ស្រ្តីអ្នកជំងឺម្នាក់ទៀតហើយបានស្លាប់ ដោយសារជំងឺកូវីដ១៩ នៅមន្ទីរពេទ្យបង្អែក ខេត្តព្រះសីហនុ អាយុ៤៣ឆ្នាំ

(ព្រះសីហនុ)៖ លោកស្រី យក់ សម្បត្តិ រដ្ឋលេខាធិការ ក្រសួងសុខាភិបាល បានថ្លែងប្រាប់បណ្តាញព័ត៌មាន ឲ្យដឹងថា នាព្រឹកថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២១នេះថា អ្នកជំងឺកូវីដ១៩ ម្នាក់ទៀតបានស្លាប់ នៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ។

អ្នកស្លាប់ដោយសារជំងឺកូវីដ១៩ ជាស្ត្រីជនជាតិខ្មែរ ឈ្មោះ ប៉ែន ស៊ីណុន អាយុ៤៣ឆ្នាំ រស់នៅខេត្តព្រះសីហនុ បានទៅព្យាបាលជំងឺនៅមន្ទីរពេទ្យបង្អែក ខេត្តព្រះសីហនុ។ គ្រូពេទ្យបានយកសំណាកពីអ្នកជំងឺនៅយប់ថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២១ លទ្ធផលគឺវិជ្ជមាន។

លោកស្រី យក់ សម្បត្តិ បានបញ្ជាក់ថា អ្នកជំងឺដែលឈានរហូតដល់ស្លាប់នេះ ដោយសារមានជំងឺឈាមក្នុងក្រពះធ្ងន់ធ្ងរ និងធ្លាក់ឈាមច្រើន បូកជាមួយជំងឺកូវីដ១៩ផង ធ្វើឲ្យស្ថានភាពអ្នកជំងឺស្ថិតក្នុងភាពធ្ងន់ធ្ងរខ្លាំង ក្រុមគ្រូពេទ្យមិនអាចជួយសង្រ្គោះបាន។

ក្រសួងសុខាភិបាល នឹងចេញសេចក្តីប្រកាសព័ត៌មាននេះនៅពេលបន្ទាប់៕

Comments are closed, but trackbacks and pingbacks are open.