សូមប្រុងប្រយ័ត្ន ! អាជ្ញាធរសម្រេចបិទផ្សារសាលាលេខ៥ នៅខេត្តកំពង់ឆ្នាំង ជាបណ្ដោះអាសន្ន ក្រោយរកឃើញអាជីវករ៤នាក់ ឆ្លងជំងឺកូវីដ១៩នឹងមានអ្នកពាក់ព័ន្ធច្រើនទៀត….
(កំពង់ឆ្នាំង)៖ នៅព្រឹកថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២១នេះ ផ្សារសាលាលេខ៥ ស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ៥ ក្នុងភូមិសាលាលេខ៥ ឃុំអូរឫស្សី ស្រុកកំពង់ត្រឡាច ត្រូវបានបិទទាំងស្រុង ជាបណ្ដោះអាសន្ន បន្ទាប់ពីរកឃើញអាជីវករលក់មាស៤នាក់ មានវិជ្ជមានកូវីដ-១៩ នៅយប់ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២១។
លោកវេជ្ជបណ្ឌិត ប្រាក់ វ៉ុន ប្រធានមន្ទីរសុខាភិបាលខេត្តកំពង់ឆ្នាំង បានបញ្ជាក់ថា អាជីវករទាំង៤នាក់នោះជាស្ត្រី មានទីលំនៅក្នុងភូមិសាលាលេខ៥ ឃុំអូរឫស្សី ស្រុកកំពង់ត្រឡាច ពួកគាត់ឆ្លងជំងឺកូវីដ-១៩ មកពីបងប្រុសរបស់គេនៅផ្សារចាស់ រាជធានីភ្នំពេញ ខណៈដែលពួកគេបាន ទៅលេងបងប្រុសកន្លងមក។
ក្រោយផ្សារសាលាលេខ៥ ត្រូវបិទជាបណ្ដោះអាសន្ន មន្ដ្រីសុខាភិបាល នឹងប្រមូលអាជីវករ ដែលមានការពាក់ព័ន្ធទាំងផ្ទាល់ និងប្រយោលមកយកសំណាកទាំងអស់ផងដែរ។
សូមបញ្ជាក់ថា ស្ត្រីទាំង៤នាក់ ជាអាជីវករលក់មាស ក្នុងផ្សារសាលាលេខ៥ ដែលរកឃើញកើតជំងឺកូវីដនេះ រួមមាន៖ ទី១៖ ឈ្មោះ ផេង ម៉ាលីស អាយុ៤៧ឆ្នាំ, ទី២៖ឈ្មោះ សូត្រ ស្រីពៅ អាយុ៣០ឆ្នាំ, ទី៣៖ឈ្មោះ ភុំ រតនា អាយុ១៦ឆ្នាំ និងទី៤៖ឈ្មោះ សំរិទ្ធ សៀវម៉ី អាយុ២៧ឆ្នាំ ពួកគាត់មានទីលំនៅក្នុងភូមិសាលាលេខ៥ ឃុំអូរឫស្សី ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង។
ជាមួយគ្នានេះ លោកវេជ្ជបណ្ឌិត បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ទាំងអាជីវករលក់ដូរ ក្នុងផ្សារសាលាលេខ៥ ទាំងបងប្អូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន ដែលមានការពាក់ព័ន្ធជាមួយអាជីវករ លក់មាសទាំង៤នាក់ខាងលើនេះ សូមមេត្តាមកយកសំណាក នៅព្រឹកថ្ងៃទី២៤ ខែមេសានេះកុំបីខានឡើយ៕
Comments are closed, but trackbacks and pingbacks are open.