ល្អខ្លាំងណាស់!! លោក កើត ឆែ៖ ចាប់ពីស្អែកទៅរាជធានីភ្នំពេញ សឹងតែគ្មានតំបន់ក្រហមទៀតទេ ដោយសារអ្នកឆ្លងកូវីដ១៩ថយចុះ
(ភ្នំពេញ)៖ លោក កើត ឆែ អភិបាលរងរាជធានីភ្នំពេញ នៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២១នេះ បានថ្លែងប្រាប់បណ្តាញព័ត៌មាន Fresh News ឲ្យដឹងថា ចាប់ពីថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២១ស្អែកទៅ ភូមិសាស្ត្ររាជធានីភ្នំពេញ នឹងកំណត់ឲ្យសឹងតែគ្មានជាតំបន់ក្រហមទៀតទេ (បើមានក៏មានតួចតិចបំផុត) ដោយសារចំនួនអ្នកឆ្លងកូវីដ១៩ បានថយចុះជាបន្តបន្ទាប់។
បើតាមលោក កើត ឆែ, សម្រាប់ផ្សាររដ្ឋ និងផ្សារមិនរៀបរយមួយចំនួន រដ្ឋបាលរាជធានីភ្នំពេញ ក៏នឹងបើកកិច្ចប្រជុំនៅថ្ងៃទី២១ ខែឧសភាខាងមុខ សម្រេចឲ្យបើកដំណើរការឡើងវិញ ជាបន្តបន្ទាប់ផងដែរ ប៉ុន្តែសម្រាប់តែការលក់ដូរទំនិញដែលចាំបាច់ និងមានតម្រូវការតែប៉ុណ្ណោះ ហើយនឹងតម្រូវឲ្យមានការគោរតាមវិធានសុខាភិបាល។
កន្លងមក ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ ក្នុងព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ រដ្ឋបាលរាជធានីភ្នំពេញ បានដាក់ចេញវិធានការកំណត់តំបន់៣ រួមមាន តំបន់ក្រហម
សម្រាប់ទីតាំងមានការឆ្លងខ្លាំង តំបន់លឿងទុំ សម្រាប់ទីតាំងមានការឆ្លងមធ្យម និងតំបន់លឿង សម្រាប់ទីតាំងមានការឆ្លងតិចតួច។ វិធានការនេះ បានជួយឲ្យការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ មានប្រសិទ្ធភាព ពោលអត្រាអ្នកឆ្លងជំងឺកូវីដ១៩ ក្នុងរាជធានីភ្នំពេញ បានថយចុះជាលំដាប់។
សូមជម្រាបថា គិតត្រឹមព្រឹកថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២១ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន ២២,៨៨៩នាក់ ក្នុងនោះអ្នកជាសះស្បើយសរុបចំនួន ១៤,៣៤៣នាក់ និងស្លាប់សរុបចំនួន ១៥៦នាក់។ ព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ ជាព្រឹត្តិការណ៍ ដែលធ្វើឲ្យមានការឆ្លងកូវីដ១៩ ខ្លាំងក្លាបំផុត៕
Comments are closed, but trackbacks and pingbacks are open.