មោទនភាពជាតិ! កម្ពុជាជាប់លេខ ២ នៅអាស៊ី ជាប្រទេសល្អបំផុត សម្រាប់អ្នកចូលនិវត្តន៍មកកម្សាន្តឆ្នាំ ២០២២

ជារឿងគួរអោយត្រេកអរយ៉ាងក្រៃលែង សម្រាប់ប្រទេសកម្ពុជា ជាប្រទេសល្អបំផុត ឈរលើលេខរៀងទី២ យោងតាមការចេញផ្សាយ របស់គេហទំព័រ International Living កាលពីពេលថ្មីៗនេះ បានឱ្យដឹងថា ប្រទេសកម្ពុជា បានជាប់ចំណាត់ថ្នាក់លេខ ២ នៅទ្វីបអាស៊ី និង លេខ ១៤ នៅទូទាំងពិភពលោក ជាប្រទេសដែលល្អបំផុត សម្រាប់អ្នកដែលបានចូលនិវត្តន៍ ទៅកម្សាន្តឆ្នាំ ២០២២។

ដោយឡែក សម្រាប់ចំណាត់ថ្នាក់ទូទាំងពិភពលោក មានដូចជា ប្រទេសប៉ាណាម៉ា (Panama) ជាប់លេខ ១ ប្រទេសកូស្តារីកា (Costa Rica) ជាប់លេខ ២ និង លេខ ៣ គឺប្រទេសម៉ិចស៊ីកូ (Mexico) ខណៈប្រទេសអេក្វាឌ័រ (Equador) ប្រទេសកូឡុំប៊ី (Colombia) ប្រទេសបារាំង (France) ប្រទេសម៉ាល់តា (Malta) ប្រទេសអេស្ប៉ាញ (Spain) ប្រទេសអ៊ុយរូហ្គាយ (Uruguay) ប្រទេសអៀរឡង់ (Ireland) និង ប្រទេសប៉េរូ (Peru) បានជាប់ចំណាត់ថ្នាក់ជាបន្តបន្ទាប់។គួររំឭកផងដែរថា យោងតាមការចេញផ្សាយរបស់ទស្សនាវដ្តី Forbes ដ៏ល្បីល្បាញរបស់សហរដ្ឋអាមេរិក កាលពីពេលថ្មីៗនេះ ព្រះរាជាណាចក្រកម្ពុជា ក៏បានជាប់ចំណាត់ថ្នាក់ជាទីកន្លែងដ៏ល្អបំផុតមួយ

ចំណោមទីកន្លែងដ៏ល្អផ្តាច់គេទាំង ១០ សម្រាប់ដំណើរទេសចរណ៍ ក្នុងរយៈពេល ១០ ឆ្នាំខាងមុខ។ដោយឡែក កាលពីខែវិច្ឆិកា ឆ្នាំ ២០២១ និង ខែធ្នូ ឆ្នាំ ២០២១ កន្លងទៅ ក្រុមហ៊ុនមគ្គុទេសទេសចរណ៍ Touropia ក៏បានវាយតម្លៃថា រមណីយដ្ឋានអង្គរ ជាប់ចំណាត់ថ្នាក់លេខ ១ ជាទីកន្លែងល្អផ្តាច់គេ សម្រាប់ការមកទស្សនាកម្សាន្ត នៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ខណៈប្រាសាទអង្គរ ក៏បានជាប់ចំណាត់ថ្នាក់លេខ ១ ជាប្រាសាទដែលល្បីល្បាញបំផុតនៅអាស៊ីផងដែរ ក្នុងចំណោមប្រាសាទចំនួន ១០ នៅទូទាំងពិភពលោក៕ប្រភព ៖ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា

Comments are closed, but trackbacks and pingbacks are open.