ឆ្ងល់​អត់? ម៉េច​បាន​​នៅ​តែ​ស្រេក​ទឹក​ ទោះ​​​ទើប​​ផឹក​​រួច​?

ពិត​​ណាស់​ ការ​ស្រេក​ទឹក​ គឺ​ជា​សញ្ញា​ដែល​បង្ហាញ​ថា​​​ ប្រព័ន្ធ​រាងកាយ​របស់​យើង​ត្រូវការ​​ជាតិ​ទឹក​ជា​ចាំបាច់​ ដើម្បី​ដំណើរការ​​បាន​ល្អ​ ជាពិសេស​ បន្ទាប់​ពី​យើង​ហាត់​ប្រាណ​រួច​ អាកាសធាតុ​ក្ដៅ​ ​ញ៉ាំ​អាហារ​ហឹរ​ ឬ​​បន្ទាប់​ពី​​ក្រោក​ឡើង​នៅ​ពេល​ព្រឹក​​ជាដើម​។​ ទឹក​មាន​សារសំខាន់​ណាស់​ចំពោះ​ជីវិត​យើង​ម្នាក់​ៗ​ ហើយ​៦០%​នៃ​ប្រព័ន្ធ​រាងកាយ​យើង​​ គឺ​ពោរពេញ​ទៅ​ដោយ​ទឹក​។​

កង្វះ​ជាតិ​ទឹក ​​អាច​​រំខាន​ដល់​​តុល្យភាព​អេឡិតត្រូលីត (Electrolyte Balance) នៃ​រាងកាយ​ ដែល​អាច​បណ្ដាល​ឲ្យ​យើង​ខ្សោយ​ ​អស់​កម្លាំង​ ខ្វះ​ជាតិ​ទឹក​ វិល​មុខ​ ឬ​ឈឺ​ក្បាល​​។​ ពេល​ខ្លះ​ យើង​ស្រេក​ទឹក​ច្រើន​ជាង​ធម្មតា​ បើ​ទោះ​បី​ជា​យើង​ទើប​ញ៉ាំ​ទឹក​ហើយ​ក៏​ដោយ​។​ ប៉ុន្តែ ប្រសិនបើ​យើង​កំពុង​តែ​ជួប​បញ្ហា​ស្ងួត​បំពង់​ក​ ឬ​មាត់​ខ្លាំង​ និង​ត្រូវ​ការ​ទឹក​មិន​អាច​ខ្វះ​បាន​​ទោះ​ទើបញ៉ាំហើយ​ក៏​ដោយ​ ​នោះ​យើង​គួរ​តែ​សង្កេត​មើល​សញ្ញា​នៃ​រាងកាយ​ ក៏​ដូចជា​ពិគ្រោះ​យោបល់​ជាមួយ​នឹង​គ្រូពេទ្យ​ ទើប​ជា​ការ​ប្រសើរ​​ខាង​ក្រោម​នេះ​ជា​កត្តា​មួយ​ចំនួន​ ធ្វើ​ឲ្យ​យើង​ចេះ​តែ​ស្រេក​ទឹកញឹកញាប់​។

១. កត្តា​ទូទៅ​មួយ​ចំនួន​
ញ៉ាំ​អាហារ​ហឹរ​ខ្លាំង​ និង​ប្រៃ​ខ្លាំង​ជា​រៀង​រាល់​ថ្ងៃ​ ក៏​អាច​ធ្វើ​ឲ្យ​យើង​ស្រេក​ទឹក​ដែរ​។​ មួយ​វិញ​ទៀត​ គឺ​ការ​បែក​ញើស​ ហត់​នឿយ​ គេង​មិន​គ្រប់គ្រាន់​ ឬ​ហាត់​ប្រាណ​ច្រើន​ពេក​។

២. ក្អួត រាក
រាងកាយ​បាត់បង់​ជាតិ​ទឹក​យ៉ាង​ច្រើន​នៅ​ពេល​ដែល​យើង​ក្អួត​ ឬ​រាក​។​ អាការៈ​ទាំង​នេះ​ ​អាច​ប៉ះពាល់​ដល់​តុល្យភាព​អេឡិតត្រូលីត​ធម្មតា​នៃ​ប្រព័ន្ធ​រាងកាយ​របស់​យើង​ ដែល​បណ្ដាល​​ឲ្យ​យើង​ខ្វះ​ជាតិ​ទឹក​ វិល​មុខ​ និង​អស់កម្លាំង​ជាដើម​។

៣. ញ៉ាំ​កាបូអ៊ីដ្រាត​ច្រើន​
​​ប្រសិនបើ​យើង​ញ៉ាំ​អាហារ​ចៀន​ ឬ​កែ​ច្នៃ​ច្រើន​ ដែល​សម្បូរ​ទៅ​ដោយ​កាបូអ៊ីដ្រាត​ច្រើន​ ​យើង​អាច​នឹង​មាន​អារម្មណ៍​ស្រេក​ទឹក​ញឹកញាប់​ ពីព្រោះ​កាបូអ៊ីដ្រាត​ស្រូប​យក​ជាតិ​ទឹក​ច្រើន​ជាង​ខ្លាញ់​ ឬ​ប្រូតេអ៊ីន​។

៤. បាត់បង់​​ឈាម​​ច្រើន​
​ទាក់ទង​​ទៅ​នឹង​លំហូរ​ខ្លាំង​ អំឡុង​ពេល​មក​រដូវ​ ឬ​ដំបៅ​ហូរ​ឈាម​ ដែល​អាច​ធ្វើ​ឲ្យ​កម្រិត​ស្រេក​ទឹក​របស់​យើង​កើន​ឡើង​ខ្លាំង​ ពីព្រោះ​តែ​យើង​បាត់បង់​ជាតិ​ទឹក​ពី​ក្នុង​រាងកាយ​ជា​បន្តបន្ទាប់។​

៥. ទឹក​នោម​ផ្អែម​ និង​ក្រពេញ​ទីរ៉ូអ៊ីដ (Thyroid)​
សញ្ញា​មួយ​នៃ​អ្នក​ជំងឺ​ទឹក​នោម​ផ្អែម​ និង​ក្រពេញ​ទី​រ៉ូអ៊ីដ​ គឺ​ស្រេក​ទឹក​ខ្លាំង​។​ ជា​ធម្មតា​ អ្នក​ដែល​មាន​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម​កើន​ឡើង​​ នឹង​មាន​អារម្មណ៍​ចង់​នោម​ញឹកញាប់​ ដោយ​សារ​តែ​ប្រព័ន្ធ​រាងកាយ​មិន​អាច​ផលិត​អ័រម៉ូន​គ្រប់គ្រាន់​ ដើម្បី​​ជួយ​តម្រង​នោម ក្នុង​ការ​គ្រប់គ្រង​បរិមាណ​ទឹក​ក្នុង​ខ្លួន​។​

៦. ស្រ្តេស​រ៉ាំរ៉ៃ
ស្រ្តេស​អាច​ប៉ះពាល់​ដល់​មុខងារ​របស់​ក្រពេញ​លើ​តម្រងនោម (Adrenal) ដែល​អាច​បណ្ដាល​ឲ្យ​មាន​សម្ពាធ​ឈាម​ទាប។​ ​ជាក់ស្ដែង​ ស្រ្តេស​រ៉ាំរ៉ៃ​​អាច​ធ្វើ​ឲ្យ​យើង​ស្រេក​ទឹក​ខ្លាំង​ ថប់បារម្ភ​ និង​អស់​កម្លាំង​។ល។​ បន្ថែម​​ពី​នេះ​ វា​ក៏​អាច​ប៉ះពាល់​ដល់​របប​អាហារ​ និង​ការ​គេង​របស់​យើង​ថែម​ទៀត​ផង​ ដែល​កត្តា​នេះ​ នឹង​ធ្វើ​ឲ្យ​យើង​កើត​ជំងឺ​ផ្សេងៗ​។​

នៅ​ក្នុង​ករណី​ដែល​យើង​ស្រេក​ទឹក​ខ្លាំង​ ចូរ​ញ៉ាំ​អាហារ​ជាក់លាក់​មួយ​ចំនួន​ ដែល​អាច​ជួយ​រក្សា​តុល្យភាព​ជាតិ​ទឹក​នៅ​ក្នុង​រាងកាយ​។​ បន្លែ និង​ផ្លែឈើ​ ដែល​មាន​ជាតិ​ទឹក​ ​ជាមួយ​នឹង​សារធាតុ​ចិញ្ចឹម​គ្រប់គ្រាន់​​ អាច​បំបាត់​ការ​ស្រេក​ទឹក​របស់​យើង​បាន​ល្អ​ជាង​ទឹក​ទៅ​ទៀត​។ ចូរ​ញ៉ាំ​ផ្លែ​ឪឡឹក​ ប៉េងប៉ោះ​ ក្រូច​ ម្នាស់​ ប៉េស​ ត្រសក់​។ល។​ ដើម្បី​ជំនួស​ឲ្យ​ការ​ញ៉ាំ​ទឹក​តែ​មួយ​មុខ​​​ក៏​ដូចជា​​បំពេញ​សារធាតុ​ចិញ្ចឹម​ និង​ជាតិ​​ទឹក​នៅ​ក្នុង​រាងកាយ​យើង​មានប្រសិទ្ធភាព​ខ្ពស់​។

Comments are closed, but trackbacks and pingbacks are open.