បុរសវៀតណាមម្នាក់ត្រូវជាប់ពន្ធនាគាររយៈពេល ១៨ខែ ពីបទចម្លងជំងឺកូវីដ១៩ ទៅកាន់សង្សារ និងអ្នករួមការងាររបស់នាង
វៀតណាម៖ បុរសម្នាក់ត្រូវបានព្រះរាជអាជ្ញានៅក្នុងខេត្ត Hai Duong សម្រេចបង្គាប់ឱ្យជាប់ពន្ធនាគាររយៈពេល ១៨ខែ បន្ទាប់ពីគាត់បានលួចឆ្លងដែនចូលប្រទេសវៀតណាមពីប្រទេសឡាវ
ហើយបានចម្លងជំងឺ កូវីដ១៩ ទៅដល់មនុស្ស ២ នាក់ផ្សេងទៀត នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន VNexpress នៅថ្ងៃសៅរ៍ ទី១៧ ខែកក្កដា ឆ្នាំ២០២១។
បុរសម្នាក់នោះមានឈ្មោះថា Dao Duy Tung អាយុ ៣២ឆ្នាំ ហើយគាត់ត្រូវជាប់ពន្ធនាគារពីបទ «ចម្លងជំងឺឆ្លងដ៏គ្រោះថ្នាក់» ទៅកាន់មិត្តស្រី និងមិត្តរួមការងាររបស់នាង។
ព្រះរាជអាជ្ញារបស់ប្រទេសវៀតណាមបាននិយាយថា បុរសរូបនេះបានលួចចេញទៅប្រទេសឡាវកាលពីថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២១ ប៉ុន្តែមិនអាចរកការងារធ្វើនៅទីនោះបាន ដោយសារតែវិបត្តិនៃជំងឺ កូវីដ១៩ ហើយក៏បានសម្រេចលួចត្រឡប់មកប្រទេសវៀតណាមវិញ តាមរយៈរថយន្តកុងតឺន័រនៅខែដដែលនោះផ្ទាល់។
រហូតមកដល់ថ្ងៃទី៣០ ខែមេសា បងប្អូនរបស់គាត់នៅឯប្រទេសឡាវបានឱ្យដំណឹងថា មនុស្សម្នាក់ដែលគាត់បានប៉ះពាល់នៅប្រទេសឡាវ គឺបានវិជ្ជមានជាមួយជំងឺ កូវីដ១៩ ដូច្នេះគាត់គួរតែទៅធ្វើតេស្ដរកជំងឺ កូវីដ១៩ ។
យ៉ាងណាឈ្មោះ Dao Duy Tung មិនបានធ្វើតាមបងប្អូនណែនាំទេ ហើយថែមទាំងបន្ដស្នាក់នៅជាមួយមិត្តស្រីនៅក្រុង Hai Phong និងដើរលេងទៅតំបន់ចំនួន ៥ ផ្សេងទៀត។
ក្រោយមកគាត់បានចេញរោគសញ្ញាជំងឺ កូវីដ១៩ ហើយមិត្តស្រីរបស់គាត់ក៏បានប្រាប់ឱ្យគាត់ទៅធ្វើតេស្ដ ប៉ុន្តែគាត់នៅតែប្រកែកដដែលៗ និងពន្យារពេលដល់ថ្ងៃទី០៤ ខែឧសភា។
ក្រោយមកគាត់បានតេស្ដវិជ្ជមានជំងឺ កូវីដ១៩ នៅពេលត្រឡប់មកផ្ទះនៅ Hai Duong ហើយមិត្តស្រីគាត់ និងមិត្តរួមការងាររបស់នាង ក៏បានវិជ្ជមានជាមួយជំងឺនេះដូចគ្នា។
អាជ្ញាធរនៅក្រុង Hai Phong បានចំណាយប្រាក់ប្រមាណ ៤០,០០០ ដុល្លារ (៩០០លានដុង) នៅក្នុងការតាមរក និងតេស្ដរកជំងឺ កូវីដ១៩ ដល់អ្នកដែលបានប៉ះពាល់គាត់
ខណៈអាជ្ញាធរនៅខេត្ត Hai Duong ក៏បានចំណាយអស់ ២.៤ពាន់លានដុង (១០០,០០០ដុល្លារ) សម្រាប់កិច្ចខិតខំទប់ស្កាត់ និងការពារជំងឺ កូវីដ១៩ ដែលបណ្ដាលមកពីភាពមិនទទួលខុសត្រូវរបស់គាត់។ យ៉ាងការពិន័យជាប្រាក់សម្រាប់គាត់ត្រូវបានលើកលែក ដោយសារគាត់គ្មានការងារធ្វើ និងគ្មានផ្ទះសម្បែងច្បាស់លាស់៕
Comments are closed, but trackbacks and pingbacks are open.