ជួយចែករំលែក! ហេតុអ្វីគួរញ៊ាំផ្លែប៉ោមរាល់ថ្ងៃ?
ទោះបីជាភាគច្រើននៃពួកយើងស្គាល់និងឧស្សាហ៍ទទួលទានផ្លែប៉ោម ប៉ុន្តែប្រហែលមិនធ្លាប់ចាប់អារម្មណ៍ពីអត្ថប្រយោជន៍ដ៏ប្រសើរនៃផ្លែឈើនេះចំពោះសុខភាពឡើយ។ ថាតើការទទួលទានផ្លែប៉ោមអាចផ្ដល់ផលល្អអ្វីខ្លះ? ខាងក្រោមនឹងបង្ហាញឱ្យដឹងពីមូលហេតុដែលអ្នកគួរព្យាយាមទទួលទានផ្លែប៉ោមជាប្រចាំ ៖
១. វាជួយទប់ស្កាត់បញ្ហាសម្ពាធឈាមឡើងខ្ពស់ នេះក៏ព្រោះតែផ្លែប៉ោមមានផ្ទុកសម្បូរទៅដោយប៉ូតាស្យូមដែលជួយគ្រប់គ្រងសម្ពាធឈាមកាត់បន្ថយហានិភ័យនៃជំងឺបេះដូងនិងដាច់សសៃឈាមខួរក្បាល។
២. ពង្រឹងប្រព័ន្ធភាពស៊ាំរាងកាយ ផ្លែប៉ោមមានផ្ទុកសារធាតុប្រឆាំងអុកស៊ីតកម្មមួយប្រភេទហៅថា quercetin ដែលជួយពង្រឹងប្រព័ន្ធភាពស៊ាំរាងកាយគួរឱ្យកត់សម្គាល់។
៣. គ្រប់គ្រងកម្រិតនៃជាតិស្ករក្នុងឈាម ផ្លែប៉ោម គឺជាជម្រើសនៃផ្លែឈើដ៏ល្អបំផុតមួយសម្រាប់អ្នកជំងឺទឹកនោមផ្អែមដោយវាមានផ្ទុកបរិមាណនៃជាតិសសៃខ្ពស់ដែលជួយកាត់បន្ថយកម្រិតកូឡេស្តេរ៉ូលមិនល្អ និងគ្រប់គ្រងកម្រិតជាតិស្ករក្នុងឈាម។ ម្យ៉ាងវិញទៀតសារធាតុ pectin ក្នុងផ្លែប៉ោមជួយផ្ដល់ឱ្យរាងកាយនូវអាស៊ីត galacturonic ដែលបន្ថយតម្រូវការអាំងស៊ុយលីនរបស់រាងកាយ។
៤. វាជួយពង្រឹងសុខភាពបេះដូង សមាសធាតុប្រឆាំងអុកស៊ីតកម្មនិងបរិមាណខ្ពស់នៃជាតិសសៃក្នុងផ្លែប៉ោមជួយពង្រឹងសុខភាពបេះដូងដោយរារាំងការរលាក ព្រមទាំងកាត់បន្ថយកូឡេស្តេរ៉ូលមិនល្អទប់ស្កាត់ហានិភ័យនៃជំងឺបេះដូងគួរឱ្យកត់សម្គាល់។
៥. ជួយឱ្យស្រកទម្ងន់ ផ្លែប៉ោមមានផ្ទុកសម្បូរដោយជាតិសសៃនិងជាតិទឹកដែលជួយឱ្យអ្នកឆាប់ឆ្អែត ហើយឆ្អែតបានយូរល្អសម្រាប់អ្នកចង់ស្រកទម្ងន់។
៦. ទប់ស្កាត់ប្រឆាំងជំងឺមហារីក សារធាតុប្រឆាំងអុកស៊ីតកម្ម flavonoids, ជាតិសសៃខ្ពស់ និងលក្ខណៈសម្បត្តិប្រឆាំងការរលាកនៃផ្លែប៉ោមអាចជួយទប់ស្កាត់កាត់បន្ថយហានិភ័យនៃជំងឺមហារីកច្រើនប្រភេទ ជាពិសេសមហារីកសួត ពោះវៀនធំ ស្បែក ក៏ដូចជាមហារីកសុដន់។
៧. វាជួយការពារសុខភាពឆ្អឹង សារធាតុ phloridzin ក្នុងផ្លែប៉ោមអាចជួយពង្រឹងសុខភាពឆ្អឹងកាត់បន្ថយហានិភ័យនៃជំងឺពុកឆ្អឹង ហើយបង្កើនដង់ស៊ីតេឆ្អឹងបានយ៉ាងប្រសើរ។ ផ្លែប៉ោមក៏មានផ្ទុកសារធាតុ boron ដែលជួយឱ្យឆ្អឹងរឹងមាំផងដែរ៕
Comments are closed, but trackbacks and pingbacks are open.