ខ្សែជីវិត​ពីកម្មកររោងចក្រ​ ទៅជាកីឡាការិនីជម្រើស​​ជាតិសកល​កម្ពុជា​

ឪពុកម្តាយដែលខំសាងភាពកក់ក្តៅសម្រាប់កូនៗ សុទ្ធតែប្រាថ្នាឃើញកូនប្រុសស្រីជាទីស្រលាញ់បានសុខកាយ សប្បាយចិត្ត និងអាចរស់នៅដោយសុភមង្គល។ ក្នុងសង្គមខ្មែរ វាអាចជារឿងដែលធ្វើឲ្យអ្នកមានគុណរងសម្ពាធ ព្រមទាំងពិបាកចិត្តជាខ្លាំង បើសិនជាដឹងថា កូនប្រុសស្រីដែលលោកបានបីបាច់ថែរក្សា និងថ្នាក់ថ្មមជាទីបំផុត ត្រូវរងនូវការឈឺចាប់មិនថាផ្លូវកាយ ឬផ្លូវចិត្ត។

ជាក់ស្តែងកូនស្រីទី ៧ ក្នុងគ្រួសារមួយដែលមានបងប្អូន ៨នាក់ មានទីលំនៅម្តុំផ្លូវចម្ការដូង ខណ្ឌដង្កោ រាជធានី​ភ្នំពេញ បានបង្ហើបពីស្ថានភាពជីវិតខ្លួនដោយអះអាងថា ធ្លាប់ធ្វើឲ្យម្តាយស្រងាកចិត្តដែលត្រូវសំឡឹងមើល​កូនស្រី វាយតប់​ជាមួយគូប្រកួតលើសង្វៀន។ វាអាចជាសំណួរមួយដែលចោទឡើងថា «តើនារីណាខ្លះ ដែលសុខចិត្តលះបង់​ពេលវេលា និងកម្លាំងកាយដើម្បីតស៊ូហាត់វាយតប់ជាមួយមនុស្ស ឬបាវសាក់ រហូតជាំមុខមាត់ ខូចសម្រស់ និងជួន​កាល​អាច​ប្រឈម​នឹងពិការភាពលើសង្វៀនប្រកួត? ខណៈសំណួរខ្លះត្រូវបានគេលើកឡើងជារឿយៗមកកាន់នារី​ដែល​ប្រកប​អាជីពជាអ្នកប្រដាល់ថា ហេតុអីមិនជ្រើសយកការងារផ្សេងពីនេះ?»។ផ្តើមរៀបរាប់ដោយបង្ហាញនូវស្នាមញញឹមផង និងភាពស្រងូតស្រងាត់ផង កញ្ញា នៅ ស្រីពៅ បានរំឭកថា ខ្លួនបាន​ផ្លាស់ប្តូរអាជីពពីនារីរោងចក្រទៅជាកីឡាការិនីប្រដាល់។ ស្រីពៅបន្ថែមថា តាមពិតដំបូងឡើយ ពេលធ្វើជា​កម្មការិនី​រោងចក្រ នាងទទួលបាននូវបទពិសោធន៍មិនសប្បាយចិត្តខ្លះដោយសារការស្តីបន្ទោស​ និងប្រើសម្តីមិនសមរម្យមួយ​ចំនួនពីកន្លែងការងារនោះ។ ក្រោយមកកញ្ញាមានគំនិតចង់ផ្លាស់ប្តូរការងារដោយជ្រើសរើសអ្វីមួយដែលធ្វើជាខ្លួនឯង។

អ្នកប្រដាល់ស្រីវ័យ ២៥ឆ្នាំរូបនេះបង្ហើបថា៖ «ខ្ញុំរៀនមិនបានខ្ពស់ រៀនបានត្រឹមថ្នាក់ទី៩។ ដើមឡើយខ្ញុំប្រកប​ការងារ​ជា​កម្មការិនីរោងចក្រ តែមានមានសម្ពាធរឿងគេស្តីបន្ទោសពេក។ អ៊ឹចឹងហើយខ្ញុំគិតចង់ធ្វើជាខ្លួនឯង ដោយចាប់​អារម្មណ៍​​សាកហាត់ប្រដាល់ ទាំងដែលគ្រួសារខ្ញុំពុំមានឈាមជ័រជាអ្នកកីឡាសោះ»។

ស្រីពៅបន្ត៖ «ដំបូងឡើយដូចមិនចង់ហាត់ខ្លាំងណាស់ណាទេ ព្រោះខ្ញុំខ្លាចឈឺសាច់។ តែមានលោកពុកលើកទឹកចិត្ត ខ្ញុំគិតម្តងទៀតហើយសម្រេចចិត្តហាត់។ បើម៉ែ គាត់មិនព្រមឲ្យហាត់ដាច់ខាតពីដំបូង។ គាត់ថា គាត់ខំថ្នាក់ថ្នមណាស់​មិនឲ្យស្រមោចខាំផង ហើយម៉េចធំឡើងទៅធ្វើអីឲ្យគេវាយតប់បែបហ្នឹង។ ខ្ញុំបញ្ចុះបញ្ចូលម៉ែរហូតដល់ ៣ខែ ទើបគាត់​ព្រមឲ្យហាត់»។

«ហាត់ដំបូងៗខ្ញុំឈឺខ្លាំងណាស់ ទ្រាំសឹងមិនបាន។ ហាត់បានមួយខែ ខ្ញុំបានចូលរួមប្រកួត។ អ្នកម្តាយខ្ញុំមិនហ៊ាន​មើលកូនប្រកួតទេពេលដំបូង។ មែនទែនទៅ លុះត្រាមានចិត្តស្រលាញ់ ទើបមានការតស៊ូបាន»។ក្រៅពីនោះ ស្រីពៅថា សូម្បីអ្នកជិតខាងក៏ហាក់មិនគាំទ្រនូវការសម្រេចចិត្តរបស់គ្រួសារខ្លួន ដែលបញ្ជូនកូនស្រីឲ្យ​ហាត់​ប្រដាល់ តែយ៉ាងណាកញ្ញាថា ខ្លួនមិនដែលគិតអវិជ្ជមានលើការលើកឡើងទាំងនោះឡើយ។ អ្នកជិតខាងថា៖ «ជាស្រី ទៅស្រលាញ់អីអាកីឡាហ្នឹង ម៉េចមិនធ្វើអីផ្សេង? ខ្លួនជាស្រី ទៅប្រកួតឲ្យគេវាយជាំមុខជាំមាត់»។

បង្ហាញស្នាមញញឹមដោយរំឭកអតីតកាលទាំងផ្ទុះសំណើចប្រាប់អ្នកសារព័ត៌មាន Khmerload ថា៖ «ម៉ែខ្ញុំថា ល្មមយកប្តីហើយ អាយុក៏ច្រើនហើយ។ តែខ្ញុំបដិសេធ ហើយនៅតែប្រឹងហាត់ប្រដាល់កុំឲ្យអ្នកជិតខាងថា ហាត់មិនបានប៉ុន្មានឈប់ហាត់ ហើយយកប្តីបាត់»។

កញ្ញាបន្តថា៖ «ការសម្រេចចិត្តឈោងយកអាជីពនេះទាមទារឲ្យខ្ញុំលះបង់នូវកម្លាំងកាយ កម្លាំងចិត្ត អត់ធ្មត់ និង​ឈ្មុស​ឈ្មុលដើម្បីជីវភាព ព្រមទាំងលើកមុខមាត់ប្រទេសកំណើតមួយនេះលើឆាកអន្តរជាតិ។​​ខ្ញុំចង់ឲ្យអន្តរជាតិ​ស្គាល់ក្បាច់គុនខ្មែរឲ្យច្រើន​»។

អាជីពនៅលើសង្វៀនរយៈពេលប្រមាណជា ៦ឆ្នាំមកនេះ ស្រីពៅថា ការតស៊ូរបស់ខ្លួនគឺមិនអត់ប្រយោជន៍នោះទេ។ មកទល់ពេលនេះ កញ្ញាត្រូវបានអ្នកគ្រប់គ្រងផ្នែកកីឡាជ្រើសជាជម្រើសជាតិសកលកម្ពុជា។

«ខ្ញុំចេះប្រដាល់សកល ប្រដាល់សេរី និង MMA (ក្លេ និងវាយ)។ ១ខែត្រូវឡើងប្រកួត ៤ដងក៏មាន ព្រោះអត់សូវមាន​អ្នកប្រដាល់ជាស្រីទេ។ ខ្ញុំត្រូវគ្រូបង្វឹកប្រដាល់សកលជ្រើសជាជម្រើសជាតិ។ អាជីពមួយនេះបានជួយខ្ញុំច្រើនមែន​ទែន​។ កាលនោះប៉ាឈឺត្រូវការលុយ ប្រាក់ខែខ្ញុំបានជួយគាត់។ ក្រៅពីសម្រាលជីវភាព ខ្ញុំត្រូវតែធ្វើឲ្យគេឃើញថា ស្រ្តីខ្មែរ​អាចនាំទង់ជាតិខ្មែរឡើងលើឆាកប្រដាល់អន្តរជាតិបាន»។ម្ចាស់ពាន One Championship រូបនេះលើកឡើងថា ទោះឈឺសាច់ញឹកញាប់ក៏ដោយ តែខ្លួនមាន​មោទនភាព​ណាស់​​ក្នុងនាមជាកីឡាការិនីដែលធ្លាប់​ទទួលជោគជ័យសម្រាប់ជាតិ។

«ខ្ញុំធ្លាប់មានបទពិសោធន៍ឈឺខ្លួនជាច្រើនដង។ មានមួយលើកនោះ របួសចិញ្ចើមដល់ថ្នាក់ដេរ ៥ថ្នេទៀត។ តែខ្ញុំក៏មាន​បទពិសោធន៍​ដែលធ្វើឲ្យខ្ញុំមានមោទនភាពខ្លាំងជាច្រើនលើកដែរ គឺពេលដែលខ្ញុំប្រកួតឈ្នះកីឡាការិនីថៃ និងឈ្នះ​មីយ៉ាន់ម៉ា ២ដង។ ជាប់ជាកីឡាការិនីឆ្នើមដែលប្រកួតនៅមីយ៉ាន់ម៉ា។ មួយទៀតខ្ញុំបានឈ្នះ និមិត្តរូបខ្លួនឯង​ (Idol) គឺកីឡាការិនីល្បី​ប្រចាំប្រទេសថៃ មានឈ្មោះថា Rika Ishige។ រំភើបបំផុតគឺដោយសារឈ្នះក្នុងសង្វៀនអន្តរជាតិ ONE Championship​។ តែមុនឈ្នះហ្នឹង ខ្ញុំអន់ចិត្តដែរនៅពេលដែលមានគ្រូបង្វឹកជាជនបរទេសម្នាក់លើកឡើងថា​ទឹកដៃខ្ញុំនៅអន់ណាស់ មិនទាន់ឆ្នើមប្រចាំប្រទេសខ្មែរទេ ចឹងមិនច្បាស់ថាអាចឈ្នះគេ ឬអត់»។

«ខ្ញុំតែងញញឹមរក្សាជំហរ ២៤ម៉ោង ទោះឈឺពេញខ្លួន តែនៅជម្នះឧបសគ្គ។ ក្រោយឃើញខ្ញុំឈ្នះ មាននារីជាយុវជន​ខ្មែរជាច្រើនមកប្រាប់ខ្ញុំថា គេចង់ហាត់ដូចខ្ញុំ»។

«ខ្ញុំបានទៅប្រកួតក្រៅប្រទេសច្រើន។ ឥលូវគេស្គាល់ខ្ញុំជាងមុន។ អ្នកជិតខាងក៏លើកឡើងថា ខ្ញុំសំណាងដែល​បានស្គាល់​ប្រទេសគេ។ ពិតមែន វា​​ជាក្តីរំភើបសម្រាប់ខ្ញុំ»។ ​

ជម្រើសជាតិសកលកម្ពុជារូបនេះហាក់បង្ហាញនូវឆន្ទៈឥតរុញរាថា៖ «គេហៅទៅប្រកួត យើងត្រូវតែទៅ មិនថាក្រៅ ឬក្នុងស្រុក ទោះបីឈ្នះចាញ់ មិនរុញរា។ កីឡាការិនីជាអ្នកតំណាងប្រទេសត្រូវប្រឹង ហើយវាយឲ្យល្អមើល។ គុន​ខ្មែរ​មក​ពីប្រទេសណាគេមិនដឹងទេ បើយើងមិនបានផ្សាយឲ្យគេដឹងនោះ។ ចេញទៅប្រកួតក្រៅប្រទេសទើបគេស្គាល់ ជាក់ស្តែងដូចប្រទេសថៃ គេខំផ្សព្វផ្សាយពី Muay Thai ណាស់ ចឹងហើយបានប្រទេសណាក៏ស្គាល់ពីគេដែរ»។«គ្រូបានត្រឹមបង្រៀនយើងហាត់ទេ យើងត្រូវយកចិត្តទុកដាក់តស៊ូដោយខ្លួនឯង។ ក្រោយចូលកីឡា ខ្ញុំបានជួយ​គ្រួសារច្រើនណាស់។ មួយទៀតរឿងហាត់គុនខ្មែរ ដូចជប៉ុនអី គេអត់ស្គាល់គុនខ្មែរហ្នឹងជាអីទេ។ គេស្គាល់តែ Muay Thai។ ចឹងហើយខ្ញុំចង់ផ្សាយឲ្យគេស្គាល់ពីយើងឲ្យច្រើនដែរ»។

កីឡាការិនីកម្ពស់ ១៥៥ សង់ទីម៉ែត្រខាងលើមានសុទិដ្ឋិនិយមថា៖ «យើងដើរទៅមុខបន្តិចម្តងៗរហូតគេស្គាល់ បើយើងមិនដើរទៅមុខគេមិនស្គាល់យើងដែរ។ ខ្ញុំឈឺចាប់ពេលចេញទៅក្រៅប្រទេសហើយគេមិនស្គាល់គុនខ្មែរ។ យើងជាតំណាងជាតិ។ ខ្ញុំចង់ផ្សាយពីកម្ពុជាថា ក្បាច់គុនខ្មែរមិនមែនចម្លងពីគេ»។

ជានារីការហាត់អាចមានឧបសគ្គច្រើន ព្រមទាំងប្រឈមនឹងការឈឺចាប់ តើកញ្ញាធ្លាប់ខកចិត្តដែលជម្រុញឲ្យចង់​សម្រេចចិត្តឈប់ប្រកួតម្តងៗដែរទេ? តបនឹងសំណួរនេះ ស្រីពៅថា៖ «ពេលលេងកីឡាតែងតែមានរបួស ខ្ញុំធ្លាប់​ចង់ឈប់ដោយសារតែអត់មានកីឡាការិនីហាត់។ មួយទៀត ធ្លាប់១ឆ្នាំប្រកួតបានតែ ២ទៅ ៣ដងក៏មាន ខ្ញុំធ្លាប់គិត​ថាចង់ទៅរកការងារថ្មី។ តែបន្ទាប់ពីមានការលើកទឹកចិត្តពីគ្រួសារ និងមិត្តភក្តិ ខ្ញុំក៏បន្តដើរទៅមុខ»។

តបនឹងសំណួរបន្ទាប់របស់អ្នកសារព័ត៌មាន ថាតើការហាត់កីឡាអាចប៉ះពាល់ដល់ការសិក្សារបស់អ្នកហាត់ ឬទេ? កញ្ញា នៅ ស្រីពៅ តបទាំងមិនស្ទាក់ស្ទើរថា វាអាស្រ័យលើការបែងចែកពេលវេលារបស់អ្នកហាត់ តែចំពោះការយល់​ឃើញ​របស់កញ្ញា ការចំណាយពេលហាត់កីឡាមិនបានធ្វើឲ្យមានផលប៉ះពាល់ទេ ព្រោះកីឡាអាចហាត់នៅផ្ទះ ឬកន្លែងណាក៏បាន។

«ហាត់កីឡាមិនប៉ះពាល់ដល់ការសិក្សា វាអាស្រ័យលើការបែងចែកពេលវេលារបស់យើង»។

ចុះកាលពីពេលហាត់ ឬក៏ប្រកួតវិញមានបញ្ហាលំបាកយ៉ាងណាខ្លះ? «បញ្ហាប្រឈមពេលខ្លះ ត្រូវសម្រកគីឡូ​ដើម្បីឲ្យត្រូវគីឡូ​សម្រាប់​ការប្រកួត។ តម មិនញុាំអាហារក៏មាន គឺផឹកតែទឹកជំនួសវិញដើម្បីឲ្យស្រក​គីឡូ​។ ហើយមួយទៀត ដោយសារមានមាឌតូចជាងកីឡាការិនីបរទេស យើងចាញ់មាឌគេ ពិបាកវាយ»។ ឆ្លើយបណ្តើរ កាន់ក្រដាសជូតទឹកភ្នែកបណ្តើរ កញ្ញា ស្រីពៅបានបង្ហើបនូវមេរៀនមួយដែលជាការចង់ចាំសម្រាប់​ខ្លួនឯង និងដើម្បីលើកទឹកចិត្តដល់យុវជនឲ្យចេះដាក់ចិត្តដាក់កាយលើអ្វីដែលខ្លួនស្រលាញ់។

ម្ចាស់រហ័សនាម «កីឡាការិនីឆ្នើម» ដែលត្រូវបានហៅដោយស្ថាប័នប្រដាល់នៅមីយ៉ាន់ម៉ារូបនេះអះអាងថា៖ «ខ្ញុំហាត់ដំបូង ឈឺសាច់ខ្លាំង។ ដល់ពេលឡើយសង្វៀនវិញ ទោះបីគេវាយយ៉ាងណាក៏នៅតែសើច រក្សាជំហរ ២៤​ម៉ោង​មិនឲ្យគូប្រកួតដឹងថា យើងឈឺ។ បទពិសោធគឺធ្វើខ្លួនឲ្យសប្បាយផង អត់ធ្មត់ផង។ មេរៀនសំខាន់​មួយគឺធ្វើ​ឲ្យគេស្គាល់ខ្មែរ។ អរគុណកីឡាដែលធ្វើឲ្យគេស្គាល់ខ្ញុំកាន់តែច្រើនជាងមុន។ ខ្ញុំបានចេញទៅប្រទេសឥណ្ឌូនេស៊ី ម៉ាឡេស៊ី ហ្វីលីពិន ជប៉ុន វៀតណាម​ និងប្រទេសមួយចំនួនទៀត។ ជឿខ្ញុំ​ បើយើងស្រលាញ់កីឡា​យើងត្រូវដាក់ចិត្ត វានឹងផ្តល់ផលឲ្យយើង»៕

Comments are closed, but trackbacks and pingbacks are open.