លឿនមែន សូមប្រយ័ត្ន!! អ្នកនៅកំពត ប៉ះពាល់អ្នកកើត «អូមីក្រុង» ថ្ងៃមុន ពេលនេះរកឃើញវិជ្ជមាន ៥ នាក់…
រដ្ឋលេខាធិការក្រសួងសុខាភិបាល នៃព្រះរាជាណាចក្រកម្ពុជា លោកជំទាវ ឱ វណ្ណឌីន បានមានប្រសាសន៍នៅថ្ងៃទី ១១ ខែមករា ឆ្នាំ ២០២២ ឱ្យបានដឹងថា នៅខេត្តកំពត ដែលជាទីសំណាក់ផ្ទះសម្បែង របស់អ្នកកើតជំងឺកូវីដ-១៩ ពាក់ព័ន្ធករណីទី ០១ នៅតានីទូកមាស គឺរកឃើញមានអ្នកវិជ្ជមានកូវីដ-១៩ រហូតដល់ទៅ ០៥ នាក់ ដែលការរកឃើញនេះតាមរយៈការសហការពីនាយកដ្ឋានប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លង ក៏ដូចជាអនុគណៈកម្មការស្រាវជ្រាវ និង តាមដានជំងឺកូវីដ-១៩។
លោកជំទាវបានថ្លែងបែបនេះ នៅថ្ងៃទី ១១ ខែមករា ឆ្នាំ ២០២២ តាមរយៈការចុះទៅកាន់ ខេត្តបាត់ដំបង ដើម្បីប្រគល់ជូនបរិក្ខារពេទ្យ ក៏ដូចជាត្រួតពិនិត្យមើលទីតាំងចាក់វ៉ាក់សាំងមួយចំនួន និង ជួបសំណេះសំណាល លើកទឹកចិត្តដល់ប្រជាពលរដ្ឋ ឱ្យនាំគ្នាចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ឱ្យបានគ្រប់ៗគ្នា។
ក្នុងនោះលោកជំទាវបានបន្តទៀតថា ៖ «បន្តាប់មកទៀត យើងកំពុងបន្តតាមដានជាបន្តបន្ទាប់ នូវអ្នកប៉ះពាល់ផ្សេងៗ។ ហើយសម្រាប់អ្នកដទៃទៀតក្រៅពីករណីនេះ យើងក៏បានរកឃើញ អ្នកដែលគាត់ទៅសុំវិញ្ញាបនប័ត្របញ្ជាក់សុខភាព ដែលត្រូវធ្វើដំណើរចេញទៅក្រៅប្រទេស ត្រូវបញ្ជាក់ថាគាត់មិនកើតកូវីដ-១៩ ប៉ុន្តែនៅពេលនោះ ធ្វើតេស្តទៅស្រាប់តែរកឃើញវិជ្ជមាន ដែលនាំឱ្យករណីឆ្លងក្នុងសហគមន៍កាលពីព្រឹកមិញនេះ ឃើញមានការកើនឡើងដល់ ១៤ នាក់»។
គួររំឭកផងដែរថា កាលពីថ្ងៃទី ០៨ ខែមករា ឆ្នាំ២០២២ កន្លងទៅ ក្រសួងសុខាភិបាល បានប្រកាសរកឃើញ ករណីវិជ្ជមានកូវីដបម្លែងខ្លួនថ្មី ប្រភេទ «អូមីក្រុង» ចំនួន ១ នាក់ ជាករណីឆ្លងក្នុងសហគមន៍លើកដំបូង លើបុរសជនជាតិខ្មែរ អាយុ ២៣ ឆ្នាំ ស្នាក់នៅទួលសង្កែ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ បច្ចុប្បន្នត្រូវបានដាក់ឱ្យសម្រាកព្យាបាល នៅមណ្ឌលព្យាបាលអូឡាំពិក រាជធានីភ្នំពេញ។
ក្នុងនោះ តាំងពីថ្ងៃទី ២៧ ខែធ្នូ ឆ្នាំ ២០២១ ដល់ថ្ងៃទី ៥ ខែមករា ឆ្នាំ ២០២២ បុរសរូបនេះ បានធ្វើដំណើរទៅជាច្រើនកន្លែង ដូចជា នៅរាជធានីភ្នំពេញ ខេត្តកំពង់ធំ ខេត្តសៀមរាប និង ទៅលេងទីតាំងមួយចំនួន នៅតានីទូកមាសខេត្តកំពត។ ដោយធ្វើដំណើរជាមួយបងប្អូនជីដូនមួយមកពីប្រទេសអូស្រ្តាលី មកដល់រាជធានីភ្នំពេញនៅថ្ងៃទី ២៧ ខែធ្នូ ឆ្នាំ២០២១ ហើយនៅថ្ងៃទី ០៥ ខែមករា ឆ្នាំ២០២២ គាត់បានទៅកំដរអ្នកជំងឺដែលជាបងប្អូនជីដូនមួយគាត់នៅឯមន្ទីរពេទ្យមួយ ហើយក្រោយមកក៏បានរកឃើញមានវិជ្ជមានវីរុសកូវីដ-១៩បម្លែងថ្មី ប្រភេទ «អូមីក្រុង»៕
Comments are closed, but trackbacks and pingbacks are open.