សាលាខេត្តសៀមរាប សម្រេចឱ្យមេធាវីប្ដឹងលោក ផែង វណ្ណៈ ទៅតុលាការ

(សៀមរាប)៖ សាលាខេត្តសៀមរាប តាមរយៈលោកមេធាវី អ៊ុន ច័ន្ទថុល ជាតំណាង បានសម្រេចដាក់ពាក្យប្តឹងលោក ផែង វណ្ណៈ ចំនួន៣បទល្មើស ពាក់ព័ន្ធបទញុះញង់ឱ្យមានការរើសអើង, បទអំពើញុះញង់ប្រព្រឹត្តតាមផ្លូវសារព័ត៌មាន និងបទប្រមាថចំពោះអ្នករាជការសាធារណៈ។

ពាក្យបណ្តឹងរបស់សាលាខេត្តសៀមរាប ត្រូវបានលោកមេធាវី អ៊ុន ច័ន្ទថុល ដាក់ទៅអយ្យការអមសាលាដំបូងខេត្តសៀមរាបរួចរាល់ហើយ នៅរសៀលថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២១។

ក្នុងពាក្យបណ្តឹងរបស់សាលាខេត្តសៀមរាបបានប្តឹងលោក ផែង វណ្ណៈ អាយុ៥២ឆ្នាំ ពីបទ៖ ញុះញង់ឲ្យមានការរើសអើង តាមបញ្ញត្តិមាត្រា៤៩៤ និងមាត្រា៤៩៦, បទអំពើញុះញង់ប្រព្រឹត្តតាមផ្លូវសារព័ត៌មាន បញ្ញាត្តិមាត្រា៤៩៧ និងបទប្រមាថចំពោះអ្នករាជការសាធារណៈ បញ្ញត្តិមាត្រា ៥០២ នៃក្រមព្រហ្មទណ្ឌ នៃព្រះរាជាណាចក្រកម្ពុជា ដែលកើតឡើងកាលពីអំឡុងថ្ងៃទី១៤ ១៥ និង ១៦ ខែមីនា ឆ្នាំ២០២១។

ការប្តឹងរបស់សាលាខេត្តសៀមរាប ដោយសំអាងទៅលើភស្តុតាងវីដេអូឃ្លីប និងសំណេរបស់លោក ផែង វណ្ណៈ បានផ្សាយលើទំព័រហ្វេសប៊ុក «Pheng Vannak News» ផ្សាយនៅថ្ងៃទី១៤ និងទី១៥ ខែមីនា ឆ្នាំ២០២១។

លោក ផែង វណ្ណៈ តាមរយៈការផ្សាយផ្ទាល់របស់ខ្លួនកាលពីថ្ងៃទី១៤ និងថ្ងៃទី១៥ ខែមីនា បាននិយាយរិះគន់ និងបរិហារខ្លាំងៗទៅលើមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធខេត្ត ដែលចូលរួមសម្របសម្រួលនិងធ្វើកំណត់ហេតុ ករណីហឹង្សាបានកើតឡើងរវាងព្រះសង្ឃ និងព្រះសង្ឃក្នុងវត្តរាជបូណ៌ដោយប្រើពាក្យ អសុរោះ មិនគួរគប្បី និងពាក្យប្រមាថចំពោះអ្នករាជការសាធារណៈដោយនិយាយថា៖

«ដល់ថ្នាក់ចៅហ្វាយខេត្តរង ដល់ថ្នាក់ស្នងការរង ទៅសន្និដ្ឋានរឿងក្រឡិបិអញ្ជឹង។…ប៉ុន្តែបែរជានាំគ្នាទៅសន្និដ្ឋានទាំងល្ងីល្ងឺពកថ្ងាស ច្រាសបាយរាជការ ប៉ុន្តែទៅសន្និដ្ឋានទាំងល្ងីល្ងឺពកថ្ងាស សុទ្ធតែមិនមែនករណីហិង្សា មិនមែនធ្វើទារុណកម្ម តើជាករណីស្អីបើសិនជាអញ្ជឹងមែន ច្បាប់នៅសៀមរាប គេមានធ្វើអញ្ជឹងមែន ស្អែក ខានស្អែក ខ្ញុំឡើងទៅសុំវាយក្បាលមនុស្ស បួនដប់នាក់នោះថា ខ្ញុំអប់រំ កុំចាប់ខ្ញុំ ទៅវាយក្បាលពួកអ្នកគណៈកម្មការនោះ មានទាំងមន្រ្តីប៉ុន្មានហ្នឹង ទៅដាក់ ក្បាលម្នាក់មួយរំពាត់ៗ កុំចាប់ខ្ញុំ ព្រោះខ្ញុំគ្រាន់តែអប់រំថា កុំឲ្យធ្វើអញ្ជឹងថ្ងៃក្រោយ កុំចាប់ខ្ញុំ ខ្ញុំព្រះរាជអាជ្ញាទៅ ខ្ញុំវាយផ្តៅដូចគ្នា ខ្ញុំទៅវាយមន្រ្តីទាំងអស់ហ្នឹង ថាខ្ញុំរាស្រ្តម្ចាស់ឆ្នោត ខ្ញុំអត់ពេញចិត្តនឹងទង្វើរបស់អ្នកឯង អញ្ជឹងខ្ញុំសុំយកផ្តៅហ្នឹងទៅដាក់អ្នកឯងបួនដប់ផ្តៅ អាហ្នឹងវាជាវិន័យរបស់រាស្រ្ត មកសន្និដ្ឋានបង្រ្គប់កិច្ច ចេះតែមានម៉ង វាហួសហេតុ…»។

ពាក្យបណ្តឹងរបស់សាលាខេត្តសៀមរាប ស្នើសុំឲ្យព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តសៀមរាប៖

ទី១៖ សុំឲ្យធ្វើការពិនិត្យ សម្រេចចោទប្រកាន់ និងផ្តន្ទាទោសឲ្យបានធ្ងន់ធ្ងរបំផុត លើឈ្មោះ ផែង វណ្ណៈ តាមបញ្ញតិ្តមាត្រានៃក្រមព្រហ្មទណ្ឌនៃព្រះរាជាណាចក្រកម្ពុជា។

ទី២៖ សុំទាមទារសំណងជំងឺចិត្តពីឈ្មោះ ផែង វណ្ណៈ ដែលធ្វើឲ្យមានផលប៉ះពាល់ដល់សេចក្តីថ្លៃថ្នូរ កិត្តិយសរបស់អ្នករាជការសាធារណៈនៃសាលាខេត្តសៀមរាបចំនួន ១០០,០០០,០០០ (មួយរយលានរៀល)។

សូមបញ្ជាក់ថា ពាក់ព័ន្ធការប្រើវិន័យវាយនឹងរំពាត់លើព្រះសង្ឃនៅវត្តរាជបូណ៌នេះ។ លោក ផែង វណ្ណៈ មិនត្រឹមតែប្រមាថចំពោះមន្ត្រីរាជការដែលចុះទៅសម្របសម្រួល លើបញ្ហានេះទេ លោកក៏បានប្រើសម្តីប្រមាថដល់អាយុជីវិតរបស់ព្រះតេជគុណ ពិន សែម ផងដែរ។ បើទោះបីជាយ៉ាងណា កាលពីសប្តាហ៍កន្លងទៅ លោក ផែង វណ្ណៈ បានចុះទៅថ្វាយបង្គំសូមខមាទោសពីព្រះតេជគុណ ពិន សែម រួចហើយ។

ដោយឡែកមួយទៀត កាលពីថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២១ លោក ឈិត សុខុន រដ្ឋមន្រ្តីក្រសួងធម្មការ និងសាសនាកម្ពុជា បានធ្វើលិខិតមួយ ស្នើដល់ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកណ្តាល ឱ្យចាត់វិធានការផ្លូវច្បាប់ចំពោះលោក ផែង វណ្ណៈ ដែលបានប្រើប្រាស់ពាក្យសម្តី និងសំណេរ ប្រមាថដល់អាយុជីវិតរបស់ ព្រះមហាវិមលធម្ម ពិន សែម ដោយក្រសួងបានប្តឹងលោក ផែង វណ្ណៈ ទៅកាន់សាលាដំបូងខេត្តកណ្តាល ពីបទប្រមាថសាសនា និងព្រះសង្ឃធ្ងន់ធ្ងរ៕

Comments are closed, but trackbacks and pingbacks are open.