ដាច់ផ្ងា! កាសែត The Guardian បានចូលកែខ្លឹមសារផ្សាយហើយ គឺកែពីឃ្លាថា «សម្តេច ហ៊ុន សែន ត្រូវបានរកឃើញ ទទួលលិខិតឆ្លងដែន cyprus» ប្តូរខ្លឹមសារមកជា «មនុស្សក្នុងសមាជិករង្វង់ផ្ទៃក្នុងសម្តេច ហ៊ុន សែន ត្រូវបានគេរកឃើញ ទទួលលិខិតឆ្លងដែន Cyprus» ដែលជាការទទួលស្គាល់ថា សម្តេច ហ៊ុន សែន គ្មានសញ្ជាតិបរទេសទេ
(ភ្នំពេញ)៖ នៅទីបំផុតសារព័ត៌មាន The Guardian បានកែអត្ថបទចេញផ្សាយរបស់ខ្លួនឡើងវិញ ក្រោយមានប្រតិកម្មខ្លាំងៗពីរាជរដ្ឋាភិបាលកម្ពុជា ពាក់ព័ន្ធការចេញផ្សាយបំភ្លៃការពិតទាំងស្រុង «សម្តេចតេជោ ហ៊ុន សែន ទទួលបានលិខិតឆ្លងដែនពីប្រទេសស៊ីព្រ»។
សារព័ត៌មាន The Guardian បានកែខ្លឹមសាររបស់ខ្លួនឡើងវិញដែលពីមុនបានសរសេរថា៖ «មេដឹកនាំកម្ពុជាលោក ហ៊ុន សែន ត្រូវបានគេរកឃើញថា ស្ថិតនៅក្នុងចំណោមជនជាតិមិនមែនអឺរ៉ុប រាប់ពាន់នាក់ដែលបានទទួលលិខិតឆ្លងដែនប្រទេសស៉ីព្រ»។
ក្រោយពីមានប្រតិកម្មសារព័ត៌មាន The Guardian បានកែសម្រួលឡើងវិញថា៖ «មន្រ្តីនៅក្បែរមេដឹកនាំកម្ពុជាលោក ហ៊ុន សែន ត្រូវបានគេរកឃើញថា ស្ថិតនៅក្នុងចំណោមជនជាតិមិនមែនអឺរ៉ុប រាប់ពាន់នាក់ដែលបានទទួលលិខិតឆ្លងដែនប្រទេសស៉ីព្រ»។ នៅក្នុងអត្ថបទដដែលនោះក៏បានបញ្ជាក់នៅខាងក្រោមថា៖ «អត្ថបទនេះត្រូវបានធ្វើកែសម្រួលនៅថ្ងៃទី៦ ខែតុលា ឆ្នាំ២០២១។ អត្ថបទមុនបាននិយាយដោយមិនត្រឹមត្រូវថា មេដឹកនាំកម្ពុជាលោក ហ៊ុន សែន ស្ថិតក្នុងចំណោមអ្នកដែលបានទទួលលិខិតឆ្លងដែនប្រទេសស៉ីព្រ»។
សូមជំរាបថា កាលពីថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២១ លោក កុយ គួង រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យ ក្រសួងការបរទេសកម្ពុជា បានផ្ញើលិខិតមួយច្បាប់ជូនផ្ញើជូនលោក លោកស្រី ខេតធឺរីន វីននឺរ (Katherine Viner) និពន្ធនាយកសារព័ត៌មាន The Guardian ដើម្បីសុំបំភ្លឺទាក់ទងទៅនឹងការចុះផ្សាយបំភ្លៃការពិតថា សម្តេចតេជោ ហ៊ុន សែន ទទួលលិខិតឆ្លងដែនពីប្រទេសស៉ីព្រ។
អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា បានបញ្ជាក់នៅក្នុងលិខិតផ្លូវការថា «ខ្ញុំសរសេរលិខិតនេះដើម្បីសុំការបំភ្លឺពីលោកស្រី ទាក់ទងទៅនឹងអត្ថបទដែលបានចុះផ្សាយ តាមប្រព័ន្ធអនឡាញ ក្រោមចំណងជើង «ក្រុមហ៊ុនច្បាប់បង្កើតឡើងដោយប្រធានាធិបតីស៊ីព្រ ត្រូវបានចោទប្រកាន់ពីបទលាក់បាំងទ្រព្យសម្បត្តិរបស់និរទេសជនរុស្ស៊ី» ដែលបានចុះផ្សាយនៅថ្ងៃទី ៣ ខែ តុលា ឆ្នាំ ២០២១ និងសរសេរដោយ លូក ហាដឌីង (Luke Harding) និង ហេលេណា ស្មីត (Helena Smith)។ កថាខណ្ឌមួយនៃអត្ថបទនេះ បានសរសេរថា៖ «…មេដឹកនាំកម្ពុជា លោក ហ៊ុន សែន ត្រូវបានគេរកឃើញថា ស្ថិតក្នុងចំណោមជនជាតិមិនមែនអឺរ៉ុប រាប់ពាន់នាក់ដែលបានទទួលលិខិតឆ្លងដែនប្រទេសស៊ីព្រ»។ នេះគឺជាការអះអាងមិនពិតទាំងស្រុង និងមិនអាចទទួលយកបាន៕
Comments are closed, but trackbacks and pingbacks are open.