អាកាសយានដ្ឋានសម្រាប់ឡានហោះដំបូងបង្អស់របស់ពិភពលោក នឹងសាងសង់នៅប្រទេសអង់គ្លេស

អាកាសយានដ្ឋានសម្រាប់រថយន្តហោះ នឹងត្រូវសាងសង់នៅទីក្រុងអង់គ្លេស Coventry នៅក្នុងឆ្នាំនេះ ដោយមានគម្រោងបង្ហាញពីរបៀបដែលរថយន្តតាក់ស៊ីហោះនឹងដំណើរការនៅក្នុងទីក្រុង។

ក្រុមហ៊ុន Urban-Air Port របស់អង់គ្លេសបានចាប់ដៃគូជាមួយក្រុមហ៊ុនផលិតរថយន្តយក្ស Hyundai ដើម្បីអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធដែលត្រូវការសម្រាប់រថយន្តហោះធ្វើការហោះហើរទៅលើមេឃដើម្បីដឹកមនុស្ស និងទំនិញ។

ចាប់ពីខែវិច្ឆិកាទៅ អ្នកដែលទៅលេងទីក្រុង Coventry នឹងបានមើលឃើញអាកាសយានដ្ឋានរថយន្តហោះ ឃើញដ្រូនហោះដឹកអ្នកដំណើរ និងរថយន្តហោះអគ្គិសនី (eVTOL)។ Urban-Air Port ត្រូវបានជ្រើសរើសដោយកម្មវិធីរបស់រដ្ឋាភិបាលមួយដែលមានគោលបំណងដើម្បីអភិវឌ្ឍការហោះហើរគ្មានការបំភាយ និងយានហោះហើរថ្មី ដោយបានឈ្នះនូវទឹកប្រាក់ ១.២ លានផោន (១.៦៥ លានដុល្លារ) ដើម្បីយកទៅសាងសង់ព្រលានយន្តហោះនៅកណ្តាលទីក្រុង Coventry ។


ស្ថាបនិកនិងជាប្រធានប្រតិបត្តិក្រុមហ៊ុនអាកាសចរណ៍ Urban Air-Port លោក Ricky Sandhu បានប្រាប់ Reuters ថា៖ «ដោយមានការគាំទ្រពីរដ្ឋាភិបាលចក្រភពអង់គ្លេស និងការគាំទ្រពីក្រុមហ៊ុន Hyundai គ្រុប យើងនឹងបានឃើញអាកាសយានដ្ឋាននេះជាលើកដំបូងក្នុងពិភពលោក។»

ខណៈពេលដែលមានការរីកចម្រើនលើការអភិវឌ្ឍរថយន្តហោះ លោក Sandhu បាននិយាយថា ហេដ្ឋារចនាសម្ព័ន្ធគឺនៅមិនទាន់ល្អប្រសើរនៅឡើយ៕

Comments are closed, but trackbacks and pingbacks are open.