ហេតុផលទាំង៥ បង្ហាញថាវីតាមីនA ចាំបាច់បំផុតចំពោះរាងកាយ
ពិតណាស់ វីតាមីនA មិនត្រឹមតែជំនួយដល់ភ្នែករបស់យើងប៉ុណ្ណោះទេ វាថែមទាំងជួយដល់មុខងារដទៃទៀតនៅក្នុងរាងកាយរបស់យើងផងដែរ។ យើងប្រហែលជាបានដឹងហើយថា ការញ៉ាំការ៉ុតច្រើន នឹងធ្វើឲ្យភ្នែករបស់យើងមើលឃើញច្បាស់ ដែលកត្តានេះគឺមកពីការ៉ុតសម្បូរទៅដោយវីតាមីនA ជួយទ្រទ្រង់ដល់សុខភាពភ្នែក។ យ៉ាងណាមិញ វីតាមីនមួយប្រភេទនេះក៏មានសារសំខាន់ចំពោះមុខងារដទៃទៀតនៅក្នុងរាងកាយរបស់យើងផងដែរ ដូចជាការលូតលាស់ ប្រព័ន្ធភាពស៊ាំ និងការទទួលស្គាល់កោសិកា (Cell Recognition )។ លើសពីនេះ វីតាមីនA ក៏ជាធាតុប្រឆាំងអុកស៊ីតកម្មដ៏មានឥទ្ធិពល ដែលជួយលើកកម្ពស់មុខងារនៃសរីរាង្គផ្សេងៗដូចជា បេះដូង សួត និងតម្រងនោមថែមទៀតផង។
១. លើកកម្ពស់ការលូតលាស់ និងការមានកូន
វីតាមីនA គឺជាវីតាមីនដ៏សំខាន់មួយ ដែលមានភាពចាំបាច់ក្នុងការថែទាំប្រព័ន្ធបន្តពូជឲ្យមានសុខភាពល្អ។ យោងតាមការសិក្សាមួយបានបង្ហាញថា កង្វះវីតាមីនA មិនត្រឹមតែអាចប៉ះពាល់ដល់គុណភាពស៊ុតប៉ុណ្ណោះទេ ប៉ុន្តែវាក៏អាចជះឥទ្ធិពលដល់ការផ្សាំរបស់វានៅក្នុងស្បូនផងដែរ។ លើសពីនេះ វីតាមីនA ក៏មានពាក់ព័ន្ធទៅនឹងការវិវត្ត ក៏ដូចជាការលូតលាស់ធម្មតានៃអំប្រ៊ីយ៉ុងថែមទៀតផង។ ទោះជាយ៉ាងនេះក្តី ការញ៉ាំវីតាមីនAច្រើនជ្រុល ក៏អាចបង្កជាគ្រោះថ្នាក់ដល់ទារកក្នុងផ្ទៃបានដូចគ្នា។
២. ជួយពង្រឹងសុខភាពភ្នែក
យើងប្រហែលជាបានដឹងហើយថា កង្វះវីតាមីនA អាចបណ្ដាលឲ្យយើងកើតជំងឺខ្វាក់មាន់ ពីព្រោះវីតាមីនA មានសារសំខាន់ណាស់ក្នុងការបំប្លែងពន្លឺដែលប៉ះទៅនឹងរ៉េទីនឲ្យក្លាយជាសញ្ញាមួយទៅកាន់ខួរក្បាល។ នៅពេលដែលយើងខ្វះវីតាមីនA ការបំប្លែងពន្លឺមិនកើតឡើងប្រកបដោយប្រសិទ្ធភាពឡើយ ដែលកត្តានេះនឹងជះឥទ្ធិពលមិនល្អដល់ការមើលឃើញរបស់យើងផងដែរ។
៣. ទ្រទ្រង់ដល់ប្រព័ន្ធភាពស៊ាំ
ជាមួយគ្នានេះដែរ វីតាមីនA មានសារសំខាន់ណាស់សម្រាប់ការផលិត និងមុខងារនៃកោសិកាឈាមសនៅក្នុងរាងកាយរបស់យើង ដែលទទួលខុសត្រូវក្នុងការប្រឆាំងនឹងភ្នាក់ងារបង្ករោគ នៅក្នុងឈាម។ បន្ថែមពីនេះ កង្វះវីតាមីនA មិនត្រឹមតែបង្កើនឱកាសនៃការឆ្លងមេរោគប៉ុណ្ណោះទេ ប៉ុន្តែវាក៏ធ្វើឲ្យយើងមិនងាយជាសះស្បើយពីជំងឺផងដែរ។
៤. សុខភាពឆ្អឹងរឹងមាំ
គ្នាយើងភាគច្រើនតែងតែគិតថា មានតែកាល់ស្យូម និងវីតាមីនDប៉ុណ្ណោះ ដែលធ្វើឲ្យឆ្អឹងរបស់យើងរឹងមាំ ប៉ុន្តែ គំនិតនេះគឺមិនត្រឹមត្រូវទាំងស្រុងឡើយ។ យោងតាមការសិក្សាមួយបានបង្ហាញថា អ្នកដែលមានកម្រិតវីតាមីនA ទាបមានហានិភ័យនៃការបាក់ឆ្អឹងច្រើនជាងអ្នកដែលមានកម្រិតវីតាមីនA គ្រប់គ្រាន់។
៥. កាត់បន្ថយហានិភ័យនៃជំងឺមហារីក
ប្រសិនបើយើងមានកម្រិតវីតាមីនA នៅក្នុងរាងកាយគ្រប់គ្រាន់ យើងអាចមានហានិភ័យទាបនៅក្នុងការកើតជំងឺមហារីកមួយចំនួន។ ជាក់ស្តែង ការប្រើប្រាស់ថ្នាំbeta-carotene ដែលផ្ទុកទៅដោយវីតាមីនA អាចកាត់បន្ថយជំងឺមហារីកស្បូន សួត និងប្លោកនោមបានយ៉ាងមានប្រសិទ្ធភាព។ យើងអាចរកវីតាមីនA បាននៅក្នុងត្រី សាច់ និងបន្លែបៃតង ជាដើម។
Comments are closed, but trackbacks and pingbacks are open.