មិនចាំយូ!! សន្ដិសុខឯកជនម្នាក់នៅតំបន់បឹងកក់ ដែលដេញ និងប្រើហិង្សាលើអ្នកលក់បន្លែមិនឲ្យលក់នៅកន្លែងខ្លួនការពារ ត្រូវសមត្ថកិច្ចឃាត់ខ្លួនមកសួរនាំ និងធ្វើកិច្ចសន្យាអប់រំ
(ភ្នំពេញ)៖ នាយកដ្ឋានគ្រប់គ្រងសន្ដិសុខឯកជន នៃអគ្គស្នងការដ្ឋាននគរបាលជាតិ នៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២១នេះ បានហៅសន្ដិសុខម្នាក់មកធ្វើការសួរនាំ និងធ្វើកិច្ចសន្យាអប់រំ ក្រោយប្រព្រឹត្តសកម្មភាពមិនគួរគប្បីដោយបានដេញ និងប្រើប្រាស់អំពើហិង្សាលើអាជីវករលក់បន្លែ នៅតំបន់បឹងកក់ ជាកន្លែងដែលរូបគេកំពុងយាមកាម។
ហេតុការណ៍អំពើហិង្សានេះ បានកើតឡើងនៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២១ ដោយឈ្មោះ ដូង ពុំ ភេទប្រុស អាយុ៣៣ឆ្នាំ មុខរបរ សន្តិសុខរបស់ក្រុមហ៊ុន PPCC ទីលំនៅបច្ចុប្បន្ន ភូមិទទួលចាន់ ឃុំពពេល ស្រុកពញាក្រែក ខេត្តកំពង់ចាម បានធ្វើសកម្មភាពហិង្សាទៅលើប្រជាពលរដ្ឋដែលជាអ្នកលក់បន្លែ នៅចំណុចបរិវេណក្រុមហ៊ុនស្ថិតនៅភូមិ៣ សង្កាត់ស្រះចក ខណ្ឌដូនពេញ។
ក្រោយទទួលបានព័ត៌មាននេះ លោកឧត្តមសេនីយ៍ឯក លឹម សុខារស្មី ប្រធាននាយកដ្ឋានគ្រប់គ្រងសន្ដិសុខឯកជន បានចាត់មន្ត្រីជំនាញ នៃនាយកដ្ឋាន សហការជាមួយស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ធ្វើការស្រាវជ្រាវភ្លាមៗ។
ជាលទ្ធផល មន្ត្រីការិយាល័យស៊ើបអង្កេត និងអនុវត្តនីតិវិធី នៃនាយកដ្ឋានគ្រប់គ្រងសន្តិសុខឯកជន បានកោះហៅឈ្មោះ ដូង ពុំ អាយុ៣៣ឆ្នាំ ដើម្បីធ្វើការសួរនាំ។ នៅចំពោះមុខសមត្ថកិច្ច សន្តិសុខឯកជនរូបនេះបានបំភ្លឺថា គឺពិតជាមានករណីប្រព្រឹត្តអំពើហិង្សា ជាមួយប្រជាពលរដ្ឋជាអ្នកលក់បន្លែចល័តនោះពិតប្រាកដមែន។
សន្តិសុខរូបនេះបានបញ្ជាក់បន្ថែមថា មុនឈានដល់ប្រព្រឹត្តិសកម្មភាពហិង្សា ខ្លួនបានហាមឃាត់អាជីវករលក់បន្លែចល័ត មិនឲ្យចូលលក់នៅក្នុងបរិវេនបឹងកក់ ដែលជាតំបន់ហាមឃាត់ និងប៉ះពាល់ដល់បរិវេណឃ្លាំងទំនិញ ដែលខ្លួនកំពុងយាមនោះផង ប៉ុន្តែអាជីវកររូបនោះមិនស្តាប់ នៅតែចចេសបន្តចូលលក់ ទើបឈានដល់ហិង្សាវាយប្រតប់គ្នាតែម្តង ប៉ុន្តែមិនបង្កឲ្យមានរបួសស្នាមធ្ងន់ធ្ងរនោះទេ។
បន្ទាប់ពីកើតហេតុរួច អាជីវករលក់បន្លែបានធ្វើដំណើរចាកចេញពីកន្លែងកើតហេតុ ដោយពុំមានការប្តឹងផ្ដល់គ្នាទៅវិញទៅមកនោះឡើយ។ ក្រោយពីការសាកសួររួច មន្ត្រីជំនាញរបស់នាយកដ្ឋាន និងសមត្ថកិច្ច នៃស្នងការដ្ឋានរាជធានីភ្នំពេញ បានធ្វើការអប់រំ ណែនាំ និងធ្វើកិច្ចសន្យាឲ្យឈប់ប្រព្រឹត្តអំពើហិង្សាលើប្រជាពលរដ្ឋបន្តទៀត៕
Comments are closed, but trackbacks and pingbacks are open.