អ្នកនាំពាក្យក្រសួងបរិស្ថាន៖ បញ្ឈប់ការបរិភោគសាច់សត្វព្រៃ គឺមានន័យថាបញ្ឈប់ការបរបាញ់សត្វព្រៃ

AKP ភ្នំពេញ ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២០ —

ឯកឧត្តម នេត្រ ភក្ដ្រា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថាន បានអំពាវនាវដល់ប្រជាពលរដ្ឋ ជាពិសេសបងប្អូនដែលនៅតំបន់ព្រៃភ្នំ សូមបញ្ឈប់ជាបន្ទាន់ការបាញ់សម្លាប់សត្វព្រៃ ដើម្បីយកមកធ្វើជាចំណីអាហារ លក់ដូរ ឬដើម្បីបម្រើផលប្រយោជន៍ផ្សេងៗ ខណៈមន្ត្រីឧទ្យានុរក្ស នៃឧទ្យានជាតិវើនសៃ-សៀមប៉ាង ស្រុកវើនសៃ ខេត្តរតនគិរី បានចុះល្បាត ហើយចាប់បានជនសង្ស័យ២នាក់ ជាមួយវត្ថុតាង និងអាវុធកែច្នៃ ព្រមទាំងសាកសពឈ្លូស២ក្បាល និងក្តាន់ញ៉ែង១ក្បាល កាលពីយប់ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២០។

ឯកឧត្តម នេត្រ ភក្រ្តា បានគូសបញ្ជាក់ប្រាប់ដល់ទីភ្នាក់ងារសារព័ត៌មានកម្ពុជា (AKP) នារសៀលថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២០នេះថា “ខ្ញុំ និងក្នុងនាមក្រសួងបរិស្ថាន សូមសម្តែងការសោកស្តាយយ៉ាងខ្លាំង និងថ្កោលទោសជនអគតិទាំង២នាក់នេះ ដែលបានបាញ់សម្លាប់ ឈ្លូស២ក្បាល និងក្តាន់ញ៉ែង១ក្បាល ដែលជាប្រភេទសត្វកម្រ និងត្រូវបានការពារដោយច្បាប់ នៃព្រះរាជាណាចក្រកម្ពុជា” ។

គួររម្លឹកថា កាលពីយប់ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២០ មន្ត្រីឧទ្យានុរក្សឧទ្យានជាតិវើនសៃ-សៀមប៉ាង ស្រុកវើនសៃ បានចុះល្បាត និងស្ទាក់ចាប់ករណីបរបាញ់សត្វព្រៃខុសច្បាប់ក្នុងតំបន់ការពាររបៀងអភិរក្សជីវចម្រុះ ស្ថិតក្នុងស្រុកវើនសៃ ខេត្តរតនគិរី។

ក្នុងនោះក្រុមការងារបានពិនិត្យកន្លែងកើតហេតុជាក់ស្តែង ដោយបានឃើញមានអាវុធកែច្នៃប្រើរំសេវជាតិផ្ទុះ ចំនួន០២ដើម រំសេវមួយប្រអប់តូច គ្រាប់កែច្នៃមួយប្រអប់តូច និងឈ្លុស ចំនួន០២ក្បាល ក្តាន់ញ៉ែងចំនួន០១ក្បាល។ ជនសង្ស័យដែលក្រុមល្បាតឧទ្យាននុរក្សចាប់បានពេលនោះ មានចំនួនពីរនាក់គឺ ឈ្មោះ អាង ប៊ុន និង ពឺត ចិត្ត។ ដោយឡែកវត្ថុតាងមានសត្វព្រៃទាំងបីក្បាល ត្រូវបានដុតកម្ទេចចោលនៅនឹងកន្លែង ភស្តុតាងផ្សេងៗទៀត ត្រូវបានយកមករក្សាទុកនៅមន្ទីរបរិស្ថានខេត្តជាបណ្តោះអាសន្ន ចំណែកជនសង្ស័យទាំងពីរនាក់ខាងលើ ត្រូវបានមន្ទីរបរិស្ថាន បាននិងកំពុងកសាងសំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមនិតិវីធីច្បាប់។

ដោយឡែកឆ្លៀតក្នុងឱកាសនេះ ឯកឧត្តម នេត្រ ភក្រ្តា ក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ជាពិសេសគឺអ្នកដែលនិយមបរិភោគសាច់សត្វព្រៃ គឺសូមមេត្តាបញ្ឈប់ជាបន្ទាន់ ដោយ ឯកឧត្តម បានសង្កត់ធ្ងន់ថា៖ «ការបញ្ឈប់បរិភោគសាច់សត្វព្រៃ គឺមានន័យថាបញ្ឈប់ការបរបាញ់សត្វព្រៃ» ។

ឈ្លូស និងក្តាន់ញ៉ែង (មាឌតូចជាងគេបំផុតនៃប្រភេទសត្វអំបូរនេះ) គឺជាប្រភេទសត្វមានដោយបង្គួរ ហើយសត្វប្រភេទនេះងាយរងគ្រោះថ្នាក់ដោយសារការបរបាញ់ ដើម្បីយកសាច់ធ្វើជាអាហារ និងគ្រោះថ្នាក់ដោយសារពពួកសត្វស៊ីសាច់ជាអាហារ។ ឈ្លូស និងក្តាន់ញ៉ែង ស្ថិតនៅក្នុងបញ្ជីក្រហមរបស់ អង្គការសហភាពអន្តរជាតិដើម្បីអភិរក្សធម្មជាតិ (IUCN) ជាប្រភេទអាស្រ័យលើកិច្ចអភិរក្សនៅតាមតំបន់ជាក់លាក់ដែលវារស់នៅ ដោយឡែកនៅកម្ពុជាវិញ ឈ្លូស និងក្តាន់ញ៉ែង គឺជាប្រភេទកំពុងរងការគម្រាមកំហែងយ៉ាងខ្លាំង ប្រឈមនឹងការផុតពូជ តាមរយៈការលួចបរបាញ់ដើម្បីជួញដូរសាច់៕

Comments are closed, but trackbacks and pingbacks are open.