ពិបាកចិត្តរឿងអត់ការងារធ្វើ? ៥ ជំហានសម្រាប់យុវវ័យ បើមិនចង់លំបាករឿងអត់ការងារធ្វើ!
នៅក្នុងតថភាពសង្គមសព្វថ្ងៃ ការសិក្សាជាផ្នែកមួយដែលសំខាន់សម្រាប់អ្នកដែលមានបំណងចង់ពង្រីកសក្តានុពលដើម្បីទទួលបាននូវលទ្ធផលដ៏ត្រចះត្រចង់នាពេលអនាគត។ ជាក់ស្តែង យុវជនមួយចំនួននៅក្នុងប្រទេសកម្ពុជាមិនសូវចំណាយពេលក្នុងការគិត ស្រាវជ្រាវ ឬស្វែងយល់នូវគំនិតថ្មីដែលកើតនៅក្នុងពិភពលោកសព្វថ្ងៃនោះទេ។ ដូចេ្នះហើយ អត្ថបទនេះនឹងបង្ហាញអំពីសារៈសំខាន់នៃជំនាញដែលគួរសិក្សាសម្រាប់សមិទ្ធផលនាពេលអនាគត។
ជំនាញទី ១៖ ភាសាបរទេស
ការសិក្សាភាសាបរទេស (ភាសាអង់គ្លេស ចិន ជប៉ុន បារាំង កូរ៉េ ល គឺជាគុណសម្បត្តិមួយក្នុងចំណោមចំណុចល្អៗផ្សេងៗទៀតដែលបណ្តាលឲ្យទំនាក់ទំនងក្នុងការងារមានភាពរលូន និងអាចរៀនជំនាញផ្សេងៗ បានរហ័សផងដែរ។ ឧទាហរណ៍ ស្ទើរតែគ្រប់មុខវិជ្ជាក្នុងសាលាទាំងអស់ដែលសរសេរជាភាសាអង់គ្លេស ដូច្នេះហើយ ការសិក្សាភាសាអង់គ្លេសបានផ្តល់ប្រយោជន៍ជាច្រើន ជាពិសេសសម្រាប់អ្នកដែលចង់ពង្រីកជំនាញបន្ថែមដូចជា ឌីហ្សាញ ឬការសរសេរកូដជាដើម។
ជំនាញទី ២៖ ជំនាញបច្ចេកទេស
ជំនាញបច្ចេកទេសដូចជា វិស្វកម្មអគ្គិសនី គ្រឿងចក្រ ព័ត៌មានវិទ្យា ល គឺជាចំនុចដ៏សំខាន់សម្រាប់យុវជនអភិវឌ្ឍន៍ប្រទេសជាតិ ស្របពេលដែលប្រទេសកម្ពុជាកំពុងតែមានកង្វះខាតដែលជំនាញផ្នែកទាំងនេះ។ អ្វីដែលពិសេសនោះ ជំនាញបច្ចេកទេសទាំងនេះនឹងកាន់តែមានសក្តានុពលខ្លាំងទៅៗ និងជាជន្ទល់យ៉ាងសំខាន់សម្រាប់វិវឌ្ឍនភាពរបស់ប្រទេសមួយ។
ជំនាញទី ៣៖ ចំណេះដឹងអំពីបច្ចេកវិទ្យា
នៅក្នុងប្រវត្តិសាស្ត្រនៃមនុស្សជាតិ យើងបានឆ្លងកាត់នូវរបត់នៃការផ្លាស់ប្តូរយ៉ាងច្រើនរហូតទទួលបានអ្វីៗដូចសព្វថ្ងៃ។ ដូចេ្នះចំណេះដឹងដ៏សំខាន់ៗនៃបដ្ដិវត្តន៍បច្ចេកវិទ្យាជំនាន់ថ្មីនេះមានដូចជា៖ ការយល់ដឹងអំពីប្រព័ន្ធកុំព្យូទ័រ (Hardware និង Software) ការប្រើប្រាស់កម្មវីធីឌីហ្សាញមួយចំនួនដូចជា កម្មវិធី Adobe ចំណេះដឹងអំពីប្រព័ន្ធ Windows ជំនាន់ថ្មី និងបច្ចេកវិទ្យាថ្មីៗផ្សេងៗទៀតដែលកំពុងរីកចម្រើនជារៀងរាល់ថ្ងៃ។
ជំនាញទី ៤៖ បំនិនជីវិត
ជំនាញនេះគឺជាចំនុចដ៏សំខាន់មួយដែរ។ ជាក់ស្តែង ការយល់ដឹងអំពីការចម្អិនម្ហូបអាហារ (ប្រុស ឬស្រីចាំបាច់ត្រូវរៀនសូត្រដូចគ្នា) ការដាំដុះ ការសំអាតទីធ្លា ឬការរក្សាអនាម័យការប្រកាន់ខ្ជាប់នូវអត្តចរិតដែលមិនប៉ះពាល់ដល់អ្នកដទៃ ការចេះជួយអ្នកដទៃ ភាពស្មោះត្រង់ សុភវិនិច្ឆ័យដ៏ត្រឹមត្រូវ និងវិន័យក្នុងជីវិតដែលផ្សារភ្ជាប់នូវបុគ្គលិកលក្ខណៈរបស់បុគ្គលនីមួយៗ។
ជំនាញទី ៥៖ ការបន្តសិក្សាជាប់ជានិច្ច
សញ្ញាប័ត្រមានសារៈសំខាន់នៅក្នុងការទីផ្សារការងារសព្វថ្ងៃ ប៉ុន្តែអ្វីដែលសំខាន់ជាងនេះគឺការបន្តពង្រីកចំណេះដឹងបន្ថែមទៅលើជំនាញដែលមានស្រាប់ ហើយឈោះចាប់ជំនាញថ្មីមួយទៀត។ ការសិក្សារៀនសូត្រអំពីជំនាញថ្មីមិនមែនត្រូវតែទៅរៀននៅសាលានោះទេ។ យើងអាចសិក្សាបានតាមរយៈការសិក្សាអំពីវីដេអូបង្រៀននៅក្នុងប្រព័ន្ធអុិនធឺណេត (Youtube និងគេហទំព័រផ្សេងៗទៀត)។ ឯកសារជាច្រើនត្រូវបានបញ្ចូលឲ្យទាញយកដោយឥតគិតថ្លៃនៅក្នុងគេហទំព័រមួយចំនួនដែលជាបណ្ណាល័យអុិនធឺណេត៕
Comments are closed, but trackbacks and pingbacks are open.