ចង់​ឲ្យ​កូន​ក្នុង​ផ្ទៃ​កើត​មក​ឆ្លាត​ ម៉ាក់​ៗ​កុំ​រំលង​អាហារ​ទាំង​នេះ

ម៉ាក់​ៗ​គ្រប់​រូប​តែងតែ​ចង់​​ឲ្យ​កូន​កើត​​មក​មាន​សុខភាព​ល្អ​ រាងកាយ​មាំមួន​ និង​​ជា​ពិសេស​ គឺ​មាន​ភាព​ឆ្លាត​វៃ​ជាក់​ជា​មិន​ខាន​​។ ពិត​ណាស់​ អាហារ​ដែល​ម៉ាក់​ៗ​ញ៉ាំ​​នៅ​អំឡុង​ពេល​ពពោះ​ នឹង​​​ជះ​ឥទ្ធិពល​យ៉ាង​ខ្លាំង​ដល់​កូន​ក្នុង​ផ្ទៃ​​ ដូច្នេះ​ហើយ​ម៉ាក់​ៗ​គួរ​ជ្រើសរើស​​អាហារ​​​​ណា​ ដែល​មាន​សារជាតិ​ចិញ្ចឹម​គ្រប់គ្រាន់​ និង​​វីតាមីន​ល្អ​ៗ​។​ យ៉ាង​ណា​មិញ​ ប្រសិនបើ​ម៉ាក់​ៗ​ចង់​ឲ្យ​កូន​កើត​មក​​មាន​ភាព​ឆ្លាត​វៃ​ ម៉ាក់​ៗ​មិន​គួរ​រំលង​អាហារ​ដែល​ជួយ​​អភិវឌ្ឍ​ការ​យល់​ដឹង​របស់​ក្មេង​ទាំង​នេះ​ឡើយ​។

១. ខ្លាញ់​ត្រី​
​​​​​​​​​អាស៊ីដ​ខ្លាញ់​អូមេហ្គា​៣​ គឺ​មាន​សារសំខាន់​ណាស់​ចំពោះ​ការ​លូតលាស់​ខួរ​ក្បាល​របស់​កូន​។​ ម៉ាក់ៗ​ដែល​កំពុង​ពពោះ​ ចាំបាច់​ត្រូវ​ញ៉ាំ​ត្រី​សាល់​ម៉ុន​ ដើម្បី​ឲ្យ​កូន​កើត​មក​មាន​ភាព​វៃ​ឆ្លាត​។​ ចូរ​ញ៉ាំ​សាច់​ត្រី​​ឲ្យ​បាន​​យ៉ាង​តិច​ពីរ​​ដង​ ឬ​ច្រើន​ជាង​នេះ ក្នុង​មួយ​សប្ដាហ៍។​ ជាមួយ​គ្នា​នេះ​ដែរ​ ម៉ាក់​ៗ​ក៏​អាច​ញ៉ាំ​អ័រស្ទ័រ ដែល​ជា​កំពូល​អាហារ​ដែល​សំបូរ​ទៅ​ដោយ​ជាតិ​អ៊ី​យ៉ូដ​ផង​ដែរ​។

​​​​​​២. បន្លែ​បៃតង​
​ជា​ទូទៅ​ បន្លែ​បៃតង​មាន​ផ្ទុក​ទៅ​ដោយ​អាស៊ីដ​ហ្វូលិក​​ដែល​​អាច​ជួយ​ការពារ​ខួរ​ក្បាល​របស់​កូន​ពី​ការ​បំផ្លាញ​ជាលិកា​។​ លើស​ពី​នេះ​ បន្លែ​បៃតង​ក៏​អាច​កាត់​បន្ថយ​ហានិភ័យ​នៃ​ការ​ខូច​ប្រព័ន្ធ​ប្រសាទ មាត់​ឆែប​ និង​បញ្ហា​បេះដូង​​ផ្សេង​ៗ​ដែល​កើត​ឡើង​ចំពោះ​ទារក​​ថែម​ទៀត​ផង​។​

៣. ស៊ុត​
​ស៊ុត​មាន​ជាតិ​ប្រូតេអ៊ីន​ខ្ពស់​ និង​កាឡូរី​ទាប​ ជាពិសេស​គឺ​ស៊ុត​ស្ងោរ​ ពីព្រោះ​វា​មាន​ផ្ទុក​អាស៊ីដ​អាមីណូ​ ឈ្មោះ​ថា​ Choline ដែល​ជួយ​ដល់​ការ​អភិវឌ្ឍ​ខួរក្បាល​ និង​បង្កើន​ការ​ចងចាំ។​

​៤. គ្រាប់​អាល់ម៉ុន
​ជា​ធម្មតា​ គ្រាប់​អាល់ម៉ុន​មាន​ផ្ទុក​ទៅ​ដោយ​ខ្លាញ់​ល្អ ម៉ាញ៉េស្យូម​ វីតាមីន​E និង​ប្រូតេអ៊ីន។​ ចំណែក​ឯ​អាស៊ីដ​ខ្លាញ់​អូមេហ្គា​៣​ដែល​ជួយ​បង្កើន​សមត្ថភាព​ខួរ​ក្បាល​ ក៏​ត្រូវ​បាន​រក​ឃើញ​នៅ​ក្នុង​គ្រាប់​អាល់​ម៉ុន​នេះ​​ដែរ​​។ ដូច្នេះ​ហើយ​​ ម៉ាក់​ៗ​គួរ​ចាប់ផ្ដើម​ញ៉ាំ​គ្រាប់​អាល់​ម៉ុន​មួយ​ក្ដាប់​ដៃ​ជា​រៀង​រាល់​ថ្ងៃ​​ ដើម្បី​ឲ្យ​កូន​កើត​មក​មាន​ភាព​វៃ​ឆ្លាត​​តាំង​ពី​កំណើត​។

៥. គ្រាប់​ល្ពៅ​
​​​​​គ្រាប់​ល្ពៅ​មាន​ផ្ទុក​ទៅ​ដោយ​ស័ង្កសី​ ដែល​ជួយ​លើក​កម្ពស់​រចនាសម្ព័ន្ធ​ខួរ​ក្បាល​ ក៏​ដូចជា​ជំនួយ​ក្នុង​ការ​​យល់​ដឹង​ព័ត៌មាន​​របស់​ក្មេង​។​ ជាក់ស្ដែង​ គ្រាប់​ល្ពៅ​មាន​សារធាតុ​ចិញ្ចឹម​ខ្ពស់​ ហើយ​ក៏​ជា​ប្រភព​នៃ​សារធាតុ​ប្រឆាំង​​នឹង​អុកស៊ីតកម្ម​​ដ៏​មាន​ប្រសិទ្ធភាព​​ផង​ដែរ​។

៦. ​ពពួក​សណ្ដែក​
​​រាងកាយ​របស់​ម៉ាក់ៗ​ គឺ​ត្រូវការ​ជាតិ​ដែក​ជា​ចាំបាច់​ ដើម្បី​បញ្ជូន​អុកស៊ីសែន​ទៅ​ក្នុង​កោសិកា​សរសៃ​ប្រសាទ​នៅ​ក្នុង​ខួរ​ក្បាល​របស់​ទារក​។​ សណ្ដែក​មាន​បរិមាណ​ជាតិ​ដែក​​​ល្អ​ ដែល​​ស្រ្តី​​មាន​ផ្ទៃ​ពោះ​មិន​គួរ​មើល​រំលង​ឡើយ​។​ ​

៧. ទឹក​ដោះ​គោ
​ទឹក​ដោះ​គោ​ក៏​​សំបូរ​ទៅ​ដោយ​ជាតិ​ដែក មិន​ចាញ់​ពពួក​សណ្ដែក​ដែរ​ ដែល​អាច​ជួយ​ដល់​មុខងារ​យល់​ដឹង​របស់​កូន​ឲ្យ​មាន​សុខភាព​ល្អ​ ក៏​ដូចជា​ជួយ​​ទ្រទ្រង់​ដល់​ការ​អភិវឌ្ឍន៍​របស់​ខួរ​ក្បាល​មុន​ពេល​ដែល​ទារក​កើត​។ ហេតុនេះ​ហើយ​ ម៉ាក់​ៗ​គួរ​ញ៉ាំ​ទឹក​ដោះ​គោ​ជា​ប្រចាំ​ដើម្បី​​ឲ្យ​កូន​កើត​មក​មាន​ភាព​វៃ​ឆ្លាត​។​

Comments are closed, but trackbacks and pingbacks are open.