អ្នកជំងឺកូវីដ១៩ម្នាក់ទៀត ជាមន្រ្តីនគរបាលចរាចរណ៍នៅរាជធានីភ្នំពេញ បានស្លាប់បាត់បង់ជីវិត នៅក្នុងមន្ទីរពេទ្យរុស្ស៉ី ក្នុងវ័យ៥៥ឆ្នាំ
(ភ្នំពេញ)៖ រដ្ឋលេខាធិការ ក្រសួងសុខាភិបាល លោកស្រី យក់ សម្បត្តិ បានថ្លែងប្រាប់បណ្តាញព័ត៌មាន ឲ្យដឹងនៅព្រឹកថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២១នេះថា មានករណីអ្នកស្លាប់ដោយសារជំងឺកូវីដ១៩ម្នាក់ទៀតហើយ គឺជាមន្រ្តីនគរបាលចរាចរណ៍ នៅស្នងការដ្ឋានរាជធានីភ្នំពេញ ឈ្មោះ ថន ចាន់ធឿន អាយុ៥៥ឆ្នាំ មានស្រុកកំណើតនៅភូមិក្តីចាស់ ឃុំព្រែកហ្លង ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។
អ្នកជំងឺកូវីដ១៩រូបនេះបានចូលទៅមន្ទីរពេទ្យរុស្ស៉ី នៅវេលាម៉ោង១៥៖៣០នាទី ថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២១នេះដោយស្ថិតក្នុងវិបត្តិផ្លូវដង្ហើមធ្ងន់ធ្ងរ គាំងបេះដូង និងបាត់បង់ស្មារតី។ អ្នកជំងឺបានស្លាប់នៅវេលាម៉ោង១៦រសៀលថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២១។ ដោយជាករណីសង្ស័យ ក្រុមគ្រូពេទ្យក៏យកសំណាកទៅពិនិត្យ ក៏ទទួលបានលទ្ធផលវិជ្ជមានកូវីដ១៩។
រហូតមកដល់ពេលនេះ អ្នកជំងឺកូវីដ១៩ ចំនួន៨នាក់ហើយ បានស្លាប់បាត់បង់ជីវិត ដោយសារជំងឺកូវីដ១៩
* ទី១៖ បុរសជនជាតិខ្មែរ អាយុ៥០ឆ្នាំ បានស្លាប់នៅមន្ទីរមិត្តភាពខ្មែរ-សូវៀត កាលពីថ្ងៃទី១១ ខែមីនា ឆ្នាំ២០២១។
* ទី២៖ ស្រ្តីជនជាតិខ្មែរ ឈ្មោះ ងឿន សុថានី អាយុ៦២ឆ្នាំ បានស្លាប់នៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត នៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២១ (ភរិយា លោក ហួរ ឡាវី)
* ទី៣៖ បុរសជនជាតិខ្មែរ ឈ្មោះ គឹម ឃីស៊ុន អាយុ៤៦ឆ្នាំ បានស្លាប់នៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត នៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២១។
* ទី៤៖ បុរសជនជាតិខ្មែរ អាយុ៧៥ឆ្នាំ ឈ្មោះ ស្តើង ជា បានស្លាប់នៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ថ្ងៃទី២១ ខែមីនា ឆ្នាំ២០២១។
* ទី៥៖ ស្រ្តីជនជាតិខ្មែរ ឈ្មោះ អ៉ិន ម៉ានីតា ភេទស្រី អាយុ៦២ឆ្នាំ (ជាម្តាយតារាកំប្លែងស្រីពីន) រស់នៅក្រោយផ្សារសឡា ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
* ទី៦៖ ឈ្មោះ ឈាន ប៊ុនធឿន ជនជាតិខ្មែរ ភេទប្រុស អាយុ៣៨ឆ្នាំ ស្នាក់នៅភូមិកណ្តាល ឃុំមានជ័យ ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ ។
* ទី៧៖ ឈ្មោះ Wu Jiannan ជនជាតិចិន ភេទប្រុស ៤៣ឆ្នាំ ជាបុគ្គលិកកាស៊ីណូ នៅស្រុកកោះធំ ខេត្តកណ្តាល។
* ទី៨៖ ឈ្មោះ ថន ចាន់ធឿន អាយុ៥៥ឆ្នាំ មន្រ្តីនគរបាលចរាចរណ៍ ស្រុកកំណើត នៅស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល៕
Comments are closed, but trackbacks and pingbacks are open.