ក្រសួងរៀបចំដែនដីនឹងធ្វើការចែកដីដើម្បីសង្គមកិច្ច ដំណាក់កាលទី៣ ដល់ប្រជាជនក្រីក្រ
នៅព្រឹកថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២១ ឯកឧត្តម ជា សុផារ៉ា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងដែនដី នគរូបនីយកម្មនិងសំណង់ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់នៅក្នុងពិធីបើកកិច្ចសិក្ខាសាលាផ្សព្វផ្សាយស្តីពីការចាប់ផ្តើមអនុវត្តគម្រោងបែងចែកដីដើម្បីសង្គមកិច្ច និងការអភិវឌ្ឍដេដ្ឋកិច្ច ដំណាក់កាលទី៣ (LASED III) តាមប្រព័ន្ធអនឡាញ ដោយមានការចូលរួមពីថ្នាក់ដឹកនាំជាច្រើនរូប។
សូមជម្រាបថា គម្រោងបែងចែកដីដើម្បីសង្គមកិច្ច និងការអភិវឌ្ឍសេដ្ឋកិច្ច ដំណាក់កាលទី៣ ជាគម្រោងរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានថវិកាសរុប ១០៧លានដុល្លារអាមេរិក ក្នុងនោះរួមមានថវិកាឥណទានធនាគារពិភពលោកចំនួន ៩៣លានដុល្លារ និងថវិកាបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជាចំនួន ១៤លានដុល្លារ សហការអនុវត្តដោយក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ
សម្រាប់រយៈពេល ៦ឆ្នាំ ពីខែតុលា ឆ្នាំ២០២០ ដល់ខែធ្នូ ឆ្នាំ២០២៦ ក្នុងភូមិសាស្រ្តខេត្ត គោលដៅដែលមានដីសមស្រប និងនៅទីតាំងចំនួន ៧១ ក្នុងនោះ ២៦ទីតាំង សម្រាប់ការងារសម្បទានដីសង្គមកិច្ច និង៤៥ទីតាំង សម្រាប់សហគមន៍ជនជាតិដើមភាគតិច មានផ្ទៃដីសរុប ៣០ ០០០ហិកតា។ ក្នុងនោះផ្ទៃដីសហគមន៍ជនជាតិដើមភាគតិច ១០ ០០០ហិកតា និងមានអ្នកទទួលផលសរុប ៦៥០០ គ្រួសារ ក្នុងនោះសហគមន៍ជនជាតិភាគតិច ១៥០០គ្រួសារ។
សកម្មភាពរបស់គម្រោងផ្តោតលើការងារសំខាន់ចំនួន៥ គឺ៖
– ការងារសម្បទានដីសង្គមកិច្ច
– ការចុះបញ្ជីដីសហគមន៍ជនជាតិដើមភាគតិច
– ការធ្វើផែនការប្រើប្រាស់ដីនៅក្នុងឃុំ
– ការអភិវឌ្ឍប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធរូបវន្ត
– ការគាំទ្រដល់ការអភិវឌ្ឍជីវភាពរស់នៅរបស់អ្នកទទួលផល។
Comments are closed, but trackbacks and pingbacks are open.