ដំណឹង!! ក្រោយបញ្ចប់ការបិទខ្ទប់ថ្ងៃទី៥ ឧសភា សាលាក្រុងប្រកាសថា តំបន់មួយចំនួនត្រូវ…
នៅក្រោយថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២១ខាងមុខ គឺជាថ្ងៃដែលរាជរដ្ឋាភិបាលបញ្ចប់ការបិទខ្ទប់រាជធានីភ្នំពេញ ក៏ដូចជាបញ្ចប់ ការបិទខ្ទប់ច្រកចេញចូលតាមបណ្តាខេត្តនៅទូទាំងប្រទេស ប៉ុន្តែសម្រាប់ភ្នំពេញក្រោយបញ្ចប់ការបិទខ្ទប់ នៅតែរក្សាតំបន់៣ដដែលនោះគឺតំបន់លឿង តំបន់លឿងទុំ និងតំបន់ក្រហម ដើម្បីបង្ការទប់ស្កាត់នូវជំងឺកូវីដ១៩ គ្រាន់តែបង្រួមតំបន់លឿងទុំ និងតំបន់ក្រហម មកនៅតូចជាងមុនប៉ុណ្ណោះ។
យោងតាមប្រភពព័ត៌មានពី អភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង បានបញ្ជាក់ថា រាជរដ្ឋាភិបាលនឹងបើកឱ្យធ្វើចរាចរណ៍ឡើងវិញនៅទូទាំងប្រទេស ពីតំបន់មួយទៅតំបន់មួយពីខេត្តមួយ ទៅខេត្តមួយនៅថ្ងៃទី៦ ខែឧសភា។ ប៉ុន្តែសម្រាប់ភ្នំពេញ នៅរក្សាតំបន់ ៣ដដែលគឺតំបន់លឿង តំបន់លឿងទុំ និងតំបន់ក្រហម ដោយលោកជំរុញឲ្យអាជ្ញាធរខណ្ឌ កងកម្លាំងមានសមត្ថកិច្ច ត្រូវពង្រឹងឲ្យបានម៉ត់ចត់ទៅលើទីតាំងដែលបានកំណត់ ចៀសវាងការបន្តរីកររាលដាលជម្ងឺកូវីដ១៩ ទៅតំបន់ផ្សេងទៀត។
លោក ឃួង ស្រេង បានបញ្ជាក់ថា «កិច្ចប្រជុំគណៈបញ្ជាការឯកភាពនាព្រឹកនេះ មានគោលបំណង ដើម្បីរៀបចំយន្តការថ្មីមួយទៀត ក្រោយពីរាជរដ្ឋាភិបាលបើកការធ្វើចរាចរណ៍នៅក្នុងរាជធានីភ្នំពេញ ដូចជា នៅតាមខេត្តនានាឡើងវិញ ដោយយើងនឹងសេចក្តីសម្រេចនានាជាបន្តបន្ទាប់ទៀត ជុំវិញការបិទខ្ទប់តំបន់នានាក្នុងរាជធានីភ្នំពេញ»។
លោកបានបន្តទៀតថា «ចំពោះតំបន់លឿង យើងនៅរក្សាការអនុវត្តវិធានការដដែល ដោយមិនឲ្យបើកហាងហូបចុក ដែលមានតុអង្គុយ និងការជួបជុំ។ ដោយឡែកសម្រាប់តំបន់លឿងទុំ ត្រូវរក្សានូវបម្រាមដដែល ហើយសម្រាប់តំបន់ក្រហម គឺជាតំបន់ដែលត្រូវបិទខ្ទប់ឲ្យបានម៉ឺងម៉ាត់បំផុត។ អ្វីដែលយើងត្រូវអនុវត្ត គឺយើងត្រូវបង្រួមការបិទខ្ទប់ តំបន់ប្រឈមឲ្យមកនៅទ្រង់ទ្រាយតូចជាងមុន»។
ចំណែកលោក កើត ឆែ អភិបាលរង រាជធានីភ្នំពេញ ក៏បានបញ្ជាក់នៅក្នុងកិច្ចប្រជុំនោះផងដែរថា វិធានការណ៍បិទខ្ទប់របស់រាជរដ្ឋាភិបាល នឹងបញ្ចប់នៅថ្ងៃទី៥ ខែឧសភា ខាងមុខនេះមានន័យថា យើងមិនមែនបើករាជធានីភ្នំពេញទាំងស្រុងនោះទេ ដោយយើងខ្លាចមានការរាលដាលជំងឺកូវីដ១៩ នេះទៅតំបន់ផ្សេងទៀត។
លោកថា «មកដល់ពេលនេះ ការរីករាលដាលឆ្លងជំងឺកូវីដ១៩ នៅមានចំនួនរាប់រយនាក់នៅឡើយទេ។ ដូច្នេះក្រោយថ្ងៃ៥ ខែឧសភា ការបិទខ្ទប់តំបន់មួយចំនួន គឺនៅរក្សាដដែលជាមួយនឹងការហាមប្រាម ការធ្វើចរាចរណ៍នៅតំបន់មួយចំនួន ហាមប្រាម ការបើកហាងផឹកស៊ី។ អាជ្ញាធរខណ្ឌនីមួយៗត្រូវតែ ពិនិត្យភូមិសាស្ត្ររបស់ខ្លួនឲ្យបានច្បាស់លាស់ ជុំវិញទីតាំងដែលត្រូវបិទបន្ត ហើយចំពោះសេចក្តីសម្រេចនានា រដ្ឋបាលនឹងចេញដើម្បីអនុវត្តជាបន្តបន្ទាប់ទៀត»៕
Comments are closed, but trackbacks and pingbacks are open.