ការពារទាំងអស់គ្នា! ព្រឹកនេះ ក្រសួង ប្រកាស រកឃើញមនុស្ស ៥ នាក់ ពាក់ព័ន្ធអ្នកឆ្លង «អូមីក្រុង» ក្នុងសហគមន៍
កាលពីថ្ងៃទី ០៨ ខែមករា ឆ្នាំ ២០២២ កន្លងទៅ ក្រសួងសុខាភិបាល បានប្រកាសពីការរកឃើញ ករណីវិជ្ជមានកូវីដ-១៩ បម្លែងខ្លួនថ្មី ប្រភេទ «អូមីក្រុង» ជាលើកដំបូងក្នុងសហគមន៍ ចំនួន ១ នាក់ ទៅលើបុរសជនជាតិខ្មែរ អាយុ ២៣ ឆ្នាំ ស្នាក់នៅទួលសង្កែ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ដែលមានលទ្ធផលវិភាគបញ្ជាក់ដោយវិទ្យាស្ថាន ប៉ាស្ទ័រកម្ពុជា។
ទន្ទឹមទៅនឹងព័ត៌មាននៃការឆ្លងនេះ លោកជំទាវ ឱ វណ្ណឌីន មន្ត្រីជាន់ខ្ពស់ក្រសួងសុខាភិបាល បានបញ្ជាក់បន្ថែម តាមរយៈសារសំឡេងក្នុងតេឡេក្រាម នៅថ្ងៃទី ០៩ ខែមករា ឆ្នាំ ២០២២ ឱ្យបានដឹងថា ក្រសួងសុខាភិបាល បានចាត់ចែងធ្វើការស្រាវជ្រាវ ទៅតាមទីតាំងដែលបុរសរកឃើញវិជ្ជមានវីរុសកូវីដ-១៩ បំប្លែងថ្មី ប្រភេទអូមីក្រុងខាងលើ នៅតាមកន្លែងមួយចំនួន ក្នុងនោះគឺបានស្រាវជ្រាវរកឃើញថា អ្នកដែលមានប៉ះពាល់ផ្ទាល់ ជាមួយបុរសខាងលើ នៅខេត្តកំពត គឺមានចំនួន ០៣ នាក់ ដែលកំពុងស្ថិតនៅក្រោមការតាមដាន និង វិភាគពីមន្ទីរពិសោធ និង កំពុងរង់ចាំលទ្ធផល។
លោកជំទាវបានបន្តទៀតថា រីឯនៅរាជធានីភ្នំពេញ គឺមានចំនួនតែ ០២ នាក់ទេ ដែលបានប៉ះពាល់ផ្ទាល់ជាមួយអ្នកជំងឺខាងលើ ហើយក៏កំពុងស្ថិតលើការរង់ចាំលទ្ធផលពីមន្ទីរពិសោធផងដែរ ដែលក្រៅពីនោះ គឺពុំទាន់មានព័ត៌មានអ្វី ស្ដីអំពីការដែលអ្នកជំងឺបានទៅពាក់ព័ន្ធ ជាមួយបុគ្គលណាផ្សេងទៀតនោះនៅឡើយទេ៕
Comments are closed, but trackbacks and pingbacks are open.