ប្រវត្តិស្ថាបនិកមន្ទីពេទ្យគន្ធបុប្ផា លោក វេជ្ជបណ្ឌិត Beat Richner

លោក វេជ្ជបណ្ឌិត Beat Richner ជនជាតិស្វីស(ថ្ងៃទី១៣ ខែមិនា ឆ្នាំ ១៩៤៧ ដល់ថ្ងៃទី ៩ ខែ កញ្ញា ឆ្នាំ ២០១៨) ជាវេជ្ជបណ្ឌិតកុមារ និង ជាអ្នកលេងឧបករណ៍សេឡូ ។ លោកបានបង្កើតមន្ទីពេទ្យកុមារ ជាច្រើននៅព្រះរាជាណាចក្រកម្ពុជា គាត់ជាអ្នកបង្កើតមូលនិធិគន្ធបុប្ផា និង ជាប្រធានមូលនិធិនេះទៀតផង។

បន្ទាប់ពីទទួលបានសញ្ញាប័ត្រវេជ្ជសាស្ត្រ ជំនាញវេជ្ជវិជ្ជាខាងកុមារ ក្នុងឆ្នាំ១៩៧៣ លោកវេជ្ជបណ្ឌិត Beat Richner ធ្វើជាពេទ្យកុមារ នៅឯមន្ទីពេទ្យកុមារនៅទីក្រុងហ្សូរិច។ ក្រោយមកនៅពេលធ្វើការជាមួយកាកក្របាទក្រហមស្វីស លោកត្រូវបានបញ្ជូនមកកម្ពុជា និង បានធ្វើការនៅមន្ទីពេទ្យគន្ធបុប្ផានៅទីក្រុងភ្នំពេញក្នុងចន្លោះឆ្នាំ១៩៧៤ ។ មន្ទីពេទ្យនេះត្រូវបានប្រសិទ្ធនាម ដើម្បីជាការចងចាំដល់សម្ដេច ព្រះអង្គម្ចាស់នរោត្តម គន្ធបុប្ផា (១៩៤៨-១៩៥២) ដែលជាព្រះរាជបុត្រីនៃព្រះបរមរតនកោដ្ឋ សម្តេចព្រះនរោត្តមសីហនុ ដែលបានសោយវិលាល័យក្នុងព្រះជនក្មេងវស្សា។ នៅពេលដែលខ្មែរក្រហមបានកាន់កាប់ប្រទេសកម្ពុជា លោកត្រូវបានបង្ខំចិត្តចាកចេញពីប្រទេសកម្ពុជាទៅកាន់ប្រទេសស្វីសវិញ និង បន្តការងារនៅមន្ទីពេទ្យកុមារនៅទីក្រុងហ្សូរិច។

ក្នុងដំណើរអាជីពជាវេជ្ជបណ្ឌិត និង ដោយមានចំណាប់អារម្មណ៍ខាងតន្ត្រីផងដែរនោះ លោកវេជ្ជបណ្ឌិត រិចន័រ បានបង្កើតតួអង្គមួយហៅថា Beatocello (Beat គឺជាឈ្មោះរបស់លោក និង Cello ជាឧបករណ៍តន្ត្រីសេឡូ) ដែលជាការួមបញ្ចូលគ្នារវាងសិល្បៈ និង តួអង្គត្លុកកំប្លែងកំពុងលេងសូឡូ។ លោកបានដើរតួនាទីជាតួអង្គ Beatcello នេះដើម្បីស្វែងរកមូលនិធីជូនគន្ធបុប្ផា ព្រមទាំងបានបោះពុម្ភសៀវភៅកុមារជាច្រើនដែលផ្អែកលើ Beatcello នេះផងដែរ។

នៅខែធ្នូ ១៩៩១ រិចន័របានត្រលប់មកប្រទេសកម្ពុជា និង បានឃើញការបំផ្លិចបំផ្លាញបានកើតឡើងជាបន្តបន្ទាប់ ដែលជាលទ្ធផលពីសង្គ្រាម។ លោកត្រូវបានស្នើសុំអោយបើក និង សាងសង់មន្ទីពេទ្យនេះឡើងវិញដោយរដ្ឋាភិបាលកម្ពុជា។ លោករិចន័រ បានត្រលប់មកកម្ពុជាជាផ្លូវការវិញ និង បង្កើតមូលនិធីគន្ធបុប្ផានៅខែមិនា ១៩៩២ ហើយមន្ទីពេទ្យគន្ធបុប្ផាត្រូវបានបើកទ្វារឡើងវិញនៅខែវិច្ឆិកា ឆ្នាំ ១៩៩២ រហូតដល់សព្វថ្ងៃនេះ មន្ទីពេទ្យបានពង្រីកមានសាខាចំនួន៦ផងដែរ។

តាមរយៈតួអង្គ Beatcello លោកវេជ្ជបណ្ឌិត រិចន័រ បានសម្ដែងស្វែងរកមូលនិធីដោយមិនគិតថ្លៃ ក្នុងការប្រគុំតន្ត្រីនៅ មន្ទីពេទ្យជ័យវរ្ម័នទី៧ នៅខេត្តសៀមរាប។ ការសម្ដែងរួមមានការលេងសូឡូ និង ថ្លែងសុន្ទរកថាពីបញ្ហាសុខភាពនៅកម្ពុជា។ គាត់បានសុំភ្ញៀវទេសចរណ៍ក្មេងៗឲ្យបរិច្ចាគឈាម និង សុំថវិការពីភ្ញៀវទេសចរណ៍ចំណាស់ៗ និង សុំទាំងពីចំពោះភ្ញៀវទេសចរណ៍ដែលមានអាយុចន្លោះនេះ។​ ការងារមនុស្សធម៌របស់លោកត្រូវបានគេផលិតជាឯកសារភាពយន្តចំនួន ៦ គឺ

1. Beat at the Pagoda (1997)

2. The beat Goes On (1999)

3. Depardieu goes for Beatocello (2002)

4. Money or blood (2004)

5. 15 years of Kantha Bopha(2007)

6. Beatocello’s Umbrlla (2012) និងក្នុងឆ្នាំ2006 Dr.Beat and Passive Genocie of Children

បច្ចុប្បន្ននេះ មន្ទីពេទ្យគន្ធបុប្ផាមានបុគ្គលិកចំនួន ២៤០០នាក់ ដោយមានតែលោកវេជ្ជបណ្ឌិត រិចន័ និង លោក វេជ្ជបណ្ឌិត ដេនិស ឡូរ៉ង ដែលជាប្រធានរោគសាស្ត្រតែប៉ុណ្ណោះ ដែលជាជនបរទេសធ្វើការក្នុងមន្ទីពេទ្យ។

លោកវេជ្ជបណ្ឌិត រិចន័រ ត្រូវបានប្រសិទ្ធនាមជា ជនជាតិស្វីសប្រចាំឆ្នាំ ក្នុងឆ្នាំ ២០០២។ មន្ទីពេទ្យទាំង៥ដែលកសាងដោយលោកវេជ្ជបណ្ឌិត រិចន័រ និង មូលនិធិគន្ធបុប្ផាមានទីតាំងស្ថិតនៅទីក្រុងសំខាន់ៗនៃព្រះរាជាណាចក្រកម្ពុជា។ មន្ទីពេទ្យទាំងអស់ផ្ដល់ជូននូវសេវាសុខភាពដោយមិនគិតថ្លៃ។ គន្ធបុប្ផាទី១ ទី២ ទី៤ (បើកដំណើរនៅខែធ្នូ ឆ្នាំ២០០៥) ទី៥ (បើកដំណើរនៅខែធ្នូ ឆ្នាំ២០០៧) មានទីតាំងនៅទីក្រុងភ្នំពេញ និង មន្ទីពេទ្យជ័យវរ្ម័នទី៧ (គន្ធបុប្ផាទី៣) ស្ថិតនៅខេត្តសៀមរាប។

មន្ទីពេទ្យគន្ធបុប្ផា ជួយព្យាបាលកុមារកន្លះលាននាក់ដោយមិនគិតថ្លៃក្នុងមួយឆ្នាំៗ ដោយមានកុមារឈឺធ្ងន់ធ្ងរប្រហែល ១០០.០០០នាក់។ ជំងឺភាគច្រើនរួមមានរលាកស្រោមខួរ គ្រុនចាញ់ គ្រុនឈាម និង គ្រុនពោះវៀន ហើយភាគច្រើនធ្វើអោយកាន់តែធ្ងន់ធ្ងរដោយជំងឺរបេង ដែលជាឃាតករលេខ១។ អត្រាការស្លាប់ក្នុងមន្ទីពេទ្យគឺទាបបំផុត១%។ លោកវេជ្ជបណ្ឌិត រិចន័រ បានបញ្ជាក់ថាលើសពី៨០% នៃជំងឺកុមារនៅកម្ពុជាត្រូវបានធ្វើការព្យាបាលនៅមន្ទីពេទ្យគន្ធបុប្ផា។

មូលនិធីរបស់មន្ទីពេទ្យជាអាទិ៍ត្រូវបានបរិច្ចាគដោយប្រជាជនស្វីស។ ការចំណាយប្រតិបត្តិការណ៍ក្នុងឆ្នាំ២០០៦ គឺមានចំនួន ១៧លានដុល្លាសហរដ្ឋអាមេរិក។ ចាប់តាំងពីចាប់ផ្ដើមមូលនិធិពីឆ្នាំ ១៩៩១មក ថវិកាទទួលបានពីការបរិច្ចាគគឺ ៣៧០លានដុល្លារសហរដ្ឋអាមេរិក។

នៅក្នុងរយះពេលជាង ២៦ឆ្នាំមកនេះ លោកវេជ្ជបណ្ឌិត រិចន័រ បានពង្រីកសាខាមន្ទីពេទ្យគន្ធបុប្ផារហូតដល់ទៅ៦កន្លែងទាំងនៅភ្នំពេញ និង ខេត្តសៀមរាប។ ស្ថាបនិកនៃមន្ទីពេទ្យគន្ធបុប្ផា បានទទួលមរណៈភាពនៅឯស្រុកកំណើតរបស់លោក មន្ទាប់ពីលោកទ្រាំទ្រនិងជំងឺ។

សេចក្ដីជូនដំណឹងដែលត្រូវបានផ្សព្វផ្សាយលើទំព័រហ្វេសប៊ុករបស់លោកវេជ្ជបណ្ឌិត រិចន័រ បានឲ្យដឹងថា ស្ថាបនិកនៃមន្ទីពេទ្យសប្បុរសធម៌រូបនេះ បានទទួលមរណៈភាពនៅម៉ោង ២ និង ៤៥នាទីព្រឹកម៉ោងនៅប្រទេសស្វីស ក្នុងជន្មាយុ៧១ឆ្នាំ បន្ទាប់ពីលោកបានចាកចេញពីប្រទេសកម្ពុជាកាលពីឆ្នាំ២០១៧។

Comments are closed.