ថ្ងៃសែនចិន នៅភ្នំពេញហាមដុតផាវ កាំជ្រួច ការហែក្បួនផ្សេងៗដែលគ្មានការអនុញ្ញាត

នៅរសៀលថ្ងៃទី ២៥ ខែមករា ឆ្នាំ ២០២២ នេះរដ្ឋបាលរាជធានីភ្នំពេញ បានចេញសេចក្ដីជូនដំណឹង ស្តីពីការរៀបចំសន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់ និង របៀបរៀបរយសាធារណៈ ក្នុងឱកាសបុណ្យចូលថ្មីប្រពៃណីចិន និង វៀតណាម។

ក្នុងនោះ ខាងរដ្ឋបាលរាជធានី បានបញ្ជាក់ឱ្យបានដឹងថា ដើម្បីរក្សាបាននូវសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ និង របៀបរៀបរយសាធារណៈ ក្នុងឱកាសបុណ្យ ចូលឆ្នាំថ្មីប្រពៃណីចិន និង វៀតណាម ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី ៣១ ខែមករា ឆ្នាំ ២០២២ ដល់ថ្ងៃទី ០៣ ខែកុម្ភៈ ឆ្នាំ ២០២២ ខាងមុខ រដ្ឋបាលរាជធានីភ្នំពេញ សូមធ្វើការណែនាំដល់មន្ទីរ អង្គភាព ខណ្ឌ សង្កាត់ សមាគម ក្រុមហ៊ុនឯកជន អង្គការក្រៅរដ្ឋាភិបាល និង សាធារណជនក្នុងរាជធានីភ្នំពេញដូចតទៅ ៖

១. ហាមដាច់ខាត

– មិនឱ្យមានការដុតផាវ កាំជ្រួច ឬ បង្កសំឡេងផ្ទុះគ្រប់ប្រភេទក្នុងឱកាសពិធីបុណ្យនេះ

– មិនឱ្យមានការលេងល្បែងស៊ីសងគ្រប់ប្រភេទ

– ការហែក្បួនផ្សេងៗទាំងបែបសាសនា ឬ ប្រពៃណីដែលគ្មានការអនុញ្ញាត។

២. នៅគ្រប់ទីកន្លែងកម្សាន្តសប្បាយនានា ត្រូវអនុវត្តនូវវិធានសុខាភិបាល ក្នុងការទប់ស្កាត់ការរីករាលដាល ជំងឺកូវីដ-១៩ ជាពិសេសមេរោគបំប្លែងថ្មីអូមីក្រុង និង ត្រូវរក្សាសន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់សាធារណៈ សេចក្តីថ្លៃថ្នូរ និង ត្រូវប្រុងប្រយ័ត្នក្នុងការអុជទៀនធូប ក្រដាសសែន ភ្លើងចង្ក្រាន ចរន្តអគ្គិសនី ដែលអាច បង្កឱ្យមានគ្រោះអគ្គិភ័យកើតឡើងជាយថាហេតុ។ ដោយឡែកការដុតក្រដាសសែន ត្រូវប្រើធុងដែក ឬ ឆ្នាំងដី ដើម្បីដុត ហាមដាច់ខាត មិនឱ្យដុតលើចិញ្ចើមផ្លូវ ឬ ទ្រូងផ្លូវសាធារណៈ។

៣. ចាប់ពីពេលនេះតទៅ អាជ្ញាធរមានសមត្ថកិច្ចគ្រប់ថ្នាក់ត្រូវចាត់វិធានការឱ្យម៉ឺងម៉ាត់បំផុត កុំឱ្យមានការ នាំចូលផាវ-កាំជ្រួច ជាតិផ្ទុះគ្រប់ប្រភេទតាមច្រកចូលរាជធានីភ្នំពេញ និង ត្រូវត្រួតពិនិត្យដកហូតវត្ថុទាំងនេះ ដែលមានតាំងលក់នៅគ្រប់ទីកន្លែងក្នុងរាជធានីភ្នំពេញ។

៤. មន្ទីរធម្មការ និង សាសនារាជធានីភ្នំពេញ ត្រូវអញ្ជើញបណ្តាសមាគមចិន និង វៀតណាម ដើម្បីផ្សព្វផ្សាយនូវខ្លឹមសារខាងលើឱ្យបានទូលំទូលាយ។

៥. រដ្ឋបាលខណ្ឌទាំង ១៤ មន្ទីរ និងអង្គភាពជុំវិញរដ្ឋបាលរាជធានីភ្នំពេញ ត្រូវផ្សព្វផ្សាយណែនាំដល់មន្ត្រីរាជកា កងកម្លាំងក្រោមឱវាទ និងប្រជាពលរដ្ឋក្នុងមូលដ្ឋាន ឱ្យអនុវត្តតាមការណែនាំនេះឱ្យមានប្រសិទ្ធភាព។

៦. ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ និង បញ្ជាការដ្ឋានយោធភូមិភាគពិសេស ត្រូវចេញបទបញ្ជាឱ្យម៉ឺងម៉ាត់ដល់កម្លាំងរបស់ខ្លួន ដើម្បីអនុវត្តឱ្យមានប្រសិទ្ធភាព។

៧. ជនណាបំពានលើសេចក្តីណែនាំនេះ ឬ ប្រព្រឹត្តល្មើស បង្កឱ្យមានចលាចលក្នុងសង្គម បាត់សណ្ដាប់ធ្នាប់ សន្តិសុខ សុវត្ថិភាព និង របៀបរៀបរយសាធារណៈត្រូវទទួលទោសតាមច្បាប់ជាធរមាន៕

ដើម្បីជ្រាបកាន់តែច្បាស់ សូមអានសេចក្ដីលម្អិតនៅខាងក្រោម ៖

Comments are closed, but trackbacks and pingbacks are open.