តួអង្គ «តាជូជក់» ក្នុង​រឿង​ «ព្រះវេ​ស្សន្តរ» អំឡុង​ឆ្នាំ​៨០​ជាង​ បាន​ទទួល​​មរណ​ភាព​ក្នុង​ជន្មាយុ ៨៣​ឆ្នាំ

តួអង្គ «តាជូជក់» នៅក្នុងយីកេររឿងព្រះវេស្សន្តរ អំឡុងឆ្នាំ៨០ជាង គឺវីរសិល្បករ លោកព្រឹទ្ធាចារ្យ នាដកោសល្យវដ្តី ព្រីង សាឃន មរតកមនុស្សរស់នៃកម្ពុជា បានទទួលមរណភាពហើយកាលពីថ្ងៃ អាទិត្យ ទី១៩ ខែកក្កដា ឆ្នាំ២០២០ ក្នុងជន្មាយុ ៨៣ឆ្នាំ ដោយជរាពាធ។ សពត្រូវបានតម្កល់រៀបចំពិធីបុណ្យតាមគន្លង​ព្រះពុទ្ធសាសនានៅវត្តឬស្សីស្រស់​។ នេះបើតាមការបញ្ជាក់ពីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ។

ការបាត់បង់មរតកមនុស្សរស់នេះ ត្រូវក្រសួងវប្បធម៌ និងវិចិត្រសិល្បៈអះអាងថា ជាការបាត់បង់ដ៏ធំធេងបំផុត។

គួររំឭកថា លោកព្រឹទ្ធាចារ្យ ព្រីង សាឃន ជាព្រឹទ្ធាចារ្យសិល្បៈដែលពោរពេញទៅដោយទេពកោសល្យ ភាពយន្ត របាំ ល្ខោន យីកេ និងស្នាដៃជាច្រើនទៀត ពិសេសពលរដ្ឋខ្មែរទូទាំងប្រទេសបានចាំពីទេពកោសល្យសម្តែងរបស់លោកតាយ៉ាងច្បាស់ ពោលគឺជាតួត្លុក​នៃល្ខោនជាតិប្រទេសកម្ពុជាក្នុងទសវត្ស៦០​ និង​ ៧០​ពិសេសលោកតាបានសម្តែងតួអង្គ «តាជូជក់» នៅក្នុង​យីកេររឿងព្រះវេស្សន្តរ កំឡុងឆ្នាំ៨០ជាង ។

ជាការកត់សម្គាល់ ក្នុងយុគមាសនៃភាពយន្តខ្មែរ​លោកតាបានចូលសម្តែងក្នុងខ្សែភាពយន្តមួយចំនួនដូចជា​ រឿង​ ទុំទាវ​ (១៩៦៥)​ រឿង​ស្នេហាស្រុកស្រែ​ (១៩៦៧)​ រឿង​ ថ្មរាំ​ (១៩៧៣)​ រឿង​ នាងសក់ពស់​ (១៩៧៤)៕

Comments are closed, but trackbacks and pingbacks are open.