ហាយសូរ Poh និង Robert បួសមិនបានប៉ុន្មានផង ស្រាប់តែ Tack Pharunyoo ចេញមុខពន្លះមិនសំចៃមាត់
កាលពីថ្ងៃទី ១៦ ខែមីនា ឆ្នាំ ២០២២ កន្លងទៅនេះ ហាយសូរ Poh និង Robert បានបួសបែបព្រាហ្មណ៍រួចរាល់ជាផ្លូវការ ក្នុងន័យឧទ្ទិសបុណ្យកុសលឱ្យដល់តារាសម្តែងស្រី Tangmo នាកន្លែងប្រតិបត្តិធម៌មួយកន្លែងនាខេត្តរ៉ាឆៈបុរី ជាសាខារបស់ថាម៉ៃ តែការបួសនេះហាក់មិនបានធ្វើឱ្យមហាជនរំសាយកំហឹងដែលឆាបឆួលនោះទេ។
ក្នុងនោះ អ្នកទាំងពីរនេះ ត្រូវបំបួសដោយចៅអធិការវត្តថាម៉ៃផ្ទាល់ ហើយនៅក្នុងថ្ងៃដដែលបន្ទាប់ពីបំបួសពួកគេហើយ ខាងកម្មវិធីសម្ភាសរបស់លោក Num Kanchai ក៏បាននិមន្តចៅអធិការវត្ត និង ជំនួយការមួយអង្គទៀត ឡើងទៅជជែក។
ក្នុងនោះជំនួយការរបស់ចៅអធិការវត្ត បានទម្លាយឱ្យដឹងថា តាមពិតទៅខ្លួនបានស្គាល់គ្នាជាមួយនឹងហាយសូរ Poh ជាង ១៦ ឆ្នាំមកហើយ ព្រោះតែធ្លាប់មានរឿងក្តីក្តាំងជាមួយគ្នា ដោយលោកធ្លាប់ដេញបាញ់ហាយសូរ Poh នៅផាត់ថាយ៉ា កាលមិនទាន់បួស ដោយសារតែមានទំនាស់រវាងក្រុមបងតូចបងធំ ហើយទើបមកជួបគ្នាម្តងទៀត នៅពេលដែល Poh មកសុំបួសនេះ។
មិនយូរប៉ុន្មានក្រោយពីដឹងរឿងនេះហើយ ស្រាប់តែតារាសម្តែងប្រុសលោក Tack Pharunyoo ក៏បានបង្ហោះសារ ក្នុងន័យបែបឌឺដងទៅវិញ នៅក្នុងបណ្តាញ IG របស់ខ្លួនថា ៖ «បួសយ៉ាងម៉េចឱ្យជួបអ្នកដែលធ្លាប់មានរឿងជាមួយគ្នា ឡូយខ្លាំងហ្មងវ៉ើយ មានទាំងរឿងក្នុងក្រុមទៀត នេះមើលទៅវាសម្តែងតែម្តង មានលួចកែសាច់រឿងខ្លះទេ ពេលដើរធុតុង្គជាមួយគ្នា» ។
យ៉ាងណាមិញ មិនត្រឹមតែតារាប្រុស Tack ប៉ុណ្ណោះទេ ដែលក្តៅក្រហាយហួសចិត្តនោះ សូម្បីតែមហាជនក៏នៅមិនសុខដូចគ្នា ពោលគឺមើលទៅការបួសរបស់ហាយសូរទាំងពីរនេះ ពិតមិនបានបុណ្យនោះទេ ព្រោះមហាជនរោមប្រទិចខ្លាំងណាស់៕
Comments are closed, but trackbacks and pingbacks are open.