ក្ដៅ!! អាជ្ញាធរបន្ថែមការរឹតបន្តឹងការចេញចូលបន្ថែម បន្ទាប់ពីរកឃើញអាជីវករលក់ត្រីម្នាក់…
(កណ្ដាល)៖ ក្រោយរកឃើញអាជីវករលក់ត្រីនៅក្នុងផ្សារកីឡដ្ឋានខេត្តកណ្ដាលម្នាក់ឈ្មោះ ជិន សម្ភស្ស វិជ្ជមានកូវីដ១៩ នៅថ្ងៃទី២០ ខែមេសា ឆ្នាំ២០២១នេះ អាជ្ញាធរមិនបានបិទផ្សារនោះឡើយ តែបានបន្ថែមការរឹតបន្តឹការធ្វើដំណើរចេញ-ចូលផ្សារកីឡដ្ឋាននេះខ្លាំងជាងមុន ដោយមិនអនុញ្ញាតឱ្យមានការចេញ-ចូលដោយសេរីដូចមុនៗនោះឡើយ។ នេះបើតាមការឱ្យដឹងពីរដ្ឋបាលបានបញ្ជាក់ប្រាប់ នៅរសៀលថ្ងៃទី២០ ខែមេសា ឆ្នាំ២០២១នេះ។
ប្រភពបានបញ្ជាក់ថា បន្ទាប់ពីធ្វើការរកឃើញមនុស្ស១១នាក់ មានសីតុណ្ហភាពលើសពី៣៧អង្សាសេ កាលពីម្សិលមិញ មន្ត្រីសុខាភិបាលខេត្តបានចុះមកយកសំណាកមនុស្សទាំងអស់ នៅក្នុងកីឡដ្ឋាននេះ ដែលសរុបចំនួនមាន ៣៥៣នាក់ ក្រោមការចុះពិនិត្យមើលដោយផ្ទាល់ពីសំណាក់លោក គង់ សោភ័ណ្ឌ អភិបាលខេត្ត។
ប្រតិបត្តិការយកសំណាកនេះ ធ្វើឡើងពីក្បាលព្រលប់រហូតឈានដល់យប់ជ្រៅទើបធ្វើតេស្តអស់គ្នា ដែលការធ្វើតស្តនេះប្រើដោយម៉ាស៊ីនទំនើបម៉ាក Rapid Test។ ជាលទ្ធផលរកឃើញស្ត្រីម្នាក់ឈ្មោះ ជិន សម្ភស្ស ជាអាជីវករលក់ត្រីនៅផ្សារកីឡដ្ឋាននេះវិជ្ជមានកូវីដ១៩ ហើយត្រូវបានគេយកទៅសម្រាកព្យាបាលរួចរាល់ហើយ។
គួរជម្រាបដែរថា ដោយសារតែឃើញពីការខិតខំប្រឹងប្រែងរបស់មន្ត្រីអាជ្ញាធរពាក់ព័ន្ធគ្រប់គ្នា ដែលបានប្រឹងប្រែងណាស់ ក្នុងការទប់ស្កាត់ជំងឺកូវីដ-១៩ មិនឱ្យរីករាលដាលខ្លាំង អភិបាលកណ្តាលលោក គង់ សោភ័ណ្ឌ បានចុះមកអរគុណដោយផ្ទាល់ ចំពោះអាជ្ញាធរពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់បានចូលរួមយ៉ាងសកម្ម ក្នុងការទប់ស្កាត់ជំងឺកូវីដ-១៩ នេះ។
លោកអភិបាលកណ្តាល បានបញ្ជាក់ថា «ខ្ញុំសូមលើកសរសើរ ចំពោះអាជ្ញាធរពាក់ព័ន្ធ គ្រប់លំដាប់ កងកម្លាំងប្រដាប់អាវុធ ប្រជាពលរដ្ឋ ដែលបាន ចូលរួមយ៉ាងសកម្ម ជាមួយរាជរដ្ឋាភិបាលក៏ដូចជាអាជ្ញាធរខេត្តកណ្តាល ក្នុងការគ្រប់គ្រងសភាពការណ៍ទប់ស្កាត់ជំងឺកូវីដ-១៩ បានទាន់ពេលវេលាមិនឱ្យឆ្លងរីករាលដាលចូលក្នុងសហគមន៍ទ្រង់ទ្រាយធំ»។
មិនតែប៉ុណ្ណោះលោកអភិបាលខេត្ត បានថ្លែងអំណរគុណ ដល់អាជ្ញាធរគ្រប់ជាន់ថ្នាក់ ដែលបានខិតខំប្រឹងប្រែង រៀបចំសណ្តាប់ធ្នាប់ របៀបរៀបរយផ្សារបណ្តោះអាសន្ន លក់បន្លែបង្ការ ផ្លែឈើត្រីសាច់ នៅកីឡដ្ឋានបាល់ទាត់ ខេត្តកណ្តាល ពិសេសបានអរគុណដល់លោកឧកញ៉ា ស្រី ចាន់ថន អគ្គនាយកក្រុមហ៊ុន ជេតស៍គ្រុប បានជួយឧបត្ថម្ភ ស្តង់ចំនួន ៤០០ស្តង់ រួមទាំងក្រុមការងារចំនួន២០នាក់ ជួយរៀបចំតម្លើងបានទាន់ពេលវេលា បង្កលក្ខណៈឱ្យអាជីវករលក់ដូរបានងាយស្រួល។
លោកអភិបាលខេត្តក៏អំពាវនាវប្រជាពលរដ្ឋ សូមគោរពអនុវត្តឱ្យខ្ជាប់ខ្ជួននូវវិធានការសុវត្ថិភាពរបស់ក្រសួងសុខាភិបាល និងវិធានការ របស់សម្តេចសម្តេចតេជោ ហ៊ុន សែន «៣ការពារ និង៣កុំ»។
លោកអភិបាលខេត្ត ក៏បានសន្យាថានឹងខិតខំប្រឹងប្រែងដើម្បីអ្នកទាំងអស់គ្នា សូមឱ្យអ្នកទាំងអស់គ្នាចូលរួមសហការជាមួយអាជ្ញាធរក្នុងបរិបទកូវីដ-១៩ ដើម្បីកំចាត់ជំងឺកូវីដ-១៩ ចេញពីសហគមន៍របស់យើង និងឈានទៅបិទបញ្ចប់ព្រឹត្តិការណ៍ ២០ កុម្ភៈ ឱ្យបានឆាប់ៗ ដើម្បីស្តារស្ថានការណ៍ នៃប្រទេសរបស់យើងវិលទៅរកសភាពដើមឡើងវិញ៕
Comments are closed, but trackbacks and pingbacks are open.