បំបែកបំបាក់ដើម្បីគ្រប់គ្រង

មាននិទានមួយនិយាយអំពីចចក និងឈ្លូស។ កាលនោះមានចចកញីឈ្មោលពីរក្បាល ស្វែងរកចាប់សត្វនានាមកស៊ីបានដោយលំបាក ព្រោះសត្វម្រឹគទាំងឡា តែងធ្វើដំណើរទៅណាមកណាទាំងហ្វូងៗ។ ជួនកាលក៏ចាបបានខ្លះ ដោយសត្វខ្លះធ្វេសប្រហែសខ្លួន ឬហ្វូងវាបោះបង់ចោល តែជួនកាលត្រូវចំណាយកម្លាំងឥតប្រយោជន៍ ឬត្រូវរងរបួសដោយការតទល់របស់សត្វទាំងនោះផង។ ទោះបែបនេះក៏ដោយ ចចកទាំងពីរពិភាក្សាគ្នា រកវិធីដើម្បីស៊ីម្រឹគឲ្យបានច្រើន ហើយឆ្អែតបរិបូរណ៍ កុំឲ្យខ្វះឡើយ។ គិតទៅ គិតមកពួកគេយល់ថា ក្នុងចំណោមមម្រឹគ មានតែឈ្លូសទេ ដែលល្ងង់ជាងគេ។

ថ្ងៃមួយចចកទាំងពីរបានធ្វើជាឈ្លោះគ្នា និងខាំគ្នាទៅវិញទៅមក ធ្វើឲ្យរបួសរៀងៗខ្លួន នៅមុខហ្វូងឈ្លូស។ ពួកឈ្លូស សម្លឹងធ្វើមុខងីងើ ងឿងឆ្ងល់ តែក្រោយមកក៏ជឿភ្លាម ចចកឈ្លោះគ្នាហើយ តែប៉ុណ្ណេះពួកយើងលែងមានគ្រោះថ្នាក់ហើយ។ ថ្ងៃក្រោយមកចចកមេក៏ដើរសរសៀមករកហ្វូងឈ្លូស ឈ្លូសរអើលបន្តិចដែរ តែចចកបាននិយាយយ៉ាងទន់ភ្លន់ថា៖ “ខ្ញុំនេះបែកបាក់ពីចចកឈ្លោលហើយ បានគិតថានឹងស៊ីស្មៅជាអាហារ ដូចពួកបងវិញ វាប្រសើរជាង ហើយចង់រាប់អានជាមួយពួកបង គ្រាន់បានមើលថែរក្សាគ្នា កុំឲ្យអាឈ្មោលវាយារយីបាន”។ វាខំស៊ីស្មៅ ធ្វើដូចជាឆ្ងាញ់ណាស់។ វាក៏រកឱកាសជួបនឹងមេហ្វូងឈ្លូសដែលមានវ័យចំណាស់ជាងគេ រួចទើបនិយាយសរសើរផ្សេងៗ តែវាមិនភ្លេចនិយាយថា វាបានឃើញឈ្លូសកំលោះពណ៌ខ្មៅមួយក្បាលនោះ មានមាឌធំមាំ ពេញដោយមន្តស្នេហ៍ធ្វើឲ្យឈ្លូសញីៗឈ្លក់វង្វេង និងមិនសូវស្ដាប់បង្គាប់មេហ្វូងសោះ ប្រហែលគិតចង់ដណ្ដើមអំណាចនាំហ្វូងក៏មិនដឹង។

ដោយជឿលង់ មេហ្វូងកើតចិត្តច្រណែននឹងអាខ្មៅ។ រីឯចចកឈ្មោលវិញ ក៏ដាក់ខ្លួនលុតក្រាប សុំអង្វរ លន់តួនៅពីមុខឈ្លូសឈ្មោះអាខ្មៅ ដើម្បីសារភាពកំហុសពីអតីតកាល និងសូមជានាគ្នាវិញ។ ដោយសម្រេចបំណងអាក្រក់លើវា ហើយថាមេហ្វូងចាស់ហើយរាងតូចល្អិត មិនសមសោះ តែអាខ្មៅវិញរាងសង្ហា មាំមួនណាស់។ មិនយូរប៉ុន្មាន មេហ្វូង និងអាខ្មៅ បានឈ្លោះគ្នា ប្រយុទ្ធគ្នាដោយមានក្រុមគាំទ្ររៀងៗខ្លួន ពិសេសមានចចកធ្វើជាទីប្រឹក្សាទៀត។ ឆ្លៀតពេលនេះ ចចកក៏ចាប់ផ្ដើមលួចស៊ីឈ្លូសជាបណ្ដើរៗ ធ្វើឲ្យមានកម្លាំងខ្លាំងក្លា និងបង្កើតកូនចៅ កាន់តែច្រើនឡើងៗ។ ចុងក្រោយចចកបានជួបជុំ ប្ដីប្រពន្ធ និងកូនចៅរបស់ខ្លួនវិញ ដោយមិនខ្លាចឈ្លូសដឹងទៀតឡើយ។ ឯឈ្លូសវិញ បន្តឈ្លោះគ្នា និងពឹងពាក់ចចក ដោយឲ្យចចកស៊ីពួកខ្លួនតាមអំពើចិត្តចង់ ហើយពួកពូជពង្សវានៅចំនួនមិនច្រើនឡើយគ្រាន់តែម៉ាគ្រប់សម្រាប់ចចកស៊ីប៉ុណ្ណោះ។ ក្នុងជិវិតគ្រួសារ មិត្តភាព ឬសង្គមជាតិ ការបាក់បែកផ្ទៃក្នុងជារឿងដ៏គ្រោះថ្នាក់បំផុត ព្រោះការបំផ្លាញពីកម្លាំងខាងក្រៅ (អ្នកដទៃបំផ្លាញ) មិនខ្លាំងក្លាដូចការបំផ្លាញពីខាងក្នុង (បំផ្លាញខ្លួនឯង) ទេ។ ដូចនេះ បំបែកបំបាក់ដើម្បីគ្រប់គ្រងជាយុទ្ធវិធី ជាល្បិចបុរាញ សាមញ្ញ ដែលគេពេញនិយមប្រើប្រាស់រហូតដល់សម័យបច្ចុប្បន្ន គ្រាន់តែអភិវឌ្ឍវាឲ្យទំនើបជាងមុន ហើយវានៅតែមានប្រសិទ្ធភាពបំផុត។

Comments are closed.