ពិតជាមន្ត្រីល្អណាស់!! ប្រាក់ខែត្រឹម ៤លាន តែឯកឧត្ដម ជា ច័ន្ទបរិបូណ៌ បរិច្ចាគឱ្យអ្នកខ្វះខាតវិញ ជាង១០នាក់ហើយ ម្នាក់១០ម៉ឺនរៀងរាល់ខែ
មន្ត្រីជាន់ខ្ពស់ក្នុងជួររដ្ឋាភិបាលមួយរូប តែងបរិច្ចាគប្រាក់ខែរបស់លោកទៅកាន់ប្រជាជនដែលខ្វះខាត ជារៀងរាល់ខែ ដោយទុកចំណែកខ្លួនឯងតែបន្តិចបន្តួចប៉ុណ្ណោះ ។ មន្ត្រីជាន់ខ្ពស់រូបនោះ គឺឯកឧត្ដម ជា ច័ន្ទបរិបូណ៌ រដ្ឋលេខាធិការ នៃក្រសួងព័ត៌មាន ។
ជាក់ស្ដែងថ្មីៗនេះឯកឧត្ដមបានប្រកាសស្វែងរកស្ត្រីម្នាក់ ជាអតីតមន្ត្រីនគរបាលមួយរូបឈ្មោះ ជឹម ស៊ីម ដែលទើបចូលនិវត្តន៍កាលពីប៉ុន្មានខែមុននេះ ដើម្បីបរិច្ចាគប្រាក់ខែរបស់លោកចំនួន ១០ម៉ឺនរៀល ជូនអ្នកស្រី រហូតដល់រដ្ឋាភិបាលអាណត្តិទី៦ នេះចប់ ។ ការប្រកាសបរិច្ចាគរបស់រដ្ឋលេខាធិការក្រសួងព័ត៌មានរូបនេះ ក្រោយពីលោកឃើញការលំបាករបស់អ្នកស្រី ជឹម ស៊ីម ក្រោយចូលនិវត្តន៍បានទៅប្រកបរបរលក់ដូរចំណីអាហារតាមរទេះ ហើយថែមទាំងលក់មិនដាច់ទៀត ព្រោះតែវិបត្តិកូវីដ-១៩ ។
នៅព្រឹកថ្ងៃទី ១១ ខែសីហា ឆ្នាំ ២០២១ នេះ ឯកឧត្ដម ជា ច័ន្ទបរិបូណ៌ បានប្រាប់ថា៖ «នេះជាអ្វីដែលខ្ញុំធ្វើបាន ព្រោះប្រាក់ខែខ្ញុំបានមកពីប្រជាជន ចែករំលែកជូនប្រជាជនវិញនៅពេលដែលគាត់បានបម្រើជាតិជាពិសេសចរាចរ» ។
កន្លងទៅឯកឧត្ដម បានបរិច្ចាគជូនប្រជាជនខ្វះខាតជាច្រើននាក់មកហើយ គិតមកដល់បច្ចុប្បន្ននេះ ជាង ១០នាក់ហើយ ដែលលោកតែងជូនថវិកាជាប្រាក់ខែរបស់លោកម្នាក់ ១០ម៉ឺនរៀលរៀងរាល់ខែ ។ បន្ថែមលើពីនេះលោកបានជួយដល់ការចិញ្ចឹមសត្វរបស់យុវជននៅស្រុកក្រឡាញ់ ខេត្តសៀមរាបផងដែរ ។ «ប្រាក់ខែពូនៅសល់តែ ១លាន ១០ម៉ឺនរៀលទេ ពេលនេះ» ។ ឯកឧត្ដម ជា ច័ន្ទបរិបូណ៌ ថ្លែង ៕
Comments are closed, but trackbacks and pingbacks are open.