ក្តៅៗ ប្ដីប្រពន្ធកើតអូមីក្រុង ទៅលេងផ្ទះម្ដាយនៅកំពង់ឆ្នាំង បាត់ខ្លួនរកមិនទាន់ឃើញ ឃើញតែអ្នកពាក់ព័ន្ធ ១៤ នាក់

នៅថ្ងៃទី ១៣ ខែមករា ឆ្នាំ ២០២២ នេះ តាមរយៈសារព័ត៌មានក្នុងស្រុក BTV បានបញ្ជាក់ឱ្យបានដឹងថា តាមប្រភពព័ត៌មានពីការិយាលយ័សុខាភិបាលប្រតិបត្តិ ស្រុកកំពង់ត្រឡាច បានបញ្ជាក់ពីករណី ប្តីប្រពន្ធ ១ គូ មានទីលំនៅភូមិកាអត ឃុំពានី ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង (សព្វថ្ងៃរស់នៅធ្វើការនៅរាជធានីភ្នំពេញ) មានផ្ទុកមេរោគកូវីត-១៩ ប្រភេទ (អូមីក្រុង) ធ្វើតេស្ដតាមរយៈមន្ទីរពិសោធខេត្តកណ្តាល (PHD) កាលពីថ្ងៃទី ១១ ខែមករា ឆ្នាំ ២០២២ កន្លងមក ខណៈពួកគេបានចេញចូលមកលេងផ្ទះម្តាយរបស់ខ្លួន​ នៅភូមិកាអត ឃុំពានី ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង។

ទាក់ទិនទៅនឹងករណីខាងលើ អាជ្ញាធរស្រុក ឃុំ និង មន្រ្តីសុខាភិបាល បានចុះទៅដល់លំនៅដ្ឋានម្តាយអ្នកជំងឺឈ្មោះ ជា អេង អាយុ ៥៧ នៅភូមិកាអត ឃុំពានី ដើម្បីសាកសួរព័ត៌មានអំពីករណីកូនរបស់គាត់បានមកលេងផ្ទះម្តាយខ្លួន និង អ្នកពាក់ព័ន្ធដទៃទៀត ដើម្បីពិនិត្យសុខភាព ​និង ចាត់ការទប់ស្កាត់ការរាលដាលបន្ត ព្រោះអ្នកជំងឺកូវីដ-១៩ ប្រភេទអូមីក្រុងនោះ ក្រុមការងារមិនទាន់រកឃើញនៅឡើយ។

ជាក់ស្ដែងជាលទ្ធផល ក្រុមការងារបានរកឃើញតែអ្នកប៉ះផ្ទាល់ក្នុងគ្រួសារចំនួន ៤ នាក់ និង ​អ្នកប៉ះពាល់​ប្រយោល ១០ នាក់ សរុប ១៤ នាក់ ​ទទួលបានលទ្ធផលតេស្ត អវិជ្ជមាន ខណៈផ្ទះអ្នកប៉ះពាល់ផ្ទាល់ និង ប្រយោលខាងលើ បានណែនាំដាក់ឱ្យធ្វើចត្តាឡីស័ក​ក្នុង​រយៈពេល​ ១៤ ថ្ងៃ ​នៅផ្ទះសាមីខ្លួនតែម្តង ​ក្រោមការពិនិត្យតាមដានពីមន្រ្តីឃុំ ​និងប៉ុស្តិ៍រដ្ឋបាល៕

Comments are closed, but trackbacks and pingbacks are open.