កំពូលមនុស្សលេីលោក! ផឹកស្រាសុខៗភ្នាល់គ្នាជាមួយបងខ្លួនឯងបើនរណាខ្លាំងដុតផ្ទះចោលហើយនាំគ្នាទៅនៅវត្ត
តាកែវ ៖ ជនសង្ស័យជាបងប្អូនបង្កើតនឹងគ្នាចំនួន២នាក់ត្រូវបានឪពុកបង្កើតរបស់ខ្លួនរាយការណ៍អោយកំលាំងនគរបាលប៉ុស្កិ៍រដ្ឋបាលធ្វើការចាប់ខ្លួនបានភ្លាមៗ ខណៈពេលដែលជនសង្ស័យបានផឹកស៊ីស្រវឹងទាំង២នាក់ រួចហើយក៏បាននាំគ្នាភ្នាល់ដោយ ដុតផ្ទះ ។
ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង១២ និង៤០នាទីថ្ងៃត្រង់ ថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២១ ក្នុងភូមិជាវប្តីខាងកើត ឃុំតាអូ ស្រុកគីរីវង់ ខេត្តតាកែវ ។
លោកវរសេនីយឯក យ៉ុគ សារ៉ាត់ អធិការនគរបាលស្រុកគីរីវង់បានអោយដឹងថា ក្រោយពីទទួលបានព័ត៌មានពីឪពុកថា មានករណីកូនៗផឹកស្រវឹងហើយដុតផ្ទះខ្លួនឯងឆេះអស់រួចមក លោកក៏បានរាយការជូនលោកស្នងការនគរបាលខេត្តរួចលោកក៏បានបញ្ជាមក និងដោយមានការសម្របសម្រួលនិតិវិធីពីលោក ជីវ ចាន់តារា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត នោះលោកបានដឹកនាំកម្លាំចុះចាប់ខ្លួនបានជនសង្ស័យចំនួន២នាក់ ដោយប្អូនឈ្មោះ ម៉ុស ក្រង់ ភេទប្រុស អាយុ ២៦ឆ្នាំ រស់នៅភូមិឃុំខាងលើកត្រូវជាប្អូន នឹងជាអ្នកដុតផ្ទាល់ ហើយម្នាក់ទៀតមានឈ្មោះ ម៉ុស បុល ហៅតយ ភេទប្រុស អាយុ៣៥ឆ្នាំ រស់នៅផ្ទះជាមួយគ្នា ។
លោកអធិការនគរបាលស្រុកបានបន្តទៀតថា មុនពេលកើតហេតុជនសង្ស័យទាំង២នាក់បងប្អូនបានផឹកស៊ីជាមួយគ្នា អស់ស្រាថ្នាំប្រមាណជាង២លីត្រក៏បានបែកគំនិតដោយពួកគេបាននិយាយភ្នាល់គ្នាថា បើសិនជាយើងដុតផ្ទះចោលហើយនាំគ្នាទៅនៅវត្តភ្លាមៗ នោះជនសង្ស័យជាប្អូនស្ទុះទៅយកដែកកេះដុតផ្ទះអោយឆេះស្ទើទាំងស្រុង បើទោះបីជាមានបងប្អូនប្រជាពលរដ្ឋក្នុងភូមិនាំដងទឹកជួយពន្លត់យ៉ាងណាក៏មិនទាន់ដែរ គឺឆេះអស់នៅសល់តែស័ង្ហសី និងសរសរតែប៉ុណ្ណោះ ។ ក្រោយកើតហេតុឪពុកជនសង្ស័យក៏បានរាយការណ៍អោយនគរបាលអោយឃាត់ខ្លួនតែម្តង ។
នៅចំពោះមុខសមត្ថកិច្ចពួកគេបាននិយាយសារភាពថា ពួកគេពិតជាផឹកស្រាថ្នាំស្រវឹងរួចនិយាយភ្នាល់គ្នាដុតផ្ទះខ្លួនឯងពិតប្រាកដមែន ។
បច្ចុប្បន្ន ជនសង្ស័យទាំង២នាក់ត្រូវបានកំលាំងជំនាញកំពុងកសាងសំណុំរឿង បញ្ជូនទៅតុលាការ៕
Comments are closed, but trackbacks and pingbacks are open.