រឿងខ្លីនៃជីវិតទាំង ៧ នេះ នឹងអាចជួយជំរុញទឹកចិត្តរបស់អ្នកឲ្យកាន់តែជឿជាក់លើខ្លួនឯង
មានរឿងជាច្រើនបានកើតឡើងនៅក្នុងជីវិតរបស់យើង មិនថាជារឿងល្អឬអាក្រក់ក៏ដោយ តែអ្វីដែលអ្នកទទួលបានពីបញ្ហាដែលកើតឡើងនោះគឺការជម្នះនូវឱបសគ្គឱ្យបាន បើគ្មានការតស៊ូយកឈ្នះវានោះទេ អ្នកមុខជាមិនអាចមើលឃើញពីឆន្ទៈ ថាមពល និងបេះដូងរបស់ខ្លួនបានឡើយ។ រឿងខ្លីនៃជីវិតទាំង ៧នេះ ទោះមិនអាចធ្វើឱ្យបញ្ហារបស់អ្នករលាយបាត់ទៅក៏ដោយ តែជឿជាក់ថាយ៉ាងហោចណាស់ក៏វាជួយឱ្យអ្នកអាចស៊ូដើរបន្តទៅមុខដោយមិនចុះចាញ់បាន។
១. និស្សិតស្រីអាយុ ៨៧ ឆ្នាំ ឈ្មោះថា Rose
ថ្ងៃចូលរៀនដំបូង លោកសាស្ត្រាចារ្យបានណែនាំខ្លួន និងលើកទឹកចិត្តឱ្យពួកយើងក្លាហាននិយាយរកមិត្តរួមថ្នាក់គ្រប់គ្នា ដើម្បីឱ្យយើងបានស្គាល់គ្នា។ ខ្ញុំងាកមើលជុំវិញខ្លួននៅពេលមាននរណាម្នាក់បានប៉ះខ្ញុំតិចៗ ពេលខ្ញុំងាកទៅក៏ឃើញលោកយាយម្នាក់កំពុងញញឹមមកកាន់ខ្ញុំ គាត់បាននិយាយថា«សួស្តី កម្លោះសង្ហា ឈ្មោះរបស់ខ្ញុំគឺ Rose អាយុ ៨៧ ឆ្នាំ តើខ្ញុំអាចឱបឯងបានទេ?» ខ្ញុំសើចហើយក៏តបវិញថា «ប្រាកដជាបានហើយ» បន្ទាប់មកគាត់ក៏ឱបខ្ញុំ។
ខ្ញុំបានសួរគាត់ថា «ហេតុអ្វីបានជាលោកយាយចូលរៀននៅវ័យក្មេងខ្លាំងបែបនេះ?» គាត់ក៏តបទាំងលេងសើចថា «ខ្ញុំមកដើម្បីបានជួបប្តីអ្នកមាន ហើយរៀបការ រួចមានកូនពីរបីនាក់….» ខ្ញុំក៏សួរម្តងទៀត «អត់ទេ ខ្ញុំចង់បានចម្លើយពិត» ព្រោះខ្ញុំចង់ដឹងថាអ្វីទៅដែលធ្វើឱ្យគាត់មករៀនសកលវិទ្យាល័យនៅអាយុប៉ុណ្ណេះ។
«ខ្ញុំតែងមានក្តីសុបិន្តចង់ក្លាយជានិស្សិត ហើយឥឡូវវាក្លាយជាការពិតហើយ» គាត់ប្រាប់ខ្ញុំ។បន្ទាប់ពីចប់ម៉ោងរៀន យើងបានដើរជាមួយគ្នា និងចែកទឹកដោះគោក្រឡុកគ្នាញ៉ាំទៀតផង ហើយយើងក៏ក្លាយជាមិត្តល្អនឹងគ្នា។ ជារៀងរាល់ថ្ងៃ ក្នុងរយៈពេលបីខែនេះ យើងចេញពីរៀនជាមួយគ្នា ហើយនិយាយគ្នាមិនឈប់ ខ្ញុំតែងតែចងចាំពីរឿងរបស់គាត់ ដោយគាត់តែងតែចែករំលែក និងបទពិសោធដែលគាត់មានជាមួយខ្ញុំ។ នៅចុងបញ្ចប់នៃឆមាស Rose បានក្លាយជានិមិត្តរូបរបស់ពួកយើង មិនថាគាត់ទៅណាគាត់តែងតែមានមិត្តជានិច្ច ហើយពួកយើងក៏បានអញ្ជើញគាត់ជាភ្ញៀវកិត្តិយសនៅក្នុងកម្ម វិធីលេងបាល់ទាត់របស់ពួកយើងផងដែរ។
នៅពេលដែលគាត់ចាប់ផ្តើមនិយាយនៅលើឆាក គាត់បានធ្វើឱ្យធ្លាក់ក្រដាស នៅលើកម្រាល គាត់មានការខ្មាសអៀន និងពិបាកធ្វើខ្លួនបន្តិច ក្រោយមកគាត់ក៏ទាញមេក្រូមកនិយាយ «ខ្ញុំសូមទោស ខ្ញុំដូចជារៀងច្រាស់ច្រាល់ចិត្តពេកហើយ ខ្ញុំបានឱ្យស្រាបៀរទៅ Lent ហើយឥឡូវនេះស្រាវីស្គីដែលខ្ញុំផឹក កំពុងតែធ្វើបាបខ្ញុំហើយ ហើយខ្ញុំក៏មិនអាចរៀបពាក្យនិយាយឱ្យបានត្រូវដែរ ហេតុនេះហើយមានតែនិយាយនូវអ្វីដែលខ្ញុំដឹងទៅចុះ» ហើយពួកយើងក៏ចាប់ផ្តើមសើច គាត់ចាប់ផ្តើមបន្តទៀតថា «យើងមិនឈប់នោះទេ ទោះយើងអាយុច្រើនក៏ដោយ ពួកយើងក្លាយជាចាស់ក៏ព្រោះតែយើងព្រមឈប់ទៅវិញទេ វាមានរឿងសម្ងាត់តែ៤ប៉ុណ្ណោះដែលអាចឱ្យយើងនៅតែក្មេង ឱ្យសប្បាយចិត្ត ឱ្យបានទទួលជោគជ័យ យើងត្រូវតែសើច ហើយរករឿងអស់សំណើចឱ្យបានរាល់ថ្ងៃ យើងត្រូវមានក្តីសុបិន ព្រោះបើគ្មានក្តីសុបិនទេ គឺស្មើនឹងយើងស្លាប់ហើយ មនុស្សជុំវិញខ្លួនយើងច្រើនណាស់ ដែលបានស្លាប់ហើយ តែនៅតែមិនដឹងខ្លួន ហើយត្រូវដឹងថាវាខុសគ្នាខ្លាំងណាស់រវាងពាក្យថា មនុស្សចាស់ និងមនុស្សដឹងក្តី។ បើសិនជាអ្នកអាយុ ១៩ ឆ្នាំ តែអ្នកគិតតែពីដេកនៅលើគ្រែពេញមួយឆ្នាំ ហើយមិនធ្វើអ្វីនោះអ្នកនឹងកើនអាយុទៅជា២០ឆ្នាំ សម្រាប់ខ្ញុំអាយុ ៨៧ ឆ្នាំ បើខ្ញុំគិតតែពីគេងនៅលើគ្រែ ខ្ញុំនឹងកើនអាយុ ៨៨ឆ្នាំ អ្នកណាក៏អាចចាស់ដែរ អ្វីដែលធ្វើឱ្យយើងដឹងក្តីនោះ គឺការស្វែងរកឱកាសដែលអាចផ្លាស់ប្តូរខ្លួនឯងបាន ដោយគ្មានការស្តាយក្រោយ មនុស្សចាស់ច្រើន មិនសូវស្តាយនូវអ្វីដែលខ្លួនបានធ្វើនោះទេ តែពួកយើងស្តាយនូវអ្វីដែលយើងមិនបានធ្វើទៅវិញ ហើយមនុស្សដែលខ្លាចការស្លាប់ គឺសុទ្ធតែជាមនុស្សដែលមានការស្តាយក្រោយច្រើន» បន្ទាប់មកគាត់ក៏ច្រៀងបទ“The Rose.” ហើយ គាត់សុំឱ្យយើងរៀននិងរស់នៅឱ្យដូចជាអត្ថន័យបទចម្រៀងនោះ។ មួយសប្តាហ៍បន្ទាប់ពីបញ្ចប់ការសិក្សាគាត់ក៏បានស្លាប់ទៅនៅពេលដែលគាត់គេងលក់ ហើយមាននិស្សិតជាងពីរពាន់នាក់បានទៅចូលរួមបុណ្យសពរបស់គាត់។
២. រឿងត្រីផ្កាយ
បុរសចំណាស់ម្នាក់បានដើរកាត់ឆ្នេរសមុទ្រមួយ ហើយក៏បានឃើញក្មេងប្រុសម្នាក់បោះអ្វីម្យ៉ាងចូលទៅក្នុងរលក ពេលទៅមើលជិត បុរសចំណាស់បានឃើញថាក្មេងប្រុសនោះបានយកត្រីផ្កាយពីលើឆ្នេរទៅបោះចូលក្នុងទឹកវិញ។
«កំពុងធ្វើអីហ្នឹងក្មេងតូច?»គាត់សួរ។ «បើសិនជាត្រីផ្កាយនេះនៅតែនៅលើឆ្នេរ ពេលព្រះអាទិត្យរះវានឹងងាប់» ក្មេងប្រុសក៏បានតបបែបនោះ បុរសចំណាស់ក៏និយាយបន្តថា «ទៅមិនរួចទេ សមុទ្រមានទំហំធំណាស់ ហើយនៅលើនេះមានត្រីផ្កាយរាប់លានក្បាលទៀត មិនថាប្រឹងបោះទៅយ៉ាងណាក៏គ្មានអ្វីប្រែប្រួលដែរ» «យ៉ាងហោចណាស់ក៏ជួយមួយក្បាលនេះបានដែរ»ក្ មេងប្រុសនិយាយហើយក៏បោះត្រីមួយក្បាលទៀតចូលក្នុងសមុទ្ រ«ហើយមួយក្បាលនេះទៀត»។
៣. រដូវកាលនៃជីវិត
មានបុរសម្នាក់មានកូន៤នាក់ គាត់ចង់បង្រៀនកូនកុំឱ្យកាត់សេចក្តីអ្វីលឿនពេក ហេតុនេះហើយគាត់បានឱ្យពួកគេទៅរកមើលដើមផ្លែព័រដែលនៅសែនឆ្ងាយ។ កូនទីមួយទៅនៅរដូចរងារ កូនទីពីរទៅនៅរដូវស្លឹកឈើលាស់ កូនទីបីនៅ ក្នុងរដូវក្តៅ និងកូនទីបួននៅរដូវស្លឹកឈើជ្រុះ។ ពេលដែលពួកគេត្រឡប់មកវិញគាត់ក៏បានហៅពួកគេឱ្យមករៀបរាប់ពីអ្វីដែលពួកគេបានឃើញ។
កូនទីមួយនិយាយថាដើមនោះអាក្រក់ តែកូនទីពីរបែរជាថា វាមានគ្របទៅដោយស្លែពណ៌បៃតង និងស្លឹកជាច្រើន។ ឯកូនទីបីក៏ប្រកែកថា វាមានផ្ការីកយ៉ាងស្រស់ស្អាត មានក្លិនក្រអូប ហើយគាត់មិនដែល ឃើញអ្វីដែលស្អាតបែបនេះទេ ចំណែកកូនទី៤ក៏បដិសេធពាក្យបងៗទាំងអស់ គេបាននិយាយថាវាមានផ្លែទុំហើយជ្រុះ ចុះមកយ៉ាងច្រើន។
បុរសចំណាស់ក៏បានបកស្រាយថា ពួកគេទាំង៤គឺនិយាយត្រូវទាំងអស់ ព្រោះអ្វីដែលពួកគេបានឃើញគឺជារដូវកាលមួយនៃជីវិតរបស់ដើមឈើ ហើយគាត់បានប្រាប់ពួកគេថា យើងមិនអាចកាត់សេចក្តីលើដើមឈើ ឬ នរណាម្នាក់ ដោយគ្រាន់តែបានឃើញតែម្តងនោះទេ ធាតុពិតរបស់ពួកគេ ភាពសប្បាយរីករាយ ក្តីស្រឡាញ់ដែលបានមកពីជីវិត គឺអាចវាស់បានទាល់តែពេលចុងក្រោយប៉ុណ្ណោះ ទាល់តែរដូវកាលទាំងអស់បានបញ្ចប់។ សូមកុំកាត់សេចក្តីឱ្យជីវិត ព្រោះតែរឿងពិបាកនៅពេលណាមួយ ហើយសូមកុំឱ្យសេចក្តីឈឺចាប់នៃរដូវកាលណាមួយ ធ្វើឱ្យភាពសប្បាយរីករាយទាំងអស់ក្នុងជីវិតបាត់បង់ទៅ។
៤. តម្លៃរបស់យើង
វាគ្មិនដ៏ល្បីម្នាក់បានចាប់ផ្តើមសិក្ខាសាលាដោយលើកក្រដាស ២០ ដុល្លាឡើងហើយសួរថា «តើអ្នកណាខ្លះចូលចិត្តក្រដាសប្រាក់នេះ?» មនុស្សនៅក្នុងនោះក៏ចាប់ផ្តើមលើកដៃឡើង គាត់ក៏បានបន្តថា «ខ្ញុំនឹងឱ្យលុយនេះទៅមនុស្សម្នាក់ ប៉ុន្តែដំបូងខ្ញុំសូមធ្វើរឿងមួយនេះសិន» ហើយគាត់ក៏ញីលុយនោះដល់ទក់អស់។
«មានអ្នកចង់បានទៀតទេ?» គាត់សួរ ហើយក៏នៅតែមានដៃលើកឡើង «បើអ៊ីចឹង! ចុះបើខ្ញុំធ្វើបែបនេះ?» ហើយគាត់បោះលុយនោះទៅលើដីរួចជាន់ បន្ទាប់មកក៏រើសវាឡើងវិញ «នៅមានអ្នកចង់បានទៀតទេ?» គាត់សួរ ហើយក៏នៅតែមានដៃលើកឡើង។ «អ្នកទាំងអស់គ្នាបានរៀននូវមេរៀនដ៏មានតម្លៃមួយហើយ មិនថាខ្ញុំធ្វើយ៉ាងណាចំពោះលុយនោះ ក៏អ្នកនៅតែចង់បានវាដែរ ពីព្រោះតម្លៃរបស់វាមិនបានបាត់នោះទេ វានៅតែមានតម្លៃស្មើ ២០ ដុល្លា»។ យើងអាចមាន អារម្មណ៍ថាខ្លួនឯងគ្មានតម្លៃ គ្រាន់ តែថាមិនថាមានរឿងអ្វីបានកើតឡើង ឬនឹងមានរឿងអ្វីកើតឡើងនោះទេ យើងនឹងមិនបាត់បង់តម្លៃរបស់យើងនោះឡើយ មិនត្រូវភ្លេចនោះទេថា ខ្លួនយើងពិសេសយ៉ាងណា។
៥. សាងសង់ផ្ទះ
ជាងឈើចំណាស់ម្នាក់បានត្រៀមខ្លួនចូលនិវត្តន៍រួចហើយ គាត់បានប្រាប់មេរបស់គាត់ថាគាត់ចង់ចាកចេញពីផ្ទះជួលរបស់ខ្លួន ទៅប្រើជីវិតដែលស្ងប់សុខមួយជាមួយប្រពន្ធរបស់គាត់។ មេនោះមានអារម្មណ៍ថាខូចចិត្តដែលបានឃើញកូនចៅដ៏ល្អបែបនេះចាកចេញទៅ ទើបគាត់សួរថាតើគាត់អាចសុំឱ្យបុរសចំណាស់ធ្វើផ្ទះមួយទៀតបានឬទេ? ដែលវាជាការស្នើសុំជាលក្ខណបុគ្គល។ ជាងឈើក៏តបយល់ព្រម ប៉ុន្តែពេលមួយរយៈក្រោយមកនេះគេសង្កេតឃើញថា ជាងឈើលែងមានអារម្មណ៍ធ្វើការហើយ គាត់មិនសូវប្រើទឹកដៃដែលខ្លួនមាន ហើយក៏ប្រើតែសម្ភារអន់ៗ។ នៅពេលដែលជាងឈើបានបញ្ចប់ការងាររបស់ខ្លួន មេរបស់គាត់ក៏បានមកមើលផ្ទះនោះព្រមទាំងហុចសោរឱ្យ និង និយាយ ថា «នេះជាផ្ទះរបស់លោកហើយ ខ្ញុំឱ្យជាកាដូ» ជាងឈើមានការតក់ស្លុតជាខ្លាំង វាជារឿងគួរឳ្យខ្មាសខ្លាំង ណាស់ បើសិនជាដឹងថាគាត់កំពុងសាងសង់ផ្ទះខ្លួន គាត់មុខជាមិនធ្វើបែបនេះទេ។ មានមនុស្សនិយាយថា «ជីវិតគឺជាគម្រោងដែលយើងត្រូវធ្វើដោយខ្លួនឯង» អត្តចរិត និងជម្រើសដែលអ្នកបានជ្រើសរើសនៅថ្ងៃនេះ អាចជួយឱ្យអ្នកអាចសាងសង់ផ្ទះមួយដែលអ្នកត្រូវរស់នៅនៅថ្ងៃស្អែក ហេតុនេះហើយសូមសាងសង់វាឱ្យបានប្រយ័ត្នប្រយែងបំផុត។
៦. ស្វែងរកសុភមង្គល
ក្រុមនៃមនុស្ស៥០នាក់មួយក្រុម បានចូលរួមសិក្ខាសាលាមួយ ភ្លាមនោះវាគ្មិនក៏បានឈប់និយាយហើយបានបង្កើតនូវការចូលក្រុមវិញ គាត់បានឱ្យប៉េងប៉ោងទៅអ្នកចូលរួមម្នាក់មួយៗ ហើយសុំឱ្យពួកគេសរសេរឈ្មោះរបស់ពួកគេនោះលើនោះ បន្ទាប់មកប៉េងប៉ោងនោះក៏ត្រូវប្រមូលយកទៅទុកនៅបន្ទប់ផ្សេងមួយទៀត។ អ្នកចូលរួមទាំងអស់ត្រូវបានគេឱ្យចូលទៅក្នុងបន្ទប់នោះរួចស្វែងរកឈ្មោះរបស់ខ្លួនឯងក្នុងរយៈពេល៥នាទី ហើយម្នាក់ៗក៏ស្វះស្វែងរកឈ្មោះរបស់ខ្លួន ដោយការរុញគ្នាទៅវិញទៅ មក។
ពេលប្រាំនាទីបានបញ្ចប់គ្មានអ្នកណាអាចរកឈ្មោះរបស់ខ្លួនឃើញនោះទេ ហេតុនេះហើយទើបគេសុំឱ្យអ្នកចូលរួមជ្រើសយកប៉េងប៉ោងមួយ ហើយយកទៅឱ្យមនុស្សដែលមានឈ្មោះនៅលើប៉េង ប៉ោងនោះ ប្រើពេលតែមួយនាទីពួកគេក៏បានប៉េងប៉ោងដែលមានឈ្មោះរបស់ខ្លួនឯងមកនៅក្នុងដៃ។វាគ្មិនក៏ចាប់ផ្តើមនិយាយថា «ពេលបែបនេះតែងតែកើតមានក្នុងជីវិតយើង ពេលមួយដែលយើងស្វះស្វែងរកសុភមង្គលឱ្យខ្លួនឯងដោយមិនដឹងថាវានៅឯណា» ការពិតសុភមង្គលរបស់យើង វាក៏មានលាយឡំនៅក្នុងសុភមង្គលរបស់អ្នកដទៃដូចគ្នា បើអ្នកឱ្យសុភមង្គលទៅកាន់ពួកគេ អ្នកក៏ទទួលបានសុភមង្គលរបស់ខ្លួនដែរ ហើយនោះឯងគឺជាគោលដៅនៃការរស់នៅរបស់មនុស្ស នោះគឺការស្វែងរកសុភមង្គល។
៧. រឿងនៃជីវិត
ពេលខ្លះគ្រាន់តែបានឃើញមនុស្សម្នាក់នោះ អ្នកក៏ដឹងភ្លាមថា គេនឹងក្លាយជាមនុស្សសំខាន់ម្នាក់នៅក្នុងជីវិតរបស់អ្នក វត្តមានរបស់ពួកគេអាចមកដើម្បីជាមេរៀន ឬការជួយឱ្យអ្នកបានស្គាល់កាន់តែច្បាស់ថាអ្នកជានរណា ហើយចង់ក្លាយជាអ្វី? ពេលខ្លះវាអាចមានរឿងអាក្រក់ រឿងឈឺចាប់ រឿងអយុត្តិធម៌ដែលកើតឡើងចំពោះអ្នក ប៉ុន្តែត្រឡប់មកវិញអ្នកនឹង រៀនបាននូវវិធីប្រឈមមុខឧបសគ្គទាំងនោះ។ គ្រប់រឿងដែលកើតឡើងវាតែងមានហេតុផលរបស់វា ការឈឺថ្កាត់ ក្តីស្រឡាញ់ ភាពល្ងង់ខ្លៅ ការវង្វេងវង្វាន់ គឺសុទ្ធតែកើតមានឡើងដើម្បីធ្វើតេស្តដល់អ្នក បើគ្មានតេស្តនេះនោះទេ ជីវិតក៏នឹងគ្មានអ្វីក្រៅពីផ្លូវរាបស្មើដែលមិនដឹងថាអាចនាំយើងទៅដល់ទីណា វាអាចមើលទៅស្រួលនិងសុវត្ថិភាព ប៉ុន្តែវារាបស្មើ និងរកទីបញ្ចប់មិនឃើញនោះទេ។
អ្នកគួរធ្វើឱ្យពេលមួយថ្ងៃៗរបស់អ្នកឱ្យកន្លងទៅដោយមានតម្លៃ ធ្វើនូវរឿងដែលអ្នកចង់ធ្វើតែមិនទាន់មានឱកាសធ្វើ បង្កើតនូវបទពិសោធថ្មីៗ និយាយរកមនុស្សដែលអ្នកមិនធ្លាប់និយាយជាមួយ ហើយក៏ស្តាប់យ៉ាងយកចិត្តទុកដាក់។ ផ្តល់ឱកាសឱ្យខ្លួនឯងលង់ស្រឡាញ់អ្នកដទៃ ផ្តល់សេរីភាពឱ្យខ្លួនឯង សម្លឹងមើលទៅ មុខព្រោះអ្នកមានសិទ្ធិគ្រប់គ្រាន់ក្នុងការធ្វើវា ជឿជាក់លើខ្លួនឯង ហើយប្រាប់ខ្លួនឯងថាធ្វើបានល្អហើយ បង្កើតនូវជីវិតដែលខ្លួនអ្នកចង់បាន ហើយចេញទៅមើលបរិយាកាសខាងក្រៅ បន្ទាប់ មកក៏រស់នៅដោយមិនមានភាពស្តាយក្រោយ៕
Comments are closed, but trackbacks and pingbacks are open.