លែងបារម្ភរឿងខ្វះកន្លែងព្យាបាលហើយ !! ក្រសួងអនុញ្ញាត ឱ្យម្ចាស់សេវាព្យាបាលឯកជន និង សម្ភពស្របច្បាប់នៅភ្នំពេញ អាចព្យាបាលអ្នកជំងឺកូវីដ-១៩ បាន…
នៅថ្ងៃទី ២៥ ខែមេសា ឆ្នាំ ២០២១ នេះ ក្រសួងសុខាភិបាល នៃព្រះរាជាណាចក្រកម្ពុជា បានចេញសេចក្ដីប្រកាស ស្ដីពីការអនុញ្ញាតឱ្យម្ចាស់សេវាព្យាបាលឯកជន និង សម្ភពស្របច្បាប់ ក្នុងរាជធានីភ្នំពេញទាំងអស់ អាចទទួលពិនិត្យ ថែទាំ និងព្យាបាលអ្នកជំងឺកូវីដ- ១៩ ។
ក្រសួងបានបញ្ជាក់ថា ការសម្រេចបែបនេះ ដើម្បីជួយសម្រាលបន្ទុករបស់មន្ទីរពេទ្យរដ្ឋ ។ អាស្រ័យហេតុនេះ សេវាព្យាបាលឯកជន និង សម្ភពស្របច្បាប់ក្នុងរាជធានីភ្នំពេញទាំងអស់អាចទទួលពិនិត្យ ថែទាំ និង ព្យាបាលអ្នកជំងឺកូវីដ-១៩ ដោយត្រូវស្នើសុំការអនុញ្ញាតច្បាប់មកក្រសួង តាមរយៈនាយកដ្ឋានមន្ទីរពេទ្យ និង ត្រូវគោរពតាមលក្ខខណ្ឌទាំង ១១ ដូចខាងក្រោម៖
១. មានទីតាំងមូលដ្ឋានសុខាភិបាលឯកជនសមស្រប
២. មានផ្លូវ និង ចំណតរថយន្តសមស្រប
៣. មានរថយន្តគិលានសង្គ្រោះ ដែលមានបំពាក់សម្ភារៈវេជ្ជសាស្ត្រគ្រប់គ្រាន់
៤. មានបន្ទប់សមស្របដាក់អ្នកជំងឺព្យាបាល ដោយរក្សាសុវត្ថិភាពគ្រប់គ្រាន់
៥. មានបន្ទប់សង្គ្រោះបន្ទាន់ មានបំពាក់សម្ភារៈ បរិក្ខារពេទ្យសមស្រប
៦. មានគ្រូពេទ្យ និង បុគ្គលិកគ្រប់គ្រាន់បានបណ្តុះបណ្តាលត្រឹមត្រូវ
៧. មានបន្ទប់ពិសោធន៍វេជ្ជសាស្ត្រទូទៅ មានឧបករណ៍ សម្ភារៈសមស្រប
៨. មានឧបករណ៍ សម្ភារៈ បរិក្ខារ រូបភាពវេជ្ជសាស្ត្រសមស្រប
៩. មានប្រព័ន្ធគ្រប់គ្រងការបង្ការ និង ត្រួតពិនិត្យការចម្លងរោគអនុវត្តតាមគោលការណែនាំរបស់ក្រសួងសុខាភិបាល
១០. មានប្រព័ន្ធគ្រប់គ្រងសំណល់វេជ្ជសាស្ត
១១. ផ្ដល់របាយការណ៍ទៀងទាត់ និង ទាន់ពេលវេលាមកក្រសួងសុខាភិបាល ៕
Comments are closed, but trackbacks and pingbacks are open.