ប្រយ័ត្នផង! មនុស្ស ៤ ប្រភេទនេះ ក្រសួងណែនាំ មិនគួរប្រើថ្នាំ ម៉ូលណាទ្រីស ដើម្បីព្យាបាលជំងឺកូវីដ
ក្រសួងសុខាភិបាល នៃព្រះរាជាណាចក្រកម្ពុជា បានចេញសេចក្ដីណែនាំទូទៅ ស្ដីពីការប្រើប្រាស់ ឱសថម៉ូលណាទ្រីស (ម៉ូលនូពីវីរ៉ា កាប់ស៊ុល ២០០ មីលីក្រាម) ខណៈឱសថនេះ ជាថ្នាំប្រើសម្រាប់ព្យាបាលជំងឺកូវីដ-១៩ ជាប្រភេទថ្នាំគ្រាប់ដែល ១ កំប៉ុង មានចំនួន ៤០ គ្រាប់។
តាមរយៈសេចក្ដីណែនាំ ក្រសួងក៏បានបញ្ជាក់ពីក្រុមមនុស្ស ដែលមិនគួរប្រើថ្នាំប្រភេទនេះផងដែរ ដែលមានដូចជា ៖
-កុមារ ៖ សុវត្ថិភាព និងប្រសិទ្ធភាពរបស់ Molnupiravir ចំពោះអ្នកជំងឺអាយុតិចជាង ១៨ ឆ្នាំ មិនទាន់បាន សិក្សាបញ្ជាក់នៅឡើយទេ។
– អ្នកងាយប្រតិកម្ម ៖ ហាមប្រើចំពោះ អ្នកដែលងាយមានប្រតិកម្ម ជាមួយសារធាតុសកម្ម ឬសារធាតុរួមផ្សំណាមួយនៃឱសថ។
– ស្ត្រីមានផ្ទៃពោះ ៖ ទោះបីជាមិនមានទិន្នន័យពីការប្រើ Molnupiravir លើស្រ្តីមានផ្ទៃពោះក៏ដោយ ប៉ុន្តែ ការសិក្សាលើសត្វ បានបង្ហាញពីការពុលលើភាពបង្កកំណើត។ ដូច្នេះ Molnupiravir មិនត្រូវបានណែនាំឱ្យប្រើ ក្នុងអំឡុងពេលមានផ្ទៃពោះទេ។ ស្ត្រីដែលបម្រុងនឹងមានគភ៌ គួរប្រើការពន្យារកំណើតដែលមានប្រសិទ្ធភាពសម្រាប់រយៈពេលព្យាបាល និងសម្រាប់រយៈពេល ៤ ថ្ងៃបន្ទាប់ពីបញ្ចប់ការប្រើ Molnupiravir។
– ស្ត្រីបំបៅដោះកូន ៖ គេពុំទាន់បានដឹងនៅឡើយទេ ថាតើ Molnupiravir ឬសារធាតុផ្សំណាមួយនៃ Molnupiravir មានវត្តមាន នៅក្នុងទឹកដោះមនុស្ស ឬប៉ះពាល់ដល់ការផលិតទឹកដោះមនុស្ស ឬមានឥទ្ធិពលដល់ទារក ដែលបៅដោះម្តាយ នោះទេ។ ការសិក្សាជាមួយនឹង Molnupiravir លើសត្វដែលបៅដោះមិនត្រូវបានធ្វើឡើងទេ។ ដោយផ្អែក លើសក្តានុពលនៃប្រតិកម្មរំខានមកពី Molnupiravir លើកូនក្មេង ការបំបៅដោះកូនមិនត្រូវបានណែនាំទេក្នុង អំឡុងពេលព្យាបាល និងសម្រាប់រយៈពេល ៤ ថ្ងៃបន្ទាប់ពីបញ្ចប់ការប្រើ Molnupiravir។
យ៉ាងណាមិញ ចំពោះថ្នាំប្រភេទនេះទៀតសោត ក្រសួងក៏បានបញ្ជាក់ពីប្រតិកម្មរំខានផងដែរ ដោយយោងតាមទិន្នន័យតាមដានសិក្សាបង្ហាញថា ឱសថនេះ អាចបណ្តាលឱ្យមានផលរំខានតិចតួច ដូចជា រាគ ចង្អោរ ក្អួត ធីងធោង ឈឺក្បាល និងអាចមានកន្ទួលលើស្បែក កន្ទាលត្រអាក ។ល៕
Comments are closed, but trackbacks and pingbacks are open.