កុំចេះតែហ៊ាន!! អគ្គមេបញ្ជាការកងទ័ព បើកផ្លូវឲ្យសមត្ថកិច្ចចាត់វិធានការតាមផ្លូវច្បាប់ ចំពោះយោធាផ្កាយពីរ ស៊ុំ ពៅ ដែលរត់ពន្ធជនជាតិចិនជិត៣០នាក់ ពីភ្នំពេញទៅស្វាយរៀង
(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការកងយោធពលខេរមភូមិន្ទ បានបើកផ្លូវឲ្យសមត្ថកិច្ចខេត្ដស្វាយរៀង ចាត់វិធានការតាមផ្លូវច្បាប់យ៉ាងម៉ឺងម៉ាត់ មិនលើកលែងឲ្យនោះឡើយ ចំពោះមន្ដ្រីយោធាផ្កាយពីរ ស៊ុំ ពៅ មានតួនាទីជាអនុប្រធានក្រុមការងារស្រាវជ្រាវយុទ្ធសាស្ដ្រយោធា នៃអគ្គបញ្ជាការ ក្រោយមន្ដ្រីយោធាជាន់ខ្ពស់រូបនេះ ត្រូវបានបង្ក្រាបពាក់ព័ន្ធការរត់ពន្ធជនជាតិចិនជិត៣០នាក់ ពីភ្នំពេញ ទៅស្វាយរៀង។
ចំណាត់ការរបស់អគ្គបញ្ជាការកងទ័ពដែលអនុវត្តតាមបទបញ្ជារបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ទៅលើក្រុមមន្ដ្រីយោធាប្រព្រឹត្តិបទល្មើសក្នុងដំណាក់កាលបិទខ្ទប់ ដោយសារជំងឺកូវីដ នៅតាមរាជធានី-ខេត្តខាងលើនេះ ក្រោយពីលោកឧត្តមសេនីយ៍ផ្កាយពីរ ស៊ុំ ពៅ ត្រូវបានកម្លាំង នៃស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង ចាប់ខ្លួនកាលពីយប់ថ្ងៃទី២១ ខែមេសា ឆ្នាំ២០២១ ខណៈដែលបុគ្គលរូបនេះ បានលួចរត់ពន្ធជនជាតិចិន២៨នាក់ ពីភ្នំពេញ ទៅខេត្តស្វាយរៀង ទំនងជាចេញទៅក្រៅប្រទេស។
យោងតាមសំឡេងរបស់នាយឧត្តមសេនីយ៍ វង្ស ពិសេន ដែលត្រូវបានគេចែកចាយតាមបណ្ដាញសង្គម បានបញ្ជាក់ថា ករណីនេះនាយឧត្តមសេនីយ៍ នឹងអនុវត្តតាមវិធានការច្បាប់ដោយមិនការពារនោះឡើយ គឺអនុវត្តទៅតាមបទ បញ្ជារបស់សម្ដេចតេជោ ហ៊ុន សែន និងបើកផ្លូវឲ្យសមត្ថកិច្ចខេត្តស្វាយរៀង អនុវត្តទៅតាមនីតិវិធី។
នាយឧត្តមសេនីយ៍ វង្ស ពិសេន បានបញ្ជាយ៉ាងដូច្នេះថា «ចំពោះបុគ្គល ស៊ុំ ពៅ នេះ ធ្វើទៅតាមផ្លូវច្បាប់ទៅ។ ខ្ញុំមិនយោគយល់មិនអីទៀតទេ ព្រោះនេះមិនគោរពបទបញ្ជា ហើយអនុវត្តល្មើសច្បាប់បាត់ទៅហើយ។ អាហ្នឹងធ្វើទៅតាមហ្នឹងទៅ ធ្វើតាមផ្លូវច្បាប់ទៅ គ្មាននរណាមួយទៅពាំងអ្នកបំពានបទបញ្ជារបស់សម្តេច ខ្ញុំអត់ទទួលទេ»។
ឧត្តមសេនីយ៍ទោ ស៊ុំ ពៅ បានទទួលលិខិតបេសកកម្មមួយសន្លឹក ដែលចេញដោយឧត្តមសេនីយ៍ឯក មាស វណ្ណា ប្រធានក្រុមការងារស្រាវជ្រាវយុទ្ធសាស្ដ្រយោធា អនុញ្ញាតឲ្យធ្វើដំណើរតាមរាជធានី-ខេត្ត ចាប់ពីថ្ងៃទី០១ ខែមេសា រហូតដល់ថ្ងៃទីផុតកំណត់ទី៣០ ខែឧសភា ឆ្នាំ២០២១។
ក្រោយបានលិខិតបេសកកម្មមួយសន្លឹកនេះ ឧត្តមសេនីយ៍ទោ ស៊ុំ ពៅ បែរជាលួចរត់ពន្ធជនជាតិចិន២៨នាក់ ពីភ្នំពេញ ទៅខេត្តស្វាយរៀង ទំនងបន្ដចេញទៅក្រៅប្រទេស ប៉ុន្ដែត្រូវបានបង្ក្រាបដោយកម្លាំងសមត្ថកិច្ចនគរបាល នៅខេត្តស្វាយរៀងនោះតែម្ដង។
រហូតមកដល់រសៀលថ្ងៃទី២២ ខែមេសា ឆ្នាំ២០២១នេះ មន្ដ្រីយោធាផ្កាយពីរ និងជនជាតិចិនទាំង២៨នាក់ ស្ថិតក្រោមការសួរនាំនៅស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង ដើម្បីចាត់វិធានការតាមផ្លូវច្បាប់។
សូមបញ្ជាក់ថា កាលពីយប់ថ្ងៃទី២១ ខែមេសា ឆ្នាំ២០២១ កម្លាំងនគរបាលខេត្តកែប និងខេត្តកំពត ក៏បានបង្ក្រាបការរត់ពន្ធនាំជនជាតិវៀតណាមចំនួន៧នាក់ ពីខេត្តព្រះសីហនុ ទៅវៀតណាមផងដែរ ក្នុងនោះជនជាតិខ្មែរចំនួន៣នាក់ ក៏ត្រូវបានចាប់ខ្លួន និងកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការចាត់វិធានការតាមច្បាប់៕
Comments are closed, but trackbacks and pingbacks are open.