ទឹកចិត្តម្ដាយឃើញហើយខ្លោចចិត្តណាស់!! ដើម្បីសុវត្ថិភាពកូន ម្តាយអាហ្វហ្គានីស្ថាន ប្រវេប្រវាបោះកូនកាត់របងលួសឱ្យទាហានជួយ (វីដេអូ)
ទិដ្ឋភាពដ៏រន្ធត់ខ្លោចចិត្ត ដែលបង្ហាញពីស្ត្រីៗនៅអាហ្វហ្គានីស្ថាន បាននាំគ្នាប្រវេប្រវាលើកកូនៗរបស់ពួកគេហុចរំលងរបងលួសនៅព្រលានយន្តហោះកាប៊ុល ខណៈពួកគេស្រែកយំអង្វរទ័ពអង់គ្លេសឱ្យជួយសង្គ្រោះពួកគេចេញពីក្រុមតាលីបង់ ។
ថ្លែងប្រាប់សារព័ត៌មាន Independent UK មន្ត្រីកងទ័ពឆត្រយោងបាននិយាយថា «ស្ត្រីជាម្ដាយទាំងនោះគឺមានការអស់សង្ឃឹម ។ ពួកគេត្រូវបានក្រុមតាលីបង់វាយដំ ។ ពួកគេបានស្រែកថា «ជួយកូនខ្ញុំផង!» ហើយបោះហុចកូនៗពួកគេឱ្យមកយើង ។ ក្មេងខ្លះបានធ្លាក់លើរបងលួសទៀតក៏មាន ។ រឿងរ៉ាវកើតឡើងនេះ គឺពិតជាខ្លោចផ្សាណាស់ ។ មកទល់ពេលយប់នេះ គ្មាននរណាម្នាក់ក្នុងក្រុមរបស់យើងដែលមិនយំនោះទេ» ។
ទិដ្ឋភាពដ៏គួរឱ្យខ្លោចចិត្តនោះត្រូវបានលាតត្រដាង ស្របពេលពលរដ្ឋអាហ្វហ្គានីស្ថានបានហុចកូនៗរបស់ពួកគេឱ្យទៅកងទ័ពអាមេរិកនៅចំហៀងមួយទៀតនៃព្រលានយន្តហោះ ក្នុងក្ដីសង្ឃឹមថា អាចជួយពួកគេជម្លៀសទៅកាន់ទីកន្លែងដែលមានសុវត្ថិភាព ។
បើតាមការបញ្ជាក់របស់មន្ត្រីនៅសេតវិមានកាលពីថ្ងៃទី ១៨ ខែសីហា ឆ្នាំ ២០២១ កន្លងទៅ មនុស្សប្រមាណជា ១ ៨០០ នាក់ត្រូវបានជម្លៀសក្នុងជើងហោះហើរ 10 C-17 ក្នុងរយៈពេល ២៤ ម៉ោង ។ ជាសរុប មនុស្សប្រមាណជិត ៦ ពាន់នាក់ បានចាកចេញពីប្រទេសអាហ្វហ្គានីស្ថាន បើគិតតាំងពីថ្ងៃទី ១៤ ខែសីហា ឆ្នាំ ២០២១ មក ៕
Comments are closed, but trackbacks and pingbacks are open.