សកម្មភាពឆ្លាតវៃ ៩យ៉ាងនេះ ដែលមនុស្សខ្ជិលច្រអូសតែងតែធ្វើ
មនុស្សមួយចំនួននៅលើលោកនេះរមែងវាយយម្លៃមនុស្សខ្ជិល អំពីជីវិតរស់នៅរបស់ពួកគេ។ អ្នកខ្លះនិយាយថា មនុស្សខ្ជិលច្រអូសជាមនុស្សយឺតយ៉ាវ ខ្វះទំនុកចិត្តលើខ្លួនឯង ខ្វះសេចក្តីគោរពចំពោះខ្លួនឯង និងខ្វះការកំណត់សម្គាល់វិជ្ជមានពីអ្នកដទៃ។ មនុស្សខ្ជិលច្រអូសតែងតែចំណាយពេលច្រើនលើការមើលទូរទស្សន៍ លេងហ្គេម ដើរលេងច្រើន និងធ្វើការងារនៅផ្ទះជាដើម។ អ្នកខ្លះប្រហែលជាច្រណែននឹងមនុស្សខ្ជិល ហេតុអីពួកគេមានពេលវរលាធ្វើសកម្មភាពទាំងនោះច្រើនម្ល៉េះ។ ប្រសិនបើអ្នកនើយហត់ ស្រ្តេស ឬគ្មានពេលសម្រាប់គ្រួសារនិងខ្លួនឯងដូចមនុស្សខ្ជិលច្រអូសទេ អ្នកគួរមើលអំពីសកម្មភាពដែលមនុស្សខ្ជិលច្រអូសតែងតែធ្វើ។
ក្នុងន័យនេះមិនមែនឱ្យអ្នកក្លាយជាមនុស្សខ្ជិលទេ គ្រាន់តែចង់ប្រាប់អ្នកអំពីសកម្មភាពរបស់មនុស្សខ្ជិលច្រអូសតែប៉ុណ្ណោះ។
១. មនុស្សខ្ចិលច្រអូសតែងតែរកវិធីងាយៗដើម្បីសម្រេចការងារ
លោកមហាសេដ្ឋី Bill Gates បាននិយាយថា«ខ្ញុំចង់បានមនុស្សខ្ជិលច្រអូសមកធ្វើការងារពិបាកៗ ពីព្រោះពួកគេនឹងស្វែងរកវិធីងាយៗដើម្បីសម្រេចការងារ»។ វាមិនខុសទេក្នុងការស្វែងរកវិធីស្រួលៗដើម្បីធ្វើការងារពិបាកៗ។
ទី២. មនុស្សខ្ជិលច្រអូសផ្ទេរការងារទៅឱ្យអ្នកដទៃ
ពួកគេតែងតែនៅជុំវិញអ្នកដែលមានជំនាញ ហើយឱ្យអ្នកជំនាញទាំងនោះធ្វើការងាររបស់ពួកគេ។ ការផ្ទេរការងារមិនមែនមានន័យថា លះបង់ការងារខ្លួនទៅអ្នកដទៃដោយមិនខ្វល់នោះទេ។ ពួកគេនៅតែត្រូវការមនុស្សត្រឹមត្រូវ និងចូលរួមក្នុងការសម្រេចចិត្តទៅលើអ្វីមួយ។
ទី៣. មនុស្សខ្ជិលច្រអូសរៀនពីកំហុសអ្នកដទៃ
ពួកគេធ្វើការស្វែងយល់ទៅលើមេរៀនដែលបានរៀន និងស្វែងរកជំនួយពីអ្នកដទៃ ជំនួសឱ្យការដោះស្រាយវាដោយខ្លួនឯង ដែលទង្វើនោះជួយសន្សំពេលវេលារបស់ពួកគេ។
ទី៤. មនុស្សខ្ជិលច្រអូសមិនគិតច្រើនពីបញ្ហាទេ
ពួកគេមិនមានអារម្មណ៍ថា ធ្វើអ្វីមួយអោយល្អឥតខ្ជោះ ឬគិតច្រើនអំពីបញ្ហាឬការងារណាមួយទេ ពួកគេគ្រាន់តែគិតថាធ្វើអ្វីណាមួយអោយឆាប់រហ័ស និងធ្វើឱ្យរួចរាល់។
ទី៥. មនុស្សខ្ជិលច្រអូសធ្វើការងារដោយសប្បាយៗ
ពួកគេធ្វើឱ្យការងារធុញទ្រាន់របស់ពួកគេឱ្យទៅជាការងារ សប្បាយៗបានដោយយកពេលសម្រាកឱ្យបានច្រើន ដូចជាស្តាប់តន្រ្តី និងចូលរួមជាមួយក្រុមការងារ។ ជួនកាលពួកគេលេងបាល់បោះនៅការិយាល័យធ្វើការទៀតផង។
ទី៦. មនុស្សខ្ជិលច្រអូសមានពេលសម្រាកច្រើនណាស់
ពួកគេសន្សំសំចៃកម្លាំងថាមពលរបស់ពួកគេ ដូច្នេះពួកគេអាចទទួលការងារដែលមានសម្ពាធដោយធ្វើការងារដ៏ឆ្លាតវៃ ព្រមទាំងធ្វើការងារទាំងនោះអោយរួចរាល់ក្នុងអក្បកិរិយាសម្រាករីករាយ។
ទី៧. មនុស្សខ្ជិលច្រអូសមានសមត្ថភាព (efficient)
ពួកគេអាចផ្តោតអារម្មណ៍លើការងារត្រឹមតែ២០%ប៉ុណ្ណោះ ព្រមទាំងគិតរឿងងាយៗក្នុងការគេចចេញពីការងារបន្ថែម។ វាគឺជាការគ្រប់គ្រងពេលវេលាល្អមួយ និងជាការជ្រើសរើសដ៏ល្អមួយចំពោះអ្វីដែលពួកគេធ្វើ។
ទី៨. មនុស្សខ្ជិលច្រអូសគិតតែពីខ្លួនឯង
ពួកគេមិនសូវយកពេលវេលាទៅគិតអំពីរឿងអ្នកដទៃទេ ដែលនោះជាជីវិតសាមញ្ញរបស់ពួកគេ។ ដូចនេះ ពួកគេមានពេលវេលាច្រើនក្នុងការដោះស្រាយបញ្ហាបន្ទាន់ផ្សេងទៀត។
ទី៩. មនុស្សខ្ជិលច្រអូសមានភាពច្នៃប្រឌិត
ពួកគេមានពេលវេលាគ្រប់គ្រាន់ក្មុងការគិតពីអ្វីៗដែលមានភាពច្នៃប្រឌិត និងចូលរួមជាមួយនឹងគំនិតថ្មីៗ៕
Comments are closed, but trackbacks and pingbacks are open.