តួអង្គ «តាជូជក់» ក្នុងរឿង «ព្រះវេស្សន្តរ» អំឡុងឆ្នាំ៨០ជាង បានទទួលមរណភាពក្នុងជន្មាយុ ៨៣ឆ្នាំ
តួអង្គ «តាជូជក់» នៅក្នុងយីកេររឿងព្រះវេស្សន្តរ អំឡុងឆ្នាំ៨០ជាង គឺវីរសិល្បករ លោកព្រឹទ្ធាចារ្យ នាដកោសល្យវដ្តី ព្រីង សាឃន មរតកមនុស្សរស់នៃកម្ពុជា បានទទួលមរណភាពហើយកាលពីថ្ងៃ អាទិត្យ ទី១៩ ខែកក្កដា ឆ្នាំ២០២០ ក្នុងជន្មាយុ ៨៣ឆ្នាំ ដោយជរាពាធ។ សពត្រូវបានតម្កល់រៀបចំពិធីបុណ្យតាមគន្លងព្រះពុទ្ធសាសនានៅវត្តឬស្សីស្រស់។ នេះបើតាមការបញ្ជាក់ពីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ។
ការបាត់បង់មរតកមនុស្សរស់នេះ ត្រូវក្រសួងវប្បធម៌ និងវិចិត្រសិល្បៈអះអាងថា ជាការបាត់បង់ដ៏ធំធេងបំផុត។
គួររំឭកថា លោកព្រឹទ្ធាចារ្យ ព្រីង សាឃន ជាព្រឹទ្ធាចារ្យសិល្បៈដែលពោរពេញទៅដោយទេពកោសល្យ ភាពយន្ត របាំ ល្ខោន យីកេ និងស្នាដៃជាច្រើនទៀត ពិសេសពលរដ្ឋខ្មែរទូទាំងប្រទេសបានចាំពីទេពកោសល្យសម្តែងរបស់លោកតាយ៉ាងច្បាស់ ពោលគឺជាតួត្លុកនៃល្ខោនជាតិប្រទេសកម្ពុជាក្នុងទសវត្ស៦០ និង ៧០ពិសេសលោកតាបានសម្តែងតួអង្គ «តាជូជក់» នៅក្នុងយីកេររឿងព្រះវេស្សន្តរ កំឡុងឆ្នាំ៨០ជាង ។
ជាការកត់សម្គាល់ ក្នុងយុគមាសនៃភាពយន្តខ្មែរលោកតាបានចូលសម្តែងក្នុងខ្សែភាពយន្តមួយចំនួនដូចជា រឿង ទុំទាវ (១៩៦៥) រឿងស្នេហាស្រុកស្រែ (១៩៦៧) រឿង ថ្មរាំ (១៩៧៣) រឿង នាងសក់ពស់ (១៩៧៤)៕
Comments are closed, but trackbacks and pingbacks are open.