មន្ត្រីជាន់ខ្ពស់ក្រសួងសុខាភិបាលបានលើកឡើងថា យើងនឹងវិលទៅរកការបិទខ្ទប់ឡើងវិញ
មន្ត្រីជាន់ខ្ពស់នៃក្រសួងសុខាភិបាលបានលើកឡើងថា ករណីឆ្លងថ្មីនៃអ្នកជំងឺកូវីដ-១៩ នៅកម្ពុជាក្នុងខែឧសភានេះ មានចំនួនខ្ពស់ជាងតួលេខក្នុងខែមេសា កាលរដ្ឋាភិបាលបានចាប់ផ្ដើមអនុវត្តវិធានការបិទខ្ទប់ដំបូងនៅ រាជធានីភ្នំពេញ និងក្រុងតាខ្មៅ នៃខេត្តកណ្ដាលទៅទៀត ដែលការណ៍នេះអាចនឹងឈានទៅរកការបិទខ្ទប់ឡើងវិញ។
លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាអ្នកនាំពាក្យក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា មានប្រសាសន៍ប្រាប់ថា ជុំវិញការបិទខ្ទប់ឡើងវិញនោះ គឺអាស្រ័យទៅលើការចូលរួមរបស់ប្រជាពលរដ្ឋ។
លោកស្រី បានបញ្ជាក់ថា៖ “ជាធម្មតា កាលណាមានករណីឆ្លងច្រើននោះ ចង់មិនចង់គឺត្រូវតែប្រើវិធានការបិទខ្ទប់ហើយ បើមិនបិទខ្ទប់ទេ ការចម្លងនោះនឹងរាលដាលធំធេង ហើយយើងមិនអាចរ៉ាប់រងបានទេ។ បើយើងមិនអនុវត្តវិធានការការពារឱ្យបានខ្ជាប់ខ្ជួនទាំងអស់គ្នាទេ នោះនឹងអាចចូលក្នុងសភាពមួយ “បិទបើកៗ”។ បិទអ៊ីចឹងទៅ ធូរស្រាលបន្តិចទៅក៏បើក លុះពេលបើកវិញ យើងអនុវត្តវិធានការអត់បានត្រឹមត្រូវ ដូចជាភ្លេចខ្លះ ធ្វេសប្រហែសខ្លះ នាំឱ្យការចម្លងរាលដាលឡើងវិញ ដែលនាំឱ្យបិទវិញ”។
លោកស្រី ឱ វណ្ណឌីន បានលើកឡើងថា ប្រទេសមួយចំនួនបានបិទខ្ទប់ទៅដល់៣ដង ៤ដង ឬប្រទេសខ្លះមានការបិទទៅដល់១ឆ្នាំក៏មាន ដោយសារការឆ្លងធំពេក មិនអាចរ៉ាប់រងបាន។
លោកស្រី មានប្រសាសន៍ថា៖ “អ៊ីចឹង បើយើងមិនចង់ឆ្លងកាត់ដំណាក់កាលលំបាកបែបនោះទេ យើងត្រូវតែចេះស៊ូទ្រាំនៅក្នុងដំណាក់កាលនេះ ហើយរួចចំណែកទាំងអស់គ្នា ដើម្បីធ្វើម៉េចឱ្យតួលេខនៃការឆ្លងនេះថយចុះ ដែលនេះជាការណ៍សំខាន់”។
រដ្ឋលេខាធិការក្រសួងសុខាភិបាលរូបនេះ បានបញ្ជាក់ថា៖ “ប្រសិនបើយើងមិនចង់ឱ្យមានការវិលត្រឡប់នៃការបិទខ្ទប់ឡើងវិញទេ ជាការចាំបាច់ណាស់ត្រូវតែអនុវត្តវិធានការ៣កុំ៣ការពារ ហើយត្រូវតែប្រុងប្រយ័ត្នទាំងអស់គ្នា ការបើក ជំនួញអាជីវកម្ម ការបើកលក់ដូរអ្វីត្រូវចាត់ចែងរៀបចំឱ្យបានត្រឹមត្រូវ មិនអាចអនុវត្តការរស់នៅរបស់យើងដូចកាលមិនទាន់់មានវត្តមានជំងឺកូវីដ១៩នោះទេ បើយើងអនុវត្តបែបនោះមានន័យថា ការចម្លងនៅតែមាន មានហើយច្រើនទៀត នោះយើងនឹងវិលទៅរកការបិទខ្ទប់”។
គួរបញ្ជាក់ថា ករណីឆ្លងកូវីដ-១៩ ក្នុងខែឧសភា ឆ្នាំ២០២១នេះ មានចំនួនច្រើនជាងករណីឆ្លងក្នុងខែមេសាដែលមានការបិទខ្ទប់ដំបូង ចំនួន ៥,៧១៨ករណី ដោយក្នុងខែមេសាមានត្រឹម ១០,៩៧៤ករណី ចំណែកចុងខែឧសភានេះ មានចំនួនរហូតដល់ ១៦,៦៩២ករណី។
គិតត្រឹមព្រឹក ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២១នេះ កម្ពុជា មានអ្នកឆ្លងមេរោគកូវីដ-១៩ សរុប ៣០,០៩៤នាក់ អ្នកជាសះស្បើយ ២២,៦៣៦នាក់ និងអ្នកស្លាប់ ២១៤ករណី៕
Comments are closed, but trackbacks and pingbacks are open.