រកឃើញអ្នកឆ្លងកូវីដ-១៩ ចំនួន៦៣នាក់ ភាគច្រើនឆ្លងលើជនជាតិខ្មែរនៅព្រះសីហនុ និងភ្នំពេញ
ភ្នំពេញ៖ ក្រសួងសុខាភិបាល នៅថ្ងៃ៣១មីនានេះ បានប្រកាសរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ ចំនួន ៦៣នាក់បន្ថែមទៀត ដែលសុទ្ធតែជាករណីឆ្លងក្នុងសហគមន៍២០កុម្ភៈ ភាគច្រើនបានឆ្លងលើជនជាតិខ្មែរនៅខេត្តព្រះសីហនុ និងភ្នំពេញ ខណៈអ្នកជំងឺ ១៥នាក់ បានជាសះស្បើយ។
ករណីសហគមន៍ទាំងអស់នាព្រឹកនេះ បានរកឃើញនៅខេត្តព្រះសីហនុចំនួន ៣៤នាក់ ដែលសុទ្ធតែជាពលរដ្ឋខ្មែរ ក្នុងនោះមានកុមារ៨នាក់។ នៅភ្នំពេញមានអ្នកឆ្លង ២៣នាក់ ក្នុងនោះមានជនជាតិចិន ៤នាក់។ រីឯខេត្តត្បូងឃ្មុំ មាន៤នាក់ ក្នុងនោះ មានកុមារម្នាក់ ខណៈខេត្តកណ្ដាល និងស្វាយរៀង មានអ្នកឆ្លង ១នាក់ដូចគ្នា។ បច្ចុប្បន្ន ករណីសហគមន៍ បានរាលដល់១៤ រាជធានី-ខេត្ត នៅកម្ពុជា។ចំណែកអ្នកជាសះស្បើយចំនួន ១៥នាក់ នាព្រឹកនេះវិញ សុទ្ធតែជាអ្នកពាក់ព័ន្ធក្នុងព្រឹត្ដិការណ៍សហគមន៍២០កុម្ភៈ មានខ្មែរ និងចិន ដែលមានអាសយដ្ឋាននៅភ្នំពេញ និងព្រះសីហនុ។ សូមជម្រាបថា គិតត្រឹមថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១ កម្ពុជារកឃើញអ្នកឆ្លងកូវីដ-១៩ នៅទូទាំងប្រទេសសរុបចំនួន ២,៤៤០នាក់ ក្នុងនោះ ១,៩១៤នាក់ ជាករណីសហគមន៍២០កុម្ភៈ។ បច្ចុប្បន្ន មានអ្នកជំងឺ១,២៣៤នាក់ កំពុងសម្រាកព្យាបាលចំនួន និង១,១៩១នាក់ បានជាសះស្បើយ ខណៈអ្នកជំងឺ ១១នាក់បានស្លាប់៕
Comments are closed, but trackbacks and pingbacks are open.