អ្នកចូលចិត្តញ៉ាំផ្លែបឺរ មានដឹងថាផ្ដល់ប្រយោជន៍បែបណាដល់សុខភាពសក់អត់?
គ្នាយើងចូលចិត្តញ៉ាំផ្លែបឺរពិតជាដឹងហើយថាមានរសជាតិឆ្ងាញ់ តែគ្នាយើងមានដឹងទេថាផ្លែបឺរក៏ជាប្រភពនៃសារធាតុចិញ្ចឹមច្រើនយ៉ាង និងមានខ្លាញ់ល្អចំពោះសុខភាព ពិសេសគឺសុខភាពសក់តែម្ដង។
ផ្លែបឺរ ជាប្រភពដ៏ល្អរបស់វីតាមីន E ដែលវីតាមីននេះជួយឲ្យសក់លូតលាស់បានល្អ។ ផ្លែបឺរមួយផ្លែទម្ងន់២០០ក្រាម ផ្ដល់ឲ្យយើង២១ភាគរយនៃវីតាមីនE ដែលរាងកាយយើងត្រូវការប្រចាំថ្ងៃ។
មិនខុសអីពីវីតាមីនC វីតាមីនE ជាសារធាតុប្រឆាំងអុកស៊ីតកម្មដែលអាចជួយប្រឆាំងនឹង oxidative stress (ជាបញ្ហាអតុល្យភាពរវាងរ៉ាឌីកាល់សេរី និងសារធាតុប្រឆាំងអុកស៊ីតកម្មនៅក្នុងខ្លួន )ដោយជួយបញ្ឈប់រ៉ាឌីកាល់សេរី។
ការសិក្សាមួយបានរកឃើញថាអ្នកមានបញ្ហាជ្រុះសក់ ចំនួន ៣៤,៥ភាគរយមានសក់ដុះច្រើនឡើងវិញក្រោយប្រើអាហារបំប៉នវីតាមីន E ក្នុងរយៈពេលប្រាំបីខែ។
វីតាមីន E ក៏ជួយការពារស្បែក ដូចជាស្បែកក្បាលពី oxidative stress និងការខូចខាតផ្សេងៗផងដែរដែលការខូចខាតស្បែកក្បាលនាំឲ្យគុណភាពសក់ចុះខ្សោយ។
មួយវិញទៀតផ្លែបឺរក៏ជាប្រភពនៃអាស៊ីដខ្លាញ់ល្អ ដែលខ្លាញ់ទាំងនេះរាងកាយយើងផលិតមិនបាននោះទេ ហើយបើរាងកាយយើងមានអាស៊ីដខ្លាញ់បែបនេះមិនគ្រប់គ្រាន់អាចធ្វើឲ្យសក់យើងជ្រុះដែរ។
Comments are closed, but trackbacks and pingbacks are open.