ពិបាក​ចិត្តរឿង​អត់​ការងារ​ធ្វើ? ៥ ជំហាន​​សម្រាប់​​យុវ​វ័យ​ បើ​មិន​ចង់​លំបាក​​រឿង​អត់​ការងារ​​​ធ្វើ!

នៅក្នុងតថភាពសង្គមសព្វថ្ងៃ ការសិក្សាជាផ្នែកមួយដែលសំខាន់សម្រាប់អ្នកដែលមានបំណងចង់ពង្រីកសក្តានុពល​ដើម្បីទទួលបាននូវលទ្ធផលដ៏ត្រចះត្រចង់នាពេលអនាគត។ ជាក់ស្តែង យុវជនមួយចំនួននៅក្នុងប្រទេសកម្ពុជា​មិន​សូវចំណាយពេលក្នុងការគិត ស្រាវជ្រាវ ឬស្វែងយល់នូវគំនិតថ្មីដែលកើតនៅក្នុងពិភពលោកសព្វថ្ងៃនោះទេ។ ដូចេ្នះហើយ អត្ថបទនេះនឹងបង្ហាញអំពីសារៈសំខាន់នៃជំនាញដែលគួរសិក្សាសម្រាប់សមិទ្ធផលនាពេល​អនាគត​។

ជំនាញទី ១៖ ភាសាបរទេស

ការសិក្សាភាសាបរទេស (ភាសាអង់គ្លេស ចិន ជប៉ុន បារាំង កូរ៉េ ល គឺជាគុណសម្បត្តិមួយក្នុងចំណោមចំណុច​​ល្អៗ​ផ្សេងៗទៀតដែលបណ្តាលឲ្យទំនាក់ទំនងក្នុងការងារមានភាពរលូន និងអាចរៀនជំនាញផ្សេងៗ បានរហ័សផងដែរ។ ឧទាហរណ៍ ស្ទើរតែគ្រប់មុខវិជ្ជាក្នុងសាលាទាំងអស់ដែលសរសេរជាភាសាអង់គ្លេស ដូច្នេះហើយ ការសិក្សាភាសា​អង់​គ្លេស​បានផ្តល់ប្រយោជន៍ជាច្រើន ជាពិសេសសម្រាប់អ្នកដែលចង់ពង្រីកជំនាញបន្ថែមដូចជា ឌីហ្សាញ ​ឬការសរសេរ​កូដជាដើម។

ជំនាញទី ២៖ ជំនាញបច្ចេកទេស

ជំនាញបច្ចេកទេសដូចជា វិស្វកម្មអគ្គិសនី គ្រឿងចក្រ ព័ត៌មានវិទ្យា ល គឺជាចំនុចដ៏សំខាន់សម្រាប់យុវជន​អភិវឌ្ឍន៍​ប្រទេសជាតិ ស្របពេលដែលប្រទេសកម្ពុជាកំពុងតែមានកង្វះខាតដែលជំនាញផ្នែកទាំងនេះ។ អ្វីដែលពិសេសនោះ ជំនាញបច្ចេកទេសទាំងនេះនឹងកាន់តែមានសក្តានុពលខ្លាំងទៅៗ និងជាជន្ទល់យ៉ាងសំខាន់សម្រាប់វិវឌ្ឍនភាព​របស់​ប្រទេសមួយ។

ជំនាញទី ៣៖ ចំណេះដឹងអំពីបច្ចេកវិទ្យា

នៅក្នុងប្រវត្តិសាស្ត្រនៃមនុស្សជាតិ យើងបានឆ្លងកាត់នូវរបត់នៃការផ្លាស់ប្តូរយ៉ាងច្រើនរហូតទទួល​បានអ្វីៗ​ដូច​សព្វថ្ងៃ។ ដូចេ្នះចំណេះដឹងដ៏សំខាន់ៗនៃបដ្ដិវត្តន៍បច្ចេកវិទ្យាជំនាន់ថ្មីនេះមានដូចជា៖ ការយល់ដឹងអំពីប្រព័ន្ធកុំព្យូទ័រ (Hardware និង Software) ការប្រើប្រាស់កម្មវីធីឌីហ្សាញមួយចំនួនដូចជា កម្មវិធី Adobe ចំណេះដឹងអំពីប្រព័ន្ធ Windows ជំនាន់ថ្មី និងបច្ចេកវិទ្យាថ្មីៗផ្សេងៗទៀតដែលកំពុងរីកចម្រើនជារៀងរាល់ថ្ងៃ។

ជំនាញទី ៤៖ បំនិនជីវិត

ជំនាញនេះគឺជាចំនុចដ៏សំខាន់មួយដែរ។ ជាក់ស្តែង ការយល់ដឹងអំពីការចម្អិនម្ហូបអាហារ (ប្រុស ឬស្រីចាំបាច់​ត្រូវ​រៀនសូត្រដូចគ្នា) ការដាំដុះ ការសំអាតទីធ្លា ឬការរក្សាអនាម័យការប្រកាន់ខ្ជាប់នូវអត្តចរិតដែល​មិនប៉ះពាល់​ដល់​អ្នកដទៃ ការចេះជួយអ្នកដទៃ ភាពស្មោះត្រង់ សុភវិនិច្ឆ័យដ៏ត្រឹមត្រូវ និងវិន័យក្នុងជីវិតដែលផ្សារភ្ជាប់នូវ​បុគ្គលិក​លក្ខណៈ​​របស់បុគ្គលនីមួយៗ។

ជំនាញទី ៥៖ ការបន្តសិក្សាជាប់ជានិច្ច

សញ្ញាប័ត្រមានសារៈសំខាន់នៅក្នុងការទីផ្សារការងារសព្វថ្ងៃ ប៉ុន្តែអ្វីដែលសំខាន់ជាងនេះ​គឺការបន្តពង្រីក​ចំណេះដឹង​បន្ថែមទៅលើជំនាញដែលមានស្រាប់ ហើយឈោះចាប់ជំនាញថ្មីមួយទៀត។ ការសិក្សារៀនសូត្រអំពីជំនាញ​ថ្មី​មិនមែន​ត្រូវតែទៅរៀននៅសាលានោះទេ។ យើងអាចសិក្សាបានតាមរយៈការសិក្សាអំពីវីដេអូបង្រៀន​នៅក្នុង​ប្រព័ន្ធ​អុិនធឺណេត (Youtube និងគេហទំព័រផ្សេងៗទៀត)។ ឯកសារជាច្រើនត្រូវបានបញ្ចូលឲ្យទាញយកដោយ​ឥតគិត​ថ្លៃនៅ​ក្នុងគេហទំព័រមួយចំនួនដែលជាបណ្ណាល័យអុិនធឺណេត៕

Comments are closed, but trackbacks and pingbacks are open.