ ដំរីបានដើរកាត់ព្រៃដូចសព្វដង តែពេលនេះវាបានជំពប់ជើងនឹងគល់ឈើ ភ្លាត់ជំហ ដួលទីងណាត់ទីងណែង ល្អមើលជាពន់ពេក។ វាប្រឹងងើបយ៉ាងលៀន ងាកមើលឆ្វេងស្ដាំ ដូចជាគ្មានអ្នកណាគេមើលឃើញទេ។ តែមានស្វាមេមួយក្បាល និងកូនៗបានជើញហើយពួនសំងំស្ងៀម។ នៅថ្ងៃមួយក្រោយមក មេស្វាបានបង្រៀនកូនៗ ឲ្យចេះលោតលើមែកឈើ បេះផ្លៃឈើស៊ី។ តែកូនតូចខ្លះ ធ្វើមិនបានល្អ ថែមទាំងធ្លាក់ចុះ មកដីទៀត។

មេស្វា ប្រឹងលើលទឹកចិត្តកូនព្យាយាម កុំចុះចាញ់នឹងបរាជ័យ។ វាប្រាប់កូនថា៖ កុំថាឡើយកូន នៅតូចបែបនេះ សូម្បីដំរីមាឌធំ ជើងដល់ទៅបួន ដើរលើដី ក៏គង់តែភ្លាតដួលដែរ។ សត្វទាំងឡាយបានឮស្វានិយាយប្រាបើកូនបែបនេះ ក៏នាំគ្នាទៅសួរដំរី។ ដំរីគ្មានអ្វីឆ្លើយតបឱនមុខនៅស្ងៀម។ ចាប់ពីពេលនោះមក សត្វទាំងឡាយ ក៏យករឿងនេះ និយាយតៗគ្នា ដែលធ្វើឲ្យដំរីខ្មាសគេណាស់។ វាដើរទៅណាមកណាដោយយឺតៗ ហើយឱនមុខចុះជានិច្ច។ សត្វណាក៏ដោយ ឲ្យតែមានកំហុសឆ្គងអ្វីមួយតែងនិយាយថា៖ បងដំរី ក៏គង់ភ្លាត់ជើងដែរ។ រឿងនេះ បានឮដល់មនុស្សហើយមនុស្សក៏ប្រើពាក្យនេះដែរ ហើយបន្ថែមមួយឃ្លាទៀត៖ អ្នកប្រាជ្ញចេះស្ទាត់ គង់មានភ្លេច។

ដំរីជើងបួន គង់មានភ្លាត់ ដំបូងឡើយគេប្រើដើម្បីលើកទឹកចិត្តមនុស្ស ឲ្យមានការប្រឹងប្រែងជាថ្មី កុំឲ្យលិចលង់ទោក្នុងកំហុសឆ្គង ឬបរាជ័យដំបូងៗ។ ព្រោះបរាជ័យជាស្ពានចម្លងទៅរកជ័យជម្នះ។ តែក្រោយមកគេប្រើវាជាលេស ជាការសំអាង ដើម្បីការពារកំហុសឆ្គង ការធ្វេសប្រហែស កុំថាឡើយវាកើតឡើងដោយអចេតនា រហូតដល់ដោយមានចេតនាទៅទៀត។ សព្វថ្ងៃនេះ មានលេចពាក្យថ្មីស្រដៀងគ្នាដែរគឺ គ្មានអ្នកណាដែលល្អឥតខ្ចោះទេ។ មិនត្រឹមតែប៉ុណ្ណឹង គេបន្ថែមទឡ្ហីករណ៍ដូចជា៖ គេក៏អីចឹងដែ មនុស្សតែអីចឹងឯង គេនោះអាក្រក់ជាយើងទៀត….ជាដើម។

Comments are closed.